ខេត្តសៀមរាប ៖ នំអន្សម គឺជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំអន្សមជារៀងរាល់ឆ្នាំ មិនដែលខានក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ជាពិសេស រដូវបុណ្យភ្ជុំបិណ្ឌ ក្រៅពីពិធីបុណ្យទាំងពីរនេះ ក៏មានពិធីមង្គលការក៏គេតែង ឃើញមានវេចនំអន្សមផងដែរ ។
តាមការកត់សម្គាល់ ឃើញនៅមុនថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ មួយឬពីរថ្ងៃ ប្រជាពលរដ្ឋខ្មែរតែងញាប់ដៃញាប់ជើង ម្នីម្នារៀបចំវេចនំអន្សម ដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ ។ ជាក់ស្តែង នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានសហការ ជាមួយសមាគមចុងភៅកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត ដោយមាការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹក នាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី មន្ត្រីរាជការ និងសមាជិកសមាជិកាសហភាពសហព័ន្ធកម្ពុជាខេត្ត ដើម្បីរៀបចំកម្មវិធីវេចនំអន្សមមហាគ្រួសារមន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា នៅបរិវេណសួនច្បារព្រះអង្គចេក ព្រះអង្គចម ក្នុងក្រុងសៀមរាប ។
តាមការបញ្ជាក់របស់លោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ជាអភិបាល រងខេត្ត បានឱ្យដឹងថា ការវេចអន្សម មហាគ្រួសារមន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា នាំគ្នាវេចនោះ គឺមាន នំ អន្សមជ្រូក នំអន្សមចេក , នំបត់ និងនំគម ជាដើម។ ម្យ៉ាងទៀត ការវេចនំអន្សមនៅថ្ងៃនេះ គឺបានបង្ហាញនូវភាពសាមគ្គីគ្នា នៃមហាគ្រួសារខ្មែរយើង ព្រមទាំងធ្វើការទាក់ ទាញដល់បងប្អូនជាភ្ញៀវទេសចរ ដែលបានចូលមកកម្សាន្តនៅលើទឹកដីប្រវត្តិ សាស្ត្រអង្គរនេះ បានភ្លុកនូវរសជាតិ នូវនំអន្សមកូនខ្មែរ នៃខេត្តសៀមរាប ។
លោកបានបន្តថា ការវេចនំអន្សមនេះ គឺ ជារដូវ កាលដែលប្រជាពុទ្ធបរិស័ទខ្មែរ យើង កាន់សាសនាព្រះពុទ្ធ តែងតែបានគោរពប្រតិបត្តិនៅពេលរដូវបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ ។ ម្យ៉ាងទៀតការវេចនំអន្សមនេះ ក៏ដើម្បីបង្ហាញនូវប្រពៃណីដូនតាដែលបានបន្សល់ ត រៀងមក ហើយជាការបង្ហាញឱ្យយុវជនយើង បានបន្តថែរក្សាប្រពៃណីនេះឱ្យបានគង់វង្សទៀតផង ។ ចំពោះអន្សមដែលបានពីការចូលរួមគ្នាវេចនៅពេលនេះ និងយកទៅធ្វើការឧបត្ថម្ភដល់មណ្ឌល កុមារកំព្រា , មន្ទីរពេទ្យកុមារជាដើម ។
ចំពោះអត្ថន័យរបស់នំអន្សម «អន្សម» តាមវចនានុក្រមសម្ដេចព្រះសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះ នំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន គឺ អន្សមចេក អន្សមជ្រូក អន្សមដូង អន្សមអាំង ។ ដោយយោងតាមឯកសារមួយចំនួនបានឱ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និង សម្ភារភាគច្រើនតែមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំ អន្សមនេះជាដើម ដែលជាស្បៀងបម្រុងនៅពេលចេញទៅធ្វើសិកសង្គ្រាម ។
ម្យ៉ាងទៀត ក្នុងសាសនាព្រាហ្មណ៍នំ អន្សម គឺតំណាងឱ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឱ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះ ឥសូរ ។ ម្ល៉ោះហើយទើបយើងតែងតែឃើញនំប្រភេទនេះ ក្នុងពិធីបុណ្យទាន អមជាមួយនឹង «នំគម» ដែលជា នំប្រពៃ ណីខ្មែរផងដែរ ។ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនា ព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬ សែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឱ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ។
«នំអន្សម» មានដើម កំណើតតាំងពីបរមបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យ ភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។ ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនាផងដែរ៕
ចែករំលែកព័តមាននេះ