ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស សង្ស័យ​ដឹក​ទំនិញគេចពន្ធ សំពីងសំពោង​លើស​ទម្ងន់ កំពុង​បំផ្លាញ​ផ្លូវ​នៅ​ស្រុក​ច​ន្ទ្រា

2 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប ធុន​យក្ស ដឹក​ទំនិញ​លើស​ទម្ងន់ សំពីងសំពោង ខ្ពស់កប់ពពក សង្ស័យ​ជា​ទំនិញគេចពន្ធ ហើយ​បើកបរ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​តាម​ជនបទ បង្ក​ឲ្យ​បាក់​ស្រុត​បែក​ល្បាប់​ភក់…

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប ធុន​យក្ស ដឹក​ទំនិញ​លើស​ទម្ងន់ សំពីងសំពោង ខ្ពស់កប់ពពក សង្ស័យ​ជា​ទំនិញគេចពន្ធ ហើយ​បើកបរ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​តាម​ជនបទ បង្ក​ឲ្យ​បាក់​ស្រុត​បែក​ល្បាប់​ភក់ ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ជា​ពិសេស​សិស្សានុសិស្ស​ធ្វើ​ដំណើរ​តាម​កង់​ម៉ូតូ​ទៅ​សាលារៀន បណ្តាល​ឲ្យ​រអិល​ដួល​ប្រឡាក់​សំលៀក​បំពាក់ និង​សម្ភារ​សិក្សា​អស់ ហើយ​ពេល​មាន​អ្នកជំងឺ ឬ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ទៅ​មណ្ឌល​សុខភាព សម្រាល គឺ​ពិបាកធ្វើ​ដំណើរ​ខ្លាំង​ណាស់ នៅ​ពេល​យប់ ។ អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ មានការ​ព្រួយបារម្ភ​ពី​សុ​វត្ថ​ភាព​គ្រោះថ្នាក់ រអិល​ដួល នេះ​បើ​តាម​ប្រជាពលរដ្ឋ បាន​លើក​ឡើង​នៅ​វេលា​ម៉ោង​១១​និ​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅ​ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា ។

បើ​តាម​សមត្ថកិច្ច បាន​បង្ហើប​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​ជា​ច្រើន​គ្រឿង​នោះ បាន​ដឹក​ទំនិញ​លើស​ទម្ងន់ ត​ទ្រុង​ខ្ពស់ ធ្វើ​ចរាចរ​ណ៏​លើ​ដងផ្លូវ បណ្តាល​ឲ្យ​បាក់​ស្រុត​ផ្លូវ ក្លាយជា​រណ្តៅ​សំបុកមាន់ បែក​ល្បាប់​ភក់ បង្ក​ឲ្យ​រអិល ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង នៅ​រដូវវស្សា​នេះ ។
ដោយឡែក ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ផ្លូវ​នេះ គឺជា​ផ្លូវ​ក្រាល​កៅស៊ូ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កសាង​ពី​ផ្សារ​ជី​ភូ មក​សាលាស្រុក​ច​ន្ទ្រា និង​បន្ត​ពី​សាលាស្រុក​ច​ន្ទ្រា កាត់​តាម​ឃុំ​សំរោង ឃុំ​ទួល​ស្តី និង​ឃុំ​ច​ន្ទ្រា ដោយសារ​តែ​មាន​ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន​យក្ស ដឹក​ទំនិញ​ធ្ងន់​ៗ បណ្តាល​ឲ្យ​ស្រុត​ផ្លូវ ក្រាល​កៅស៊ូ​ទាំងស្រុង គឺ​របើក​កៅស៊ូ​អស់ ក្លាយទៅជា​ផ្លូវ​ដី កាលពី​ខែប្រាំង​ដី​ហុយ ពេល​រដូវវស្សា មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ ក្លាយជា​ល្បាប់​ដីឥដ្ឋ បង្ក​ឲ្យ​រអិល ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ផ្លូវ​ខូច​ចាប់ពី​ភូមិ​ទួល​ស្តី​ឃុំ​ទួល​ស្តី ភូមិ​សែន រហូត​ដល់​ភូមិ​គោក​តែ​ក ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា ។

ប្រភព​បន្ត​ថា រថយន្ត​ធុន​យក្ស ដឹក​ទំនិញ​ទាំង​យប់ ទាំង​ថ្ងៃ យក​ទៅ​សាង​នៅ​ច្រករបៀង ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន ទួល​ស្តី និង​ច្រករបៀង​នៃ​ប៉ុស្តិ៍​នគ​បាល​វរៈ​ការពារ​ព្រំដែន​គោក​តែ​ក សង្ស័យ​ជា​ទំនិញគេចពន្ធ ត្រៀម​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម មិនដឹង​ថា ជា​ទំនិញ​អ្វីខ្លះ​ទេ​។

មហាជន​បាន​លើក​ឡើង​ថា រថយន្ត​ធុន​យក្ស​ទាំងនេះ ដឹក​ទំនិញ​មក​រាល់ថ្ងៃ សង្ស័យ​ថា​ជា​ទំនិញគេចពន្ធ មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា ពិនិត្យ និង​បង្ក្រាប​ឡើយ ឬ​ក៏​ជា​ឆ្នាំងបាយ ?

ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​វរសេនីយ៍ យ៉​ន សុផល ប្រធាន​វរៈ​ការពារ​ព្រំដែន​លេខ​៦០៩ បាន​ទេ ដោយសារ​អ្នក​សារព័ត៌មាន​យើង​ទូរ​សព្ទ​ជា​ច្រើន​លើក ក៏​ប៉ុន្តែ​មិន​អាច​ទំនាក់ទំនង​បាន ។

ចំណែកឯ លោក​ប្រធាន​ទីស្នាក់ការ​គយ និង​រដ្ឋាករ សាខា​ខេត្តស្វាយរៀង ក៏​មិន​អាច​ទំនាក់ទំនង​បាន​ដែរ ។ មហាជន​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្តស្វាយរៀង មេត្តា​ពិនិត្យ​ដោះស្រាយ​បញ្ហា​រថយន្ត​ធុន​យក្ស ដឹក​ទំនិញ​បំផ្លាញ​ផ្លូវ ក្រាល​កៅស៊ូ ១​ខ្សែ​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ស្រុក​ច​ន្ទ្រា ឲ្យ​បាន​ធ្វើ​ដំណើរ​ស្រួល​ផង ៕

អត្ថបទសរសេរ ដោយ