ខេត្តកណ្ដាល ៖ ជនសង្ស័យជាចោរម្នាក់ បានធ្វើសកម្មភាពលួចកោដ្ឋធ្វើអំពីមាស រួមនិងគ្រឿងអលង្ការមាស នៅក្នុង«វត្តព្រៃគោ»និង«វត្តចំបក់មានជ័យ» ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំលំហាច និងឃុំសំរោងលើ នៃស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបាននគរបាលស្រាវជ្រាវឃាត់ខ្លួនបាន ។
ចំពោះវត្ថុដែលលួចបាននោះ មួយចំនួនត្រូវបានជនសង្ស័យយកទៅលក់យកលុយដើរស៊ីចាយសប្បាយហ៊ឺហារអស់គ្មានសល់ រីឯវត្ថុមួយចំនួនទៀតពុំបានលក់ទេ ។ ដោយឃើញស្អាតពេកជនសង្ស័យរូបនោះបានយកទៅទុកក្នុងបន្ទប់ជួលដែលខ្លួនស្នាក់នៅ រួចអុជទៀនធូបគោរពបូជា ប៉ុន្តែមិនបានសុខឡើយ គឺយប់ណាក៏តែងតែដេកយល់សប្ដិអាក្រក់រាល់ថ្ងៃនោះ ទើបជនសង្ស័យបានយកទៅប្រគេនព្រះសង្ឃនៅឯវត្តផ្សេងទៅវិញ ។
ការចាប់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយកម្លាំង
នគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្ដកណ្ដាល ព្រមទាំងកម្លាំង
នគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញផងដែរ ។
ជនសង្ស័យមានឈ្មោះ ទី ឌីណាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកសិល្បៈចម្រៀង ស្នាក់នៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ( គ្មានសារធាតុញៀនក្នុងទឹកនោមនោះទេ )។
ដោយឡែក ជនរងគ្រោះគឺជាព្រះចៅអធិការវត្តទាំង២ខាងលើ ១-ព្រះនាម ជួន ណេម ព្រះជន្ម ៦៦ព្រះវស្សា ជាព្រះគ្រូចៅអធិការវត្តគោសិង្គសាលវ័ន ហៅវត្ដព្រៃគោស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ២-ព្រះនាម ស្ងួន ផន ព្រះជន្ម៥៨ព្រះវស្សា ជនជាព្រះគ្រូចៅអធិការវត្តចំបក់មានជ័យ ស្ថិតនៅក្នុងភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ប៉ុន្តែព្រះអង្គមិនបានដាក់ពាក្យបណ្តឹងនោះទេ ។
នគរបាលដកហូតយកបានវត្ថុតាងរួមមាន៖១-កោដ្ឋធ្វើអំពីមាស១ និងព្រះសារីរិកធាតុ១គ្រាប់។ ២-ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពីស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KI-5419 និងទូរស័ព្ទមួយគ្រឿងម៉ាកiPhone11 ពណ៌ស្វាយ។ ចំណែកឯវត្ថុដែលបាត់បង់នៅក្នុងអំពើចោរកម្មនេះមាន៖១-កោដ្ឋធ្វើអំពីមាសមួយ ២-បន្តោងយុថ្កាខ្សែកធ្វើអំពីមាសមួយ ៣-កោដ្ឋធ្វើអំពីមាសមានដាំត្បូងមួយ និងចិញ្ចៀនមាសមួយវង់ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីអំឡុងដើមខែកញ្ញាឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ មុនពេលកើតហេតុមានពុទ្ធបរិស័ទ០១នាក់មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ ប្រមាណ២៩ឆ្នាំ បានមកថ្វាយបង្គំព្រះគ្រូចៅអធិការវត្តសិង្គសាលវ័ន (ហៅវត្តព្រៃគោ) ដើម្បីសុំបូជាថ្វាយព្រះគ្រឿងធ្វើអំពីមាសទម្ងន់ប្រហែលប្រាំជី ដាក់ទៅក្នុងគន្ធកុដិដែលជាកន្លែងតម្កល់សារីរិកធាតុ (ធាតុរបស់ព្រះពុទ្ឋ)និងគ្រឿងអលង្ការមានតំលៃផងដែរ ។ បន្ទាប់មកព្រះគ្រូចៅអធិការវត្តក៏បានយល់ព្រមយកសោទៅឲ្យសាមណេរ១អង្គព្រះនាម ឡុង យ៉ុន ព្រះជន្ម៦៨វស្សា ដែលទើបតែមកបួសថ្មីបានរយៈពេលបីខែ ពេលនោះសាមណេរអង្គនោះក៏បាននាំបុរសម្នាក់នោះដើរទៅគន្ឋកុដិ ដើម្បីចាក់សោគន្ធកុដិឲ្យបុរសម្នាក់នោះចូលទៅក្នុងគន្ធកុដិយកគ្រឿងធ្វើអំពីមាសទម្ងន់ប្រាំជី ថ្វាយព្រះ ។ ពេលនោះបុរសខាងលើនោះបានបើកកោដ្ឋមើលប្រហែល១០នាទី ក្រោយមកបន្ទាប់ពីតម្កល់ទុកដាក់រួចសាមណេរនិងបុរសនោះក៏បានចេញពីគន្ធកុដិ ដោយបានចាក់សោ យ៉ាងត្រឹមត្រូវ បន្ទាប់មកយកកូនសោគន្ធកុដិនោះទៅប្រគេនដល់ព្រះគ្រូចៅអធិការវត្តវិញ ។
ប្រភពដដែលបានឲ្យដឹងបន្តទៀតថា លុះដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៩និង១៥នាទី មានពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាក្នុងការកសាងវត្ដនាពេលកន្លងមក បានទៅចូលរួមកាន់បិណ្ឌទីប្រាំពីរនៅក្នុងវត្តសិង្គសាលវ័ន (ហៅវត្តព្រៃគោ) ហើយបានសុំការអនុញ្ញាតចូលថ្វាយបង្គំក្នុងគន្ធកុដិ និង សុំព្រះគ្រូចៅអធិការនិង អាចារ្យ គណៈកម្មការវត្តដើម្បីចូលទៅក្នុងគន្ធកុដិនោះ ។ បន្ទាប់មកព្រះចៅអធិការ បានចាត់តាំង ឲ្យលោក ថា ចាន់ធឿន ជាប្រធានគណៈកម្មការអាចារ្យ នាំម្ចាស់សទ្ធាខាងលើចូលទៅ ហើយបានបើកព្រះកោដ្ឋធំមើល ស្រាប់តែមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ដោយសារបាត់មិនឃើញកោដ្ឋតូចដែលធ្វើអំពីមាសនិងព្រេជ ។
ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងបន្ថែមថា ខណៈនោះក៏បានទៅទូលប្រាប់ដល់ព្រះគ្រូចៅអធិការវត្ត និងបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាចឲ្យជួយអន្តរាគមន៍ ហើយភ្លាមៗនោះក្រោយពីទទួលបានព័ត៌មាននេះហើយ កម្លាំងនគរបាលប៉ុស្ដិ៍បានចុះទៅដកាន់កន្លែងកើតហេតុ ហើយបានរាយការណ៍ទៅកម្លាំងនគរបាលអធិការដ្ឋានស្រុកអង្គស្នួល ចុះទៅជួយធ្វើការស្រាវជ្រាវនិងទទួលពាក្យបណ្ដឹងពីព្រះគ្រូចៅអធិការវត្ត ។ នគរបាលខាងលើបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន ហើយនៅថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកអង្គស្នួល សហការណ៍ជានមួយកម្លាំងនគរបាលក្រុងតាខ្មៅ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្ដកណ្ដាល ព្រមទាំងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាចោរខាងលើនោះបាន ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ ទី ឌីណាក់ បានសារភាពប្រាប់នគរបាលថា ខ្លួនបានធ្វើសកម្មភាពចំនួន២លើក គឺលើកទី១ នៅអំឡុងខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៧និង ១៥នាទីព្រឹក ខ្លួនបានចូលធ្វើសកម្មភាពលួច របស់មានតម្លៃនៅវត្តចំបក់មានជ័យ ភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ពេលនោះលួចបានកោដ្ឋធ្វើអំពីមាស១ និងចិញ្ចៀនមាសមួយវង់ ហើយបានយកទៅលក់ក្នុងផ្សារកាច់ជ្រុង ឲ្យទៅឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់និងទិញមាស ទីលំនៅភូមិព្រៃសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយលក់បានប្រាក់ចំនួន៣,២៥៩$(បីពាន់ពីររយហាសិបប្រាំបួនដុល្លារ) ចំណែកចិញ្ចៀនមាសយកទៅលក់នៅឯខេត្តសៀបរាប បានប្រាក់ចំនួន១៣០$(មួយរយសាមសិប) សរុបទាំងការលក់កោដ្ឋនិងចិញ្ចៀនបានប្រាក់ចំនួន៣,៣៨៩$(បីពាន់បីរយប៉ែតសិបប្រាំបួនដុល្លារ)។
ជនសង្ស័យបានសារភាពទៀតថា លើកទី២៖ នៅថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៣០នាទីរសៀល ខ្លួនបានចូលធ្វើសកម្មភាពលួចនៅក្នុងវត្តគោសិង្គសាលវ័ន៏(ហៅវត្តព្រៃគោ) ស្ថិតនៅក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយលួចបានកោដ្ឋធ្វើអំពីមាសចំនួន០២ និងបន្តោងខ្សែកមួយធ្វើអំពីមាស១ ប៉ុន្តែក្រោយពេលលួចបានដោយមានចិត្តស្រលាញ់ពេក ខ្លួនក៏បានរក្សាទុកកោដ្ឋទាំង០២នៅបន្ទប់ជួលរបស់ខ្លួនដើម្បីអុជធូបទៀនគោរពបូជាអស់រយៈពេល០១សប្តាហ៍ ។ ប៉ុន្តែរយៈពេលនេះនៅពេលដេកលក់តែងតែយល់សប្តិអាក្រក់ៗពេក ក៏បានសម្រេចចិត្តយកកោដ្ឋ១ ទៅប្រគេនព្រះសង្ឃនៅ«វត្តសន្លុង»ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងនៅសល់១បានយកទៅប្រគេនព្រះសង្ឃនៅ«វត្តចំបក់មាស»សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកឯបន្តោងខ្សែកធ្វើអំពីមាស១នោះ ខ្លួនបានយកទៅលក់នៅឯខេត្តសៀមរាប បានប្រាក់ចំនួន២៨០$(ពីររយប៉ែតសិបដុល្លារ) ហើយខ្លួនបានយកប្រាក់ទាំងអស់នោះដើរសុីចាយអស់ហើយ ៕
ចែករំលែកព័តមាននេះ