ខេត្តបាត់ដំបង ៖ ផ្ទះលក់អីវ៉ាន់ចាប់ហួយ និងបើក«វីងវេរលុយ» មួយកន្លែង ត្រូវបានក្រុមចោរដែលគេសង្ស័យជាក្រុមមុខសញ្ញាដដែលៗបានបន្លំចូលលួចយកលុយដុល្លារនិងលុយខ្មែរអស់ជាច្រើន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ មិថុនា នៅភូមិថ្កូវ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង រួចនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។
សមត្ថកិច្ចបានឲ្យដឹងថា សមាសភាពក្រុមចោរអាចមានបក្សពួកលើសពី០២នាក់បានបន្លំចូលលួចលុយនៅផ្ទះលក់អីវ៉ាន់ចាប់ហួយ និងកន្លែង«វីងវេរលុយ» របស់ជនរងគ្រោះឈ្មោះកាំង សៃលី ភេទស្រី អាយុ៦១ឆ្នាំ ដោយលួចយកលុយខ្មែរអស់ចំនួន០៣លានរៀល និងលុយដុល្លារអស់ចំនួន១,៥០០ដុល្លារអាមេរិក រួចនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព មុនពេលមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។ បើតាមប្រភពព័ត៌មានដែលបានស្រង់សម្ដីជនរងគ្រោះ មុនពេលកើតហេតុ មានស្ត្រីម្នាក់បានជិះម៉ូតូទៅឈប់ខាងមុខផ្ទះ រួចចុះទៅរកទិញ «ខ្ទឹម»។
ប្រភពបានឲ្យដឹងថា ស្ត្រីនោះបានធ្វើជារើសខ្ទឹម ដោយពន្យារពេលយ៉ាងយូរ បន្តិចក្រោយក៏មានបុរសម្នាក់ពាក់មួយកន្តឹបដើរចូលទៅ រួចបន្លំចូលបន្ទប់«វីងវេរលុយ» ប្រមូលលុយច្រកថង់រួចដើរចេញមកក្រៅយ៉ាងលឿន និងគេចខ្លួនដោយសុវត្ថិភាព ។
ក្រោយជនដៃដល់ចេញផុត ស្ត្រីម្នាក់ដែលទិញ «ខ្ទឹម» ក៏បានស្ទុះស្ទារដើរចេញក្រៅ ជិះម៉ូតូគេចខ្លួនយ៉ាងលឿនដូចផ្លេកបន្ទោរដែរ ។ សកម្មភាពក្រុមចោរដែលប្រើល្បិចបន្លំចូលលួចលុយនេះ ក៏ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់ផ្ទះដែរ ។
នៅក្នុងកាមេរ៉ាសុវត្ថិភាព គេឃើញបុរសម្នាក់ពាក់មួយកន្តិចពណ៌ខ្មៅ ពាក់អាវពណ៌.សដៃវែង និងស្លៀកខោខូវប៊យជើងវែង ដើរចេញក្រៅជាមួយថង់ដាក់លុយកាន់នៅក្នុងដៃផងដែរ ។ បើតាមសមត្ថកិច្ចបានសន្និដ្ឋានបឋមថា ក្រុមចោរបន្លំចូលលួចលុយកន្លែង«វីងវេរលុយ»នេះ គឺជាមុខសញ្ញាក្រុមចោរញីឈ្មោលដដែលៗ ដែលធ្លាប់ធ្វើសកម្មភាពនៅកន្លែង«ទ្រូម៉ានី»នៅជិតវិមានសព ភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង និងនៅកន្លែង «វីងវេរលុយ» ភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ កាលពីប៉ុន្មានខែមុននេះ ដោយមួយកន្លែងៗ លួចយកអស់រាប់ពាន់ដុល្លារ ។
ប៉ុន្តែរហូតមកដល់ពេលនេះ សមត្ថកិច្ចហាក់កំណត់មុខសញ្ញានេះ មិនទាន់បានជាក់លាក់នៅឡើយទេ គ្រាន់តែដាក់ការសង្ស័យថា ក្រុមនេះអាចជាមុខសញ្ញាដដែលៗ មានច្រើននាក់ ក្នុងនោះមានទាំងស្ត្រីចូលរួមផង ៕
ចែករំលែកព័តមាននេះ