ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​អាមេរិក​កា.ត់​ទោ.ស​តម្រឹម​ឱ្យ​​ម្ចាស់​គេហ​ទំព័រ Wikileak ​មាន​សេរី​ភាព​ឡើង​វិញ

5 ខែ មុន

ទី​ក្រុង​ស៊ីដនី៖ ​នៅ​ទី​បំផុត​ ម្ចាស់​គេ​ហ​ទំព័រ​វីឃី​លីក​ (Wikileak) ដែល​ផ្សព្វ​ផ្សាយ​ឯកសារ​សម្ងាត់​​របស់​ប្រទេស​អាមេរិក​​កាល​ពី​អតីត​កាល​នោះ​ត្រូវ​ចៅក្រម​នៃ​តុលាការ​អាមេរិក​​ដោះ​លែង​ឱ្យ​​​មាន​សេរី​ភាព​​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ គាត់​ត្រូវ​អាជ្ញាធរ​អាមេរិក​ចង់​ចាប់​ខ្លួន​តាំង​ពី​យូរ​មក​ហើយ​​ដើម្បី​កាត់​ទោស​​ពី​បទ​​​ផ្សព្វ​ផ្សាយ​ឯក​សារ​សម្ងាត់​របស់​យោធា​អាមេរិក​។ ចាប់​ពី​ពេល​នេះ​ត​ទៅ, លោក​ជូន​លាន​ អាសាង (Julian…

ទី​ក្រុង​ស៊ីដនី៖ ​នៅ​ទី​បំផុត​ ម្ចាស់​គេ​ហ​ទំព័រ​វីឃី​លីក​ (Wikileak) ដែល​ផ្សព្វ​ផ្សាយ​ឯកសារ​សម្ងាត់​​របស់​ប្រទេស​អាមេរិក​​កាល​ពី​អតីត​កាល​នោះ​ត្រូវ​ចៅក្រម​នៃ​តុលាការ​អាមេរិក​​ដោះ​លែង​ឱ្យ​​​មាន​សេរី​ភាព​​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ គាត់​ត្រូវ​អាជ្ញាធរ​អាមេរិក​ចង់​ចាប់​ខ្លួន​តាំង​ពី​យូរ​មក​ហើយ​​ដើម្បី​កាត់​ទោស​​ពី​បទ​​​ផ្សព្វ​ផ្សាយ​ឯក​សារ​សម្ងាត់​របស់​យោធា​អាមេរិក​។

ចាប់​ពី​ពេល​នេះ​ត​ទៅ, លោក​ជូន​លាន​ អាសាង (Julian Assange)​ អាច​ធ្វើ​ដំណើរ​​​​ដោយ​សេរី​ដោយ​គ្មាន​ការ​តាម​ចាប់​ចង​ត​ទៅ​ទៀតឡើយ​​។ នេះ​បើ​​តាម​ការ​ប្រកាស​​របស់​ចៅ​ក្រម​​​តុលាការ​កោះ​ម៉ារីយ៉ាន​ខាង​ជើង (Northern Mariana Islands) ​ដែល​ជា​ដែន​ដី​របស់​អាមេរិក​នៅ​ក្រៅ​ប្រទេស​។ មុន​ពេល​​​ដោះ​លែង​, ​អូស្ត្រាលី និង​អាមេរិក​បាន​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​ដើម្បី​បញ្ចប់​សំណុំ​រឿង​ចោទប្រកាន់​លោក​អាសាង​​។ ប៉ុន្តែ​អាមេរិក​បាន​ដាក់​លក្ខ​ខណ្ឌ​ឱ្យ​លោក​អាសាង​ទទួល​​ស្គាល់​ទោស​កំហុស​របស់​ខ្លួន​។

នៅ​ក្នុង​បន្ទប់​សវនា​ការ​ លោ​កអាសាង​​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​កំហុស​១​ករណី​​ពី​បទ​​ទទួល​ឯក​សារ​សម្ងាត់​ពាក់​ព័ន្ធ​នឹង​វិស័យ​ការ​ពារ​ជាតិ​អាមេរិក​​ និង​ផ្សព្វ​ផ្សាយ​ឯក​សារ​ទាំង​នោះ​នៅ​លើ​គេហ​ទំព័រ​របស់​គាត់​​ឈ្មោះ​វីឃីលីក​ (Wikileak)។ លោក​អាសាង​ដែល​មាន​វ័យ​៥២​ឆ្នាំ​រូប​នេះ​​​ថ្លែង​ថា​ «ក្នុង​នាម​ជា​អ្នក​កាសែត​ម្នាក់​, គាត់​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រភព​ដែល​ផ្ដល់​ដំណឹង​ឱ្យ​គាត់​ខិត​ខំ​​បញ្ចេញ​ឯក​សារ​សម្ងាត់​»។ ចាប់​តាំង​ពី​ឆ្នាំ​២០១០ លោក​អាសាង​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​របស់​គាត់​នូវ​ឯក​សារ​សម្ងាត់​រាប់​សែន​ទំព័រ​។ កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ លោក​អាសាង​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធ​នា​គារ​អង់គ្លេស​។

ថ្ងៃ​នេះ តុលាការ​បាន​កាត់​ទោស​ឱ្យ​គាត់​ជាប់​ពន្ធ​នា​គារ​៥​ឆ្នាំ និង​២​ខែ​។​ ប៉ុន្តែ​ទោស​នេះ​សន្មត​ថា​គាត់​បាន​អនុវត្ត​ចប់​សព្វ​គ្រប់​អស់​ហើយ​​​នៅ​ពេល​គាត់​ជាប់​ឃុំ​នៅ​អង់គ្លេស​ដើម្បី​រង់​ចាំ​ធ្វើ​បត្យាប័ន​ទៅ​ប្រទេស​អាមេរិក​។ ដូច្នេះ មាន​ន័យ​ថា​តុលាការ​កាត់​ទោស​តម្រឹម​ដើម្បី​ឱ្យ​​គាត់​រួច​ខ្លួន​ត្រឹម​ហ្នឹង​ចុះ​។ អាសាង​មើល​ទៅ​មាន​អារម្មណ៍​ហត់​នឿយ​ខ្លាំង​គួរ​សម​ដែរ​ ជា​ពិសេស​ ហត់​នឿយ​ផ្លូវ​ចិត្ត​ណាស់។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​គាត់​អាច​មាន​អារម្មណ៍​ធូរ​ទ្រូង​បន្ទាប់​ពី​ស្ដាប់​សេចក្ដី​ប្រកាស​របស់​ចៅ​ក្រម​។​

មូល​ហេតុ​ដែល​ប្រទេស​អាមេរិក​ជ្រើស​រើស​យក​ការ​កាត់​ទោស​លោក​អាសាង​នៅ​លើ​កោះ​ម៉ារីយ៉ានខាងជើង​​​ដោយ​សារ​​គាត់​មិន​ព្រម​ធ្វើ​ដំណើរ​ទៅ​កាត់​ទោស​នៅ​ប្រទេស​អាមេរិក​ទេ​។ ម៉្យាង​ទៀត​ បើ​ដឹក​គាត់​ទៅ​អាមេរិក​ក៏​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​ពេក​ពី​ប្រទេស​អូស្ត្រាលី​។ នេះ​បើ​​តាម​ការ​បញ្ជាក់​របស់​តុលាការ​។ ក្រោយ​ការ​សម្រេច​ថ្ងៃ​នេះ លោក​អាសាង​នឹង​ជិះ​យន្ត​ហោះ​ទៅ​រដ្ឋ​ធានី​កង់​ប៊ែរ៉ា (Canberra) ប្រទេស​អូស្ត្រាលី​។ នេះ​បើ​យោ​ងតាម​ការ​បញ្ជាក់​របស់​​ក្រុម​ការ​ងារ​​វីឃីលីក​​នៅ​លើ​បណ្ដាញ​ទ្វីត​ថឺ​។​​

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​ថ្លែង​ថា​​​ការ​បិទ​បញ្ចប់​សំណុំ​រឿង​នេះ​ដោយ​ភ្ជាប់​លក្ខ​ខណ្ឌ​ទទួល​ស្គាល់​ទោស​កំហុស​របស់​ជន​ជាប់​ចោទ​អាច​ចាត់​ទុក​​ជា​ដំណឹង​ល្អ​។ គ្រាន់​តែ​ថា​សំណុំ​រឿង​នេះ​ហាក់​ដូច​ជា​អូស​បន្លាយ​ពេល​វេលា​យូរ​ពេក​ហើយ​។ លោក​យល់​ថា​បើ​ទុក​ជា​គេ​ឃុំ​ឃាំង​លោក​អាសាង​​យូរ​ត​ទៅ​ទៀត​ក៏​គ្មាន​បាន​ទទួល​ផល​ប្រយោជន៍​អ្វី​ដែរ​។ គេ​ដឹង​ថា​ប្រទេស​អាមេរិក​ចោទ​ប្រកាន់​ធ្ងន់​ៗ​ណាស់​ចំពោះ​លោក​អាសាង​។ បើ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​, គាត់​អាច​នឹង​ជាប់​ពន្ធ​នា​គារ​​១៧៥​ឆ្នាំ​។​

លោក​អាសាង​មាន​ទាំង​អ្នក​ស្អប់​ និ​ងអ្នក​ស្រឡាញ់​។ សម្រាប់​អ្នក​ដែល​ស្រឡាញ់​សិទ្ធិ​សេរី​ភាព​ខាង​សារ​ព័ត៌​មាន និង​ការ​បញ្ចេញ​មតិ​ ពួក​គេ​ចាត់​ទុក​លោក​អាសាង​ដូច​ជា​វីរ​បុរស​​​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​បញ្ចេញ​ឯក​សារ​សម្ងាត់ ពួក​​គេ​យល់​ថា​គាត់​ជា​មនុស្ស​ចង្រៃរក​លេខ​ដាក់​គ្មាន​។ ពួក​គេ​យល់​ថា​ទង្វើ​របស់​គាត់​​បង្ក​​គ្រោះ​ថ្នាក់​ចំពោះ​សន្តិ​សុខ​ជាតិ​ និង​វិស័យ​ស៊ើប​ការណ៍​សម្ងាត់​របស់​ប្រទេស​អាមេរិក​។

អាជ្ញាធរ​អាមេរិក​ចង់​​នាំ​ខ្លួន​លោក​អាសាង​ឡើង​តុលាការ​ពី​បទ​​​ផ្សព្វ​ផ្សាយ​ឯក​សារ​សម្ងាត់​​អំពី​យុទ្ធ​នា​ការ​យោធា​នៅ​​​​អ៊ីរ៉ាក់ និង​អាហ្វ​ហ្កានីស្ថាន។ លោក​អាសាង​ធ្លាប់​រស់​នៅក្នុង​ស្ថាន​ទូត​ប្រទេស​អេ​ក្វាឌ័រ​ប្រចាំ​ប្រទេស​អង់​គ្លេស​រយៈ​ពេល​៧​ឆ្នាំ​​ដើម្បី​គេ​ច​ចេញ​ពី​ការ​ចាប់​ខ្លួន​​បញ្ជូន​ទៅ​​​​ស៊ុយ​អែត​ដើម្បី​កាត់​ទោស​​ពី​បទ​សង្ស័យ​​ថា​គាត់​បាន​បៀត​បៀន​កេរ​ខ្មាស​​នារី​មួយ​ចំនួន​។ ប៉ុន្តែ​ក្រោយ​មក​ ការ​ចោទ​ប្រកាន់​នោះ​ត្រូវ​គេ​ទម្លាក់​ចោល​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ