ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ចរាចរណ៍ ចង់​លុប​បំបាត់​ពាក្យ​គ្រោះថ្នាក់​ចរាចរណ៍ “​អាធំ​ចាំតែ​ខុស អាតូច​ដឹង​តែ​ពី​ត្រូវ​”

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញចរាចរណ៍ បាន​ពន្យល់​ច្បាស់​ៗ អំពី​បច្ចេកទេស​វាស់វែង និង​ស្រាវជ្រាវ ដោយ​ចង់​លុប​បំបាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍ «​អាធំ ចាំតែ​ខុស អាតូច…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញចរាចរណ៍ បាន​ពន្យល់​ច្បាស់​ៗ អំពី​បច្ចេកទេស​វាស់វែង និង​ស្រាវជ្រាវ ដោយ​ចង់​លុប​បំបាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍ «​អាធំ ចាំតែ​ខុស អាតូច ដឹង​តែ​ពី​ត្រូវ ?​» ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន រៀបចំ​ដោយ​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ឧត្តមសេនីយ៍ឯក ចេ​វ ហាក់ អគ្គស្នងការ​រង ទទួល​ផែន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ពន្យល់​ច្បាស់ អំពី​បច្ចេកទេស​នៃ​ការ​កសាង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​ការ​វាស់វែង និង​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ ដោយ​ផ្អែក​លើ​អង្គហេតុ ដែល​បាន​កើតឡើង ពោល​គឺ​គ្មាន​ឡើយ​ការ​ប្រកាន់​ទស្សនៈ បែប​សន្មត់​ថា «​អាធំ​ចាំតែ​ខុស អាតូច​ដឹង​តែ​ពី​ត្រូវ​» ដូចដែល​មហាជន​មួយ​ចំនួន​បាន​និយាយ​ត​ៗ គ្នា​នោះ​ឡើយ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ចេ​វ ហាក់ ការ​សន្មត់​ថា «​អាធំ​ចាំ តែ​ខុស អាតូច ដឹង​តែ​ពី​ត្រូវ​» គឺជា​ការ​យល់​ខុស បណ្ដាល​មក​ពី​កង្វះ​ការ​យល់​ដឹង លើ​ការ​បំពេញ​តួនាទី​របស់​មន្ត្រី​ជំនាញ ដូច​ជា​ការ​ចុះ​ទៅ​វាស់វែង ការ​ស្រាវជ្រាវ ការ​ធ្វើ​របាយការណ៍ និង​ការ​រៀបចំ​សំណុំរឿង នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង ។

លោក​ឧត្តមសេនីយ៍ឯក បញ្ជាក់​ថា «​ខ្ញុំ​សូម​បញ្ជាក់​ជូន​សាធារណជន​ថា គ្រោះថ្នាក់​ចរាចរណ៍​ជា​រឿង​សត្យា​នុ​ម័ត គឺ​ហេតុ​បែប​ណា ផល​បែប​ហ្នឹង​! អ៊ីចឹង​សមត្ថកិច្ច​មិនមែន​អនុវត្ត​ដូច​គាត់​ថា ឡាន​ធំ ដឹង​តែ​ពី​ខុស​នោះ​ទេ​! អង្គហេតុ នៃ​គ្រោះថ្នាក់ នឹង​បញ្ជាក់​ច្បាស់​ថា គ្រោះថ្នាក់​វា​កើតឡើង​យ៉ាងម៉េច ?​» ។

តើ​មន្ត្រី​នគរបាល​ចរាចរណ៍​កសាង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងដូចម្ដេច ? លោក​ឧត្តមសេនីយ៍ឯក ចេ​វ ហាក់ បាន​បញ្ជាក់​ត្រួស​ៗ​ថា មាន​ឯកសារ​ចំនួន ៣៦ ដែល​មន្ត្រី​ត្រូវ​បំពេញ ជា​អាទិ៍ ស្ថានភាព នៃ​ការ​បើកបរ ការ​ប្រើប្រាស់​បណ្ណ​បើកបរ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​គ្រឿងញៀន រួម​ទាំង​ការ​ធ្វើតេស្ត និង​ការ​វាស់វែង​នៅ​ហ្នឹង​កន្លែង​ជាដើម ។

លោក​ឧត្តមសេនីយឯក បន្ថែម​ថា «​ការ​វាស់វែង គឺ​ដើម្បី​ដឹង​ថា គាត់​បើកបរ​ត្រឹមត្រូវ ឬ​អត់ ? ចូល​ចំណែក​ផ្លូវ​គេ ឬ​អត់ ? ប្រើ​ល្បឿន​កម្រិត​ណា ? ដើម្បី​ដឹង​ពី​ល្បឿន​បើកបរ សមត្ថកិច្ច នឹង​គណនា​ទំហំ នៃ​ការ​ខូចខាត ស្នាម​ហ្វ្រាំង​លើ​ផ្លូវ​ក៏​អាច​គណនា​ដឹង​ពី​ល្បឿន​ដែរ គឺ​មិន​ដូច​បងប្អូន​ថា ឡាន​ធំ ដឹង​តែ​ខុស​នោះ​ទេ​» ។

ទន្ទឹម​នឹង​ភាព​ច្បាស់លាស់ នៃ​ការ​បំពេញ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មន្ត្រី​ជំនាញ លោក​ឧត្តមសេនីយ៍ឯក ចេ​វ ហាក់ ក៏​បាន​ព្រលយ​ឱ្យ​ដែរ​ថា នៅ​ពេល​ឡើង​ដល់​ស្ថាប័ន​តុលាការ ចៅក្រម ក៏​មិន​សម្រេចសេចក្ដី អាស្រ័យ​លើ​យានយន្ត​តូច ឬ​ធំ​នោះ​ដែរ ពោល​គឺ​ការ​វិនិច្ឆ័យ ក៏​ផ្អែក​លើ​អង្គហេតុ ដែល​សមត្ថកិច្ច​បាន​កសាង​បញ្ជូន​ទៅ រួម​ទាំង​ការ​ប្រមូល​ព័ត៌មាន​ពី​សាក្សី និង​ភស្តុ​តាង​ពាក់ព័ន្ធ ។

លោក​បន្ត​ថា «​ទន្ទឹម​នេះ ក្នុង​ចំណែក នៃ​ការ​បង្កើន​ភាព​ច្បាស់លាស់ យើង​ក៏​អាច​ប្រមូល​ព័ត៌មាន​ចេញពី​កាមេរ៉ា​សុវត្ថិភាព និង​កាមេរ៉ា​បំពាក់​តាម​យានយន្ត ទាំង​យានយន្ត​ជួប​គ្រោះថ្នាក់ និង​យានយន្ត​ផ្សេង​ទៀត​ដែល​ឆ្លងកាត់​» ៕

អត្ថបទសរសេរ ដោយ