ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តចិនកំពុងដណ្តើមទីផ្សាររថយន្តជប៉ុន និងអាមេរិកនៅកម្ពុជា

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​បរទេស​កំពុង​តែ​តែ​ប្រណាំងប្រជែង​គ្នា​ក្នុង​ទីផ្សារ​ដំឡើងរថយន្ត​នៅ​កម្ពុជា ពិសេស ​គឺ​រថយន្ត​ចិន ជប៉ុន អា​មេ​រិ​ក និង​កូរ៉េ ដោយ​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម​ធុន​ធ្ងន់ ។…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​បរទេស​កំពុង​តែ​តែ​ប្រណាំងប្រជែង​គ្នា​ក្នុង​ទីផ្សារ​ដំឡើងរថយន្ត​នៅ​កម្ពុជា ពិសេស ​គឺ​រថយន្ត​ចិន ជប៉ុន អា​មេ​រិ​ក និង​កូរ៉េ ដោយ​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម​ធុន​ធ្ងន់ ។

អ្នកជំនាញ​សេដ្ឋ​កម្ពុជា​និយាយ​ថា កម្ពុជា​បាន​កំពុង​តែ​ស្ថិត​នៅ​លើ​វិ​ថី​បោះ​ជំហាន​ទៅ​រក​ឧស្សាហកម្ម​ធន់​ធ្ងន់ ស្រប​ពេល​ដែល​ឧស្សាហកម្ម​ដំឡើងរថយន្ត​នៅ​កម្ពុជា​បាន​ហក់​ចូល​មក​ក្នុង​ប្រទេស​បណ្តើរ​ៗ ។ លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា បានឱ្យ​ដឹង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ដំឡើងរថយន្ត​ជា​បន្តបន្ទាប់​នៅ​កម្ពុជា ជា​ការ​វិនិយោគ​ឧស្សាហកម្ម​ធន់​ធ្ងន់​នៅ​ក្នុង​ប្រទេស ហើយ​ប្រសិនបើ​ឈាន​ដល់​ការ​ផលិត​គ្រឿងបន្លាស់ និង​ដំឡើង​ទាំងស្រុង​នៅ​កម្ពុជា​នោះ​នឹង​រឹតតែ​ប្រសើរ ។

លោក​បណ្ឌិត ហុង វណ្ណៈ បានឱ្យ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព ដឹង​ថា «​កន្លង​ទៅ​ក្រុមហ៊ុន ៦ (​ក្រុមហ៊ុន​ដំឡើងរថយន្ត​ទាំងអស់​) ដែល​បាន​ដំណើរការ​នៅ​កម្ពុជា​ភាគច្រើន​មាន​តែ​ក្រុមហ៊ុន ដំឡើងរថយន្ត​ទេ នាំ​ស្ពែ​ផាត (​គ្រឿងបន្លាស់​) ទាំងអស់ គឺ​ផលិត​ពី​ក្រៅប្រទេស​មក​ដំឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​យើង​បាន​តែ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​យើង​ទេ ចំណែក​ថ្លៃ​រថយន្ត​ជាដើម​នៅ​មិន​ទាន់​មានការ​ថមថយ​ឡើយ ។ ហើយ​មួយទៀត​រដ្ឋ​យើង​ទទួល​បាន​ចំណូល​ពី​ការ​បង់ពន្ធ​លើ​ប៉ាតង់​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​នេះ​ជាដើម​» ។

រូបតំណាង

លោក​បណ្ឌិត ហុង វណ្ណៈ បន្ថែម​ថា ប្រសិនបើ​ក្រុមហ៊ុន​ចិន​មាន​ចំណាប់អារម្មណ៍ ក្នុង​ការ​បណ្តាក់ទុន​នៅ​កម្ពុជា​នោះ​ជា​ការ​ប្រសើរ ហើយ​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​លក្ខខណ្ឌ​វិនិយោគ​ល្អ​នៅ​កម្ពុជា និង​ទីផ្សារ​នៅ​កម្ពុជា ។ លោក​បណ្ឌិត បន្ត​ថា «​បច្ចុប្បន្ន​រថយន្ត​ចិន​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​កម្ពុជា ហើយ​ក៏​មានការ​ចាប់អារម្មណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង​កាន់តែ​ច្រើន​ទៅ ។ បើ​យើង​ពិនិត្យ​មើល​លើ​ចរន្ត​នៃ​ការ​ចរាចរណ៍​រថយន្ត​ចិន​នៅ​ទីផ្សារ​ពិភពលោក​ក៏​យើង​ឃើញ​ថា មានការ​ចាប់អារម្មណ៍​ពី​ទីផ្សារ​ទាំងអស់​នោះ​ដែរ ទាំង​នៅ​អាស៊ី ទាំង​នៅ​អឺរ៉ុប មាន​ចរាចរណ៍​ទីផ្សារ​រថយន្ត​ចិន​» ។

លោក​បណ្ឌិត ហុង វណ្ណៈ បន្ថែម​ថា បច្ចុប្បន្ន​នេះ​រថយន្ត​ចិន​អាច​ប្រកួតប្រជែង​ជាមួយ​រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន អឺរ៉ុប និង​ប្រទេស​ដទៃ​ជា​ច្រើន ។ ហើយ​គុណភាព​រថយន្ត​ចិន​នេះ​ក៏​អាច​ទទួលយក​បាន​ដែរ ។ សម្រាប់​ប្រទេស​កម្ពុជា​វិញ​មាន​ចរាចរណ៍​រថយន្ត​ចិន ហើយ​រថយន្ត​ចិន​ជា​ច្រើន​ក៏​បាន​យក​មក​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ជា​ច្រើន​ផង​ដែរ ។ លោក​បណ្ឌិត បន្ថែម​ថា «​បើសិនណា​ជា​ម៉ាក​រថយន្ត​ដែល​មាននៅ​កម្ពុជា ដែល​ចរាចរណ៍​នៅ​កម្ពុជា​បច្ចុប្បន្ន បង្កើត​រោងចក្រ​ទៅ​ទៀត​នោះ អា​ណឹ​ង​កម្ពុជា ប្រជាជន​កម្ពុជា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សម្រេចចិត្ត​ប្រើប្រាស់​រថយន្ត​ចិន​ណឹ​ង​មួយ​កម្រិត​ទៀត​ផង​ដែរ​» ។

បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​រោងចក្រ​ដំឡើងរថយន្ត​ចំនួន ៦ រួច​មក​ហើយ ដែល រួម​មាន ក្រុមហ៊ុន​ដេ​ហាន់ ដំឡើងរថយន្ត​សាន់​យុង (Ssangyong), ក្រុមហ៊ុន​ហ៊ី​យ៉ា​ន​ដាយ (Hyundai), ក្រុមហ៊ុន គៀ (HGB Motors Assembly manufacturing Kia), ក្រុមហ៊ុន RMA Automotive ដំឡើងរថយន្ត Ford, ក្រុមហ៊ុន GTV Motor ផលិត​រថយន្ត​ម៉ាក​ក្នុងស្រុក GTV និង Toyota Tsusho Manufacturing (Cambodia) ដំឡើង Fortuner និង Hilux ។ ហើយ​ក្រៅពី​នោះ​ក៏​នៅ​មាន​រោងចក្រ​ដំឡើងរថយន្ត​មួយ​ចំនួន​ដែល​កំពុង​តែ​ប្រតិបត្តិការ ដែល​រួម​មាន​ដូច​ជា ក្រុមហ៊ុន K Cambodia (Isuzu), ក្រុមហ៊ុន China Matrix Technology Group-Horche និង ក្រុមហ៊ុន EM Automotive ជាដើម ។ ដោយឡែក​ក្រុមហ៊ុន BVD ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គី​ស​នី​ដ៏​ល្បីល្បាញ​របស់​ចិន ក៏​មាន​គម្រោង​ដំឡើង​នៅ​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ