ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់ណាស់! ម្ចាស់ចម្ការជីកដីប៉ះគ្រាប់ ផ្ទុះលាន់ផ្អើលភូមិ

2 ថ្ងៃ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ បុរសចំណាស់ជា​ម្ចាស់ចម្ការម្នាក់បានស្លា.ប់ ដោយ​បំណែកខ្លួនប្រាណប៉ើងរប៉ាត់រប៉ាយ

ខេត្តត្បូងឃ្មុំ ៖ បុរសចំណាស់ជា​ម្ចាស់ចម្ការម្នាក់បានស្លា.ប់ ដោយ​បំណែកខ្លួនប្រាណប៉ើងរប៉ាត់រប៉ាយមើលសព​លែងស្គាល់​ បន្ទាប់ពីជនរងគ្រោះជិះដីប៉ះគ្រាប់ បណ្តាល​ឱ្យ​ផ្ទុះលាន់យ៉ាង​ទ្រឹង នៅចំណុចចំការឬសី្សពីងពង់ អូតាលី ស្ថិត​ក្នុងភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ជាប់ព្រំដែនប្រទេសវៀតណាម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥៨​នាទីព្រឹកថ្ងៃទី១ កក្កដា ឆ្នាំ ២០២៤ ​។ ហើយ​គ្រាប់​ដែល​ផ្ទុះនេះគឺជាប្រភេទគ្រាប់​ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹង​កាលពី​រសៀលថ្ងៃទី៣ កក្កដា ម្សិលមិញនេះថា បុរសចំណាស់ជាម្ចាស់​ចំការដែលស្លា.ប់ដោយផ្ទុះ​គ្រាប់ខាងលើ​នោះឈ្មោះឡេង ឋាន អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ​ខាងលើ​។ ​ក្រោយឮសំឡេងផ្ទុះ បាន​​ធ្វើ​ឱ្យ​កូនចៅរបស់ជនរងគ្រោះ ដែល​កំពុងធ្វើចម្ការនៅមិនឆ្ងាយ​ពីកន្លែងកើតហេតុ​នោះភ្ញាក់ផ្អើល រួមទាំងបងប្អូនប្រជាកសិករផ្សេងទៀតផងដែរ ​ប៉ុន្តែ​ភ្លាមៗនោះមិនមាននរណាម្នាក់ហ៊ានចូលទៅកន្លែងផ្ទុះគ្រាប់នោះ​ឡើយ។

សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តឲ្យដឹងទៀតថា ដីចម្ការខាងលើនេះ ​ត្រូវបាន​​​ជនរងគ្រោះ​ជា​ម្ចាស់ចម្ការបង្កបង្កើនផលតាំងពីក្នុងអំឡុងឆ្នាំ១៩៨០-១៩៨១ បន្តរហូតមកដល់សព្វថ្ងៃនេះ មិនមានបញ្ហាណាមួយកើតឡើងនោះទេ ។ ស្រាប់តែ​នៅវេលាម៉ោង១១និង៥៨​នាទីព្រឹកថ្ងៃទី០១កក្កដា ឆ្នាំ ២០២៤ ​ខណៈ​ជនរងគ្រោះជាម្ចាស់ចម្ការ​រូប​នោះ​បានជីកដី ដើម្បីដាំបង្គោលព្រំរបងការពារ​កុំឲ្យសត្វ​គោចូលស៊ីផលដំណាំ ​ខណៈពេលដែលកំពុងតែជីកដី​នោះក៏ប៉ះគ្រាប់ បណ្តាល​ឱ្យ​ផ្ទុះ​លាន់ភូមិតែម្ដង។

សូមបញ្ជាក់ថា នៅ​ចំណុចទីតាំងផ្ទុះគ្រាប់ខាងលើ​នេះ ធ្លាប់មានប្រជាពលរដ្ឋរងគ្រោះប៉ុន្មាននាក់មកហើយតាំងពីក្រោយឆ្នាំ១៩៧៩ គឺខានផ្ទុះរយៈពេលជាង៣០ឆ្នាំ ទើបតែផ្ទុះនៅ​លើកនេះទេ។

សមាជិកក្រុមគ្រួសារអ្នករងគ្រោះមិនមាននរណាម្នាក់ហ៊ានចូលទៅយកសពនោះទេ ព្រោះខ្លាចគ្រាប់ផ្សេងទៀតផ្ទុះឡើង។ បន្ទាប់មកលោកវរសេនីយ៍ឯកថាញ់ សុវ៉ាត អធិការនគរបាលស្រុកពញាក្រែក បានទាក់ទងទៅលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដោយមានការស្នើសុំពីកម្លាំងស៊ីម៉ាក
ឱ្យចុះមករាវរកគ្រាប់នារសៀលថ្ងៃកើតហេតុដែរ តែមិនប្រទះឃើញគ្រាប់ផ្សេងទៀតនោះទេ ។ ទើបអនុញ្ញាតឱ្យក្រុមសាច់ញាតិដើរប្រមូលយកបំណែកសាកសពបានប្រមាណ១កញ្ចប់យកមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។

​ទាក់ទិននឹងករណីខាងលើនេះដែរ សមត្ថកិច្ចមូលដ្ឋាននិងជំនាញស៊ីម៉ាក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ បើប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ សូមប្រញាប់រាយការណ៍​ជូនអាជ្ញាធរមូលដ្ឋានចៀសវាងកុំប៉ះគ្រាប់នោះ ​អាច​បណ្ដាលឲ្យផ្ទុះប៉ះពាល់ដល់អាយុជីវិត។

នៅលើទឹកដីខេត្ត​ត្បូងឃ្មុំមួយរយៈចុងក្រោយនេះ ក្រៅពីប្រភេទគ្រាប់​ដែល​ផ្ទុះនេះ គឺមានគ្រាប់ប្រភេទMK82 ទម្លាក់ពីលើយន្តហោះក្នុងសម័យសង្គ្រាម ត្រូវបានជំនាញស៊ីម៉ាក់ រកឃើញនិងយកទៅបន្សាប ដើម្បីចៀស​វាងកុំឱ្យ​គ្រោះថ្នាក់ដល់ប្រជា​ពលរដ្ឋ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ