ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ប្រើ​វិធានការ​ក្តៅ ចុះ​រុះរើ​សំណង់​រំលោ.ភ​មាត់​ព្រែក និង​មាត់សមុទ្រ​ ខេត្ត​កែប

2 ខែ មុន

ខេត្ត​កែប ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក សោម ពិសិដ្ឋ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤…

ខេត្ត​កែប ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក សោម ពិសិដ្ឋ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ បាន​ចុះ​បង្ក្រាប និង​ចុះ​រុះរើ រាល់​ការ​លួច​សាងសង់​សំណង់​គ្រប់​ប្រភេទ ដែល​រំលោភ​ចូល​លើ​ដី​សាធារណៈ​របស់​រដ្ឋ នៅ​តាម​បណ្តោយ​មាត់សមុទ្រ ចំណុច​ស្រែ​យុល ក្នុង​មូលដ្ឋាន​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក ឆាង ឆៃ អភិបាលស្រុក​ដំណាក់​ចង្អើរ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក និង​មាន​កិច្ចសហការ​ពី​កម្លាំង​អន្តរា​គម នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កែប និង​កម្លាំង​ការពារ​ព្រំ​ដែនទឹក​វរៈ ៤៣០ ប្រចាំ​ខេត្ត​កែប រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ។

កម្លាំង​ចម្រុះ បាន​ចុះ​ទៅ​ដល់ទី​តាំងទី​១ ដោយ​ម្ចាស់​ទីតាំង​យក​គ្រឿងចក្រ មក​រុះរើ​ដោយ​ខ្លួនឯង ហើយ​បាន​ស្ទូច​យក​ខ្ចុះ​ឈើ​ចេញ ចំនួន​០២​ខ្នង និង​បន្ត​រុះរើ​ថែម​ទៀត ។

ជាមួយ​គ្នា​នោះ ទីតាំង​ទី​២ បាន​រុះរើ​សំណង់ផ្ទះ​ឈើ​១​ខ្នង បាំងជញ្ជាំង​ក្តា ទំហំ (៣​ម៉ែត្រ គុណ ៤​ម៉ែត្រ​) កម្ពស់​២​ជាន់ ដែល​បាន​លួច​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ចូល​ក្នុង​ទឹក​ព្រែក ពី​សំណាក់​ជន​ឆ្លៀតឱកាស​(​មិន​ស្គាល់​អត្តសញ្ញាណ​) នៅ​ចំណុច​ស្ពាន​អូរ​កញ្ឆែត ស្ថិត​នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ ក្រុមការងារ បាន​ចុះ​ដល់ទី​តាំង​ធ្វើការ​រុះរើ​សម្ភារ​ឈើ និង​កម្ទេច​ចោល​នៅ​នឹង​កន្លែង ។

លោក ឆាង ឆៃ អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​បញ្ជាក់​ច្បាស់​ថា ប្រតិបត្តិការ​នេះ នឹង​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម ដោយ​មិន​អនុញ្ញាត​អោយ​ជន​ឆ្លៀតឱកាស ទន្ទ្រាន​យក​ដី​សាធារណៈ មក​ធ្វើ​ជា​កម្ម​សិទ្ធ​ឯកជន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ