ខេត្តព្រះសីហនុ ៖ ប្រជានេសាទ នៅភូមិកោះខ្យង ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង០៤និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ទូកមងក្ដាម១គ្រឿង មានបណ្ដោយ១៥ ម៉ែត្រ និងទទឹង ៣.៨ ម៉ែត្រ ពណ៌បៃតងលាយក្រហម បានលិច នៅចំណុច Lat=10°28’12″N Long=103°52’10″E (ខាងកើតកោះថ្មី ចម្ងាយ ៥ម៉ៃល៍) ។
បើតាមអ្នកនេសាទដែលបានជួយសង្គ្រោះទូកនេសាទ ដែលរងការលិច នៅក្នុងលំហសមុទ្រ ខណៈកំពុងធ្វើការនេសាទបានបញ្ជាក់ថា មូលហេតុ បណ្តាលឲ្យទូកនេសាទខាងលើនេះលិច កំពុងធ្វើការនេសាទមងក្តាម បានជួបខ្យល់កន្ត្រាក់ បង្កជារលកធំៗ វា.យសន្ធាប់ផ្ទួនៗ បណ្តាលឲ្យទូកលិចតែម្តងទៅ ។
តាមប្រភពខាងលើ បានបន្តឲ្យដឹងបន្ថែមទៀតថា នៅលើទូកមានមនុស្សចំនួន៤នាក់ ។ នៅពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ ត្រូវបានទូកនេសាទ នៅជិតកន្លែងកើតហេតុជួយសង្គ្រោះទាន់ពេលវេលា ដោយសុវត្ថិភាព ។
បច្ចុប្បន្ន ក្រុមអ្នកនេសាទកំពុងជួយសណ្តោងយកទូកមកកាន់ទឹករាក់ ដើម្បីស្រង់ឡើងវិញ ។ ប្រជានេសាទបានឲ្យដឹងបន្ថែមទៀតថា ប្រមាណជាងមួយសប្តាហ៍កន្លងមកនេះ នៅខេត្តព្រះសីហនុ មានភ្លៀងធ្លាក់មកខ្លាំងបង្កជាព្យុះ ខ្យល់កន្ទ្រាក់ នៅលំហសមុទ្ររលកខ្ពស់ៗ បង្កការលំបាកដល់ប្រជានេសាទ ៕
ចែករំលែកព័តមាននេះ