ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម ចុះ​វាយតម្លៃ​លទ្ធផល នៃ​ការ​អន្តរាគមន៍​លើ​ការ​កម្ចាត់​ដង្កូវ​ហ្វូង នៅ​ខេត្តពោធិ៍សាត់

3 ថ្ងៃ មុន

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ លោក ឃឹម ហ្វី​ណ​ង់ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម ទទួល​បន្ទុក​ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ លោក ឃឹម ហ្វី​ណ​ង់ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម ទទួល​បន្ទុក​ខេត្តពោធិ៍សាត់ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ វាយតម្លៃ​លទ្ធផល នៃ​ការ​អន្តរាគមន៍ និង​នាំ​យក​ដ្រូ​ន ដើម្បី​បាញ់ថ្នាំ​កសិកម្ម​កម្ចាត់​ដង្កូវ​ហ្វូង បង្ហាញ​ប្រជា​កសិករ នៅ​ភូមិ​ត្បែង​ជ្រុំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ប្រធាន​មន្ទីរ​កសិកម្ម មន្ត្រី​កសិកម្ម​ឃុំ និង​អាជ្ញាធរ​មូលដ្ឋាន ។

ការ​បន្ត​ចុះ​ពិនិត្យ​អន្តរាគមន៍​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​សិក្សា និង​វាយតម្លៃ​លើ​ការ​រាតត្បាត​របស់​ដង្កូវ​ហ្វូង ហើយ​ណែនាំ​ដល់​ប្រជា​កសិករ​ដែល​ចូលរួម​ប្រមាណ​ជិត​២០០​គ្រួសារ អំពី​របៀប​ប្រើ​ថ្នាំ​កសិកម្ម​បាញ់​ក​ម្ចាស់​ដង្កូវ ក្នុង​តម្លៃ​សមរម្យ ហើយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ ស្រប​តាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ។

មន្ត្រី​ជំនាញ ​បញ្ជាក់​ថា ខេត្តពោធិ៍សាត់ រង​ផល​ប៉ះពាល់​ដោយសារ​ដង្កូវ​ហ្វូង​បំផ្លាញ​ដំណាំ​ស្រូវ​ប្រជា​កសិករ​តិច​ជាងគេ ក្នុង​ចំណោម​១៥ខេត្តផ្សេង​ទៀត ដោយសារ​មានការ​ទប់ស្កាត់​បាន​ទាន់​ពេល ធ្វើ​ឱ្យ​កាត់​ផ្តាច់​ការ​វាយលុក និង​ការ​រីក​រាលដាល​របស់​ដង្កូវ ទាំង​តំបន់​ដែល​ដង្កូវ​វាយលុក និង​តំបន់​ផ្សេង​ៗ​ដែល​កសិករ​បាញ់ថ្នាំ​កសិកម្ម​ទប់ស្កាត់ ។

ទោះជា​យ៉ាងណា លោក ឃឹម ហ្វី​ណ​ង់ ក៏​អំពាវនាវ​ទៅ​ដល់​កសិករ​ទាំងអស់ ត្រូវ​ចុះ​ពិនិត្យ​ស្រែ​ជា​ប្រចាំ ដោយសារ​បច្ចុប្បន្ន​នេះ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ផ្ទុះ​ឡើង​នៅ​ដង្កូវ​ហ្វូង​នៅឡើយ​។ បើសិនជា​ប្រជា​កសិករ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចុះ​ពិនិត្យ​ឱ្យ​បាន​ទាន់​ពេល​ទេ ដង្កូវ​ហ្វូង​នោះ​អាច​បំផ្លាញ​ដំណាំ​ស្រូវ ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​អស់​តែ​ម្តង ។

លោក​បន្ថែម​ថា បើ​ប្រជា​កសិករ​ជួប​ប្រទះ និង​ដង្កូវ​បំផ្លាញ​ដំណាំ​ស្រូវ ត្រូវ​រាយការណ៍ ឬ​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ឬ​អាច​ទំនាក់ទំនង​ទៅ​មន្ត្រី​កសិកម្ម​នៅ​តាម​ឃុំ​-​ស្រុក ដើម្បី​ឱ្យ​ពួក​គាត់​ជួយ​ផ្តល់​ការ​ណែនាំ​ផ្នែក​បច្ចេកទេស ឬ​របៀប នៃ​ការ​ជ្រើសរើស​ថ្នាំ​សម្រាប់​បាញ់​សម្លាប់​ដង្កូវ​នោះ​ផង​ដែរ ។

បើ​មិន​មានការ​ប្រែប្រួល​ទេ លោក​បញ្ជាក់​ថា តាម​ការ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី ចាប់ពី​ថ្ងៃនេះ ថ្ងៃស្អែក និង​ថ្ងៃ​បន្តបន្ទាប់​ទៀត ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​ក្រុមការងារ​ក្រសួង រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ទូ​ទាំង​ប្រទេស នៅ​តែ​បន្ត​ចុះ​យ៉ាង​សស្រាក់សស្រាំ​យ​ទៅ​គ្រប់​ទីតាំង ដែល​មានការ​ផ្ទុះ​រាតត្បាត​ដង្កូវ​ហ្វូង​បំផ្លាញ់​ដំណាំ​ស្រូវ ដើម្បី​ធ្វើការ​ណែនាំ​អំពី​របៀប​ប្រើប្រាស់​ថ្នាំ​កសិកម្ម​កម្ចាត់​ដង្កូវ​ហ្វូង​ជូន​ប្រជា​កសិកម្ម​ឱ្យ​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ