រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍កិច្ចពិភាក្សាស្តីពីការអនុវត្តឡើងវិញនូវបទឈប់បាញ់ និងការបញ្ឈប់នូវអរិភាពទាំងឡាយរវាងកម្ពុជា-ថៃ ។ នេះបើតាមសេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចប្បន្នរវាងកម្ពុជានិងថៃ ទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។

សេចក្តីថ្លែងការណ៍បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានរៀបចំកិច្ចប្រជុំពិសេស ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្ន រវាងកម្ពុជានិងថៃ នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ តបតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ។ នៅក្នុងកិច្ចប្រជុំម៉ាឡេស៊ីបានធ្វើបទបង្ហាញសង្ខេបជូនកិច្ចប្រជុំស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រីអាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ាន សំដៅជំរុញឱ្យកម្ពុជា និងថៃ បញ្ឈប់នូវអរិភាពទាំងឡាយ ។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានធ្វើរបាយការណ៍សង្ខេបជូនកិច្ចប្រជុំផងដែរ ស្របតាមអាណត្តិរបស់ខ្លួន ។ ចំពោះកម្ពុជា និងថៃ ក៏បានលើកអំពីជំហររៀងៗខ្លួន។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះតួនាទីបុរេសកម្ម និងការបន្តចូលរួមរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម និងឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ព្រមទាំងការរួមចំណែកយ៉ាងសកម្មពីប្រទេសសមាជិកអាស៊ាន និងប្រទេសចិន ក្នុងការជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានការណ៍ដែលកំពុងបន្តវិវត្តទៅមុខ ។
កិច្ចប្រជុំទទួលបាននូវការលើកទឹកចិត្ត ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល មានឆន្ទៈ និងការត្រៀមខ្លួនបន្តធ្វើការជាមួយប្រធានអាស៊ានសំដៅបន្ធូរបន្ថយភាពតានតឹង និងចៀសវាងនូវការយល់ខុស ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ។

លើសពីនេះ កិច្ចប្រជុំបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តចំពោះឯកភាព និងសាមគ្គីភាពអាស៊ាន ក៏ដូចជាមជ្ឈភាពអាស៊ាន ក្នុងការធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ស្របតាមធម្មនុញ្ញអាស៊ាន ។
កិច្ចប្រជុំបានរំលឹកឡើងវិញនូវបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា សេចក្តីសម្រេចរបស់កិច្ចប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ក៏ដូចជាសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបានជំរុញឱ្យកម្ពុជា និងថៃ អនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ។
ជាមួយគ្នានោះដែរ កិច្ចប្រជុំបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តអូសបន្លាយភាពតានតឹង និងអរិភាព ដែលបានបណ្តាលឱ្យមានការបាត់បង់ជីវិត និងរបួសយ៉ាងច្រើន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការជម្លៀសជនស៊ីវិលនៅតាមព្រំដែនទាំងសងខាង ហើយបានអំពាវនាវដល់ភាគីទាំងពីរឱ្យធានាថា ជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅកាន់ផ្ទះ សម្បែងរបស់ខ្លួនវិញ និងបន្តប្រកបជីវភាពដូចប្រក្រតី ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដូចស្ថានភាពមុនពេលមានការផ្ទុះឡើងនូវអរិភាព។

កិច្ចប្រជុំក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះ ការអត់ធ្មត់មិនគំរាមប្រើកម្លាំង ឬប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរ ជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ ដោយផ្អែកលើមូល ដ្ឋានគោរពគ្នាទៅវិញទៅមក ដើម្បីឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
កិច្ចប្រជុំបានជំរុញឱ្យកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់ជាអតិបរមា និងបោះជំហានជាបន្ទាន់ឆ្ពោះទៅរកការបញ្ឈប់នូវគ្រប់ទម្រង់នៃអរិភាព ។ កិច្ចប្រជុំបានអំពាវនាវឱ្យប្រទេសទាំងពីរស្ដារឡើងវិញនូវទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក និងត្រឡប់ទៅរកកិច្ចសន្ទនាឡើងវិញ តាមរយៈយន្តការទ្វេភាគី ក៏ដូចជាការប្រើប្រាស់កិច្ចសម្របសម្រួលរបស់ប្រធានអាស៊ានស្តារ រួមមានឡើងវិញនូវកិច្ចសហប្រតិបត្តិការដោះមីនមនុស្សធម៌ និងអនុវត្តវិធានការកាត់បន្ថយភាពតានតឹង ផ្នែកយោធានៅតាមបណ្តោយព្រំដែនរួម ក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការពហុ ភាគី ដើម្បីទទួលបានដំណោះស្រាយតាមសន្តិវិធី និងយូរអង្វែងចំពោះស្ថានការណ៍បច្ចុប្បន្ន ។

ថ្លែងការណ៍ដដែលបានបញ្ជាក់ថា «រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍កិច្ចពិភាក្សាស្តីពីការអនុវត្តឡើងវិញនូវបទឈប់បាញ់ និងការបញ្ឈប់នូវអរិភាពទាំងឡាយ។ គណៈកម្មាធិការព្រំដែនទូទៅនឹងកោះប្រជុំវិសាមញ្ញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់ ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញអំពីក្តីសង្ឃឹមចំពោះការកាត់នូវបន្ថយអរិភាពទាំងឡាយ ឱ្យបានឆាប់តាមដែលអាចធ្វើបាន»។ ក្នុងកិច្ចប្រជុំនោះដែរ រដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់អំពីឆន្ទៈបន្តតាមដានបញ្ហានេះយ៉ាងជាប់លាប់ ៕
ចែករំលែកព័តមាននេះ