ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរត្បាញកន្ត្រងប្រហុក អ្នក​ឃុំគោកបន្ទាយ ស្រុករលាប្អៀរ អាចរកចំណូលបង្កើនជីវភាពប្រចាំថ្ងៃ

2 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ «កន្ត្រងប្រហុក» គឺជាវត្ថុប្រើប្រាស់ម៉្យាងធ្វើពីឬស្សីមានទំហំប្រម៉ាណប៉ុនក្តាប់ដៃ

ខេត្តកំពង់ឆ្នាំង ៖ «កន្ត្រងប្រហុក» គឺជាវត្ថុប្រើប្រាស់ម៉្យាងធ្វើពីឬស្សីមានទំហំប្រម៉ាណប៉ុនក្តាប់ដៃមនុស្សចាស់។ របស់នេះគេប្រើសម្រាប់ដាក់ប្រហុក ជ្រុំទៅក្នុងឆ្នាំងសម្ល ដែលជាទីពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរទូរទៅ ប្រមាណ៩០ភាគរយ បាននិយមចូលចិត្តបរិភោគប្រហុកស្ទើរប្រចាំថ្ងៃ។

សម្រាប់ការជ្រុំប្រហុកនៅក្នុងឆ្នាំងសម្លរពេលទឹកកំពុងពុះ គឺឱ្យ​សាច់ប្រហុករលាយអស់ សល់តែឆ្អឹង ទើបគេយកទៅគោះចេញ ទុកតែក្លិន​សម្រាប់ស្លប៉ុណ្ណោះ។ បច្ចុប្បន្នមុខរបរត្បាញកន្ត្រងប្រហុក គឺជាទីពេញនិយមរបស់អ្នក​ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ក្រៅពីការងារស្រែចំការ គឺបានប្រកាន់ខ្ជាប់ ប្រពៃណីពីដូនតា គឺការត្បាញកន្ត្រង ប្រហុកដើម្បីបង្កើនចំណូលគ្រួសារ ។

លោកយាយ​ឈ្មោះ ជុំ ហាន អាយុ​៧១​ឆ្នាំ រស់នៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ បាននិយាយថា សព្វថ្ងៃ ក្រៅពីមុខរបរធ្វើស្រែចម្ការ គាត់តែងតែឆ្លៀតធ្វើកន្ត្រងប្រហុកលក់ ដើម្បីជួយផ្គត់ផ្គង់ជីវភាព ដែលការងារនេះគឺគាត់បានចេះតៗគ្នាតាំងពីដូនតា។ បច្ចុប្បន្ននេះ អ្នកភូមិប្រមាណ ៧០% បានប្រកបមុខរបរនេះ ដូចៗគ្នា ។ ដើម្បីធ្វើជាកន្ត្រងប្រហុកបាន គឺត្រូវទិញដើមឬស្សី យកមកអារកាត់ជាកង់ៗ បន្ទាប់មកពុះជ្រៀក ជាចំរៀកតូចៗ និងបិតវាអោយស្អាត ទើបយកមក ត្បាញជាកន្ត្រងប្រហុក។

ក្រោយពេលត្បាញកើតជាកន្ត្រងប្រហុកហើយ ត្រូវធ្វើកណ្ដាប់ចងដៃវា ហើយត្រូវប្រមូលវាយកទៅឆ្អើរភ្លើង ឱ្យ​ឡើងពណ៌ក្រម៉ៅ ការពារមិនឲ្យមេស៊ី និងមានពណ៌ស្រស់ស្អាតផងដែរ ។ ពេលលទ្ឋផលបានសម្រេចហើយទើបយកមកចងជាដុំៗ (ក្នុង១ដុំមានចំនួន១០កន្ត្រងប្រហុក) ទុកលក់បោះដុំលក់ឱ្យម៉ូយ ដែលគេមកទទួលទិញដល់ផ្ទះ ។ ចំពោះរូបគាត់ក្នុងមួយថ្ងៃគាត់អាចធ្វើបានកន្ត្រងប្រហុកបានជាង១០កន្ត្រងប្រហុក ហើយបើគិតជាខែ ក្នុង១ខែ គាត់ត្បាញបានប្រមាណជាង៤០០កន្ត្រងប្រហុក ដែលតម្លៃលក់ចេញបោះ ដុំអោយម៉ូយ ថ្លៃ៧០០រៀល ក្នុងកន្ត្រងប្រហុក១ ។

ចំណែកស្រ្តីឈ្មោះ មួន សំ អាយុ​៥៥ឆ្នាំ ដែលកំពុងធ្វើបានឲ្យដឹងដែរថា ក្នុងមួយថ្ងៃបើធ្វើជាប់គាត់អាចធ្វើបានពី​២០ ទៅ២៥​កន្ក្រង ឬច្រើនជាងនេះបន្តិច បើចំពេលតម្រូវទីផ្សារច្រើន ។ បច្ចុប្បន្ន អ្នកត្បាញកន្ត្រងប្រហុកនៅក្នុង ឃុំគោកបន្ទាយ មានចំនួន៤ភូមិ គឺ​ភូមិពាលពក ភូមិទ្រនាមពេច ភូមិមានជ័យ និងភូមិគោកបន្ទាយ ។ កន្ត្រងប្រហុកដែលត្បាញបាន ត្រូវឈ្មួញមកទទួលទិញដល់ៗផ្ទះ និងយកទៅលក់បន្តនៅក្រុងប៉ោយប៉ែត ដែលមានឈ្មួញចាំទិញយកទៅលក់ក្នុងប្រទេសថៃ ។ បើតាមគាត់បានដឹងពីឈ្មួញប្រាប់ថា ក្រៅពីយកទៅធ្វើជាកន្ត្រងសម្រាប់ត្រងប្រហុក ជនជាតិថៃខ្លះបានទិញ យកទៅកែឆ្នៃថែមពណ៌ដាក់ផ្កា សម្រាប់ដាក់តាំងលំអរផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ