ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនចង់ឱ្យ EU លុបចោលការដំឡើងពន្ធខ្ពស់ លើ ឡាន​អគ្គិសនីខ្លួន និងគោរពច្បាប់ WTO

3 ខែ មុន

ទីក្រុងប៉េកាំង ៖ យោងតាមប្រភពពីសារព័ត៌មាន CNBC របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែ

ទីក្រុងប៉េកាំង ៖ យោងតាមប្រភពពីសារព័ត៌មាន CNBC របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានស្រង់ប្រភពពីកាសែតរដ្ឋចិន Global Times កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា ប្រទេសចិនចង់ឱ្យសហភាពអឺរ៉ុប ឬ EU លុបចោលការសម្រេចចិត្តរបស់ពួកគេ សម្រាប់ការដំឡើងពន្ធបណ្តោះអាសន្នលើរថយន្តអគ្គិសនីចិន បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមធ្វើកិច្ចចរចាថ្មីមួយ។ គួររំលឹកថា ក្រុមហ៊ុនរថយន្តចិនស្នើរដ្ឋាភិបាល ចាត់វិធានការដំឡើងពន្ធលើ EU ជាការសងសឹ.ក

រដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងលោក Valdis Dombrovskis អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុបបានយល់ព្រម ចាប់ផ្តើមពិភាក្សាលើការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនពីរដ្ឋាភិបាលចិន លើបណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន តបតាមការចោទប្រកាន់របស់សហភាពអឺរ៉ុប។

កាសែត Global Times បានរាយការណ៍ដោយស្រង់សម្តីអ្នកសង្កេតការណ៍ថា លទ្ធផលដ៏ល្អដែលចិនចង់បានពីគណៈកម្មការអឺរ៉ុប គឺលុបចោលការសម្រេចចិត្តដំឡើងពន្ធលើរថយន្តអគ្គិសនីចិន ចាប់ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ តទៅ ហើយប្រកាន់ខ្ជាប់នូវច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ របាយការណ៍បន្ថែមថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបគឺធំធេងខ្លាំងណាស់ ហើយភាគីទាំងពីរបានពឹងផ្អែកលើគ្នាទៅវិញទៅមក។

គួរបញ្ជាក់ កាលពីដើមខែមិថុនានេះ គណៈកម្មាការអឺរ៉ុបបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា EU នឹងដំឡើងពន្ធបណ្តោះអាសន្នរហូតដល់ ៣៨.១% លើការនាំចូលរថយន្តអគ្គិសនីចិន ដោយចាប់ផ្តើមនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ តទៅ ប្រសិនបើការពិភាក្សាជាមួយនឹងអាជ្ញាធរចិន មិនទទួលបានលទ្ធផលជាដំណោះស្រាយ។ ការសម្រេចនេះ គឺជាការបន្ថែមលើពន្ធស្តង់ដារ ១០% ដែលបានដាក់រួចហើយលើរថយន្តអគ្គិសនីនាំចូលពីចិន។

ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី១៤ ខែមិថុនា កន្លងទៅ បានប្រកាសថា ប្រទេសចិនបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះចំណាត់ការពន្ធគយរបស់សហភាពអឺរ៉ុប ហើយវិធានការនេះ គឺជាការគាំពារនិយមហួសហេតុឥតលាក់លៀម ហើយអាចបំពាននឹងច្បាប់អង្គការពាណិជ្ជកម្មពិភពលោក WTO ។ ចាប់តាំងពីនោះមក រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាប់ផ្តើមចាត់វិធានការសងសឹកជាបន្តបន្ទាប់ រួមទាំងការគំរាមចាត់វិធានការដំឡើងពន្ធ ២៥% លើរថយន្តប្រើសាំងកម្លាំងម៉ាស៊ីននាំចូលពីសហភាពអឺរ៉ុប និងការស៊ើបអង្កេតលើការនាំចូលផលិតផលសាច់ជ្រូករបស់អឺរ៉ុបផងដែរ មុនពេលឈានដល់ការចាប់ផ្តើមកិច្ចចរចាថ្មីរវាងភាគីទាំងពីរ៕ (ប្រភព ៖ CNBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ