រាជធានីភ្នំពេញ ៖ រថយន្តដឹកអ្នកដំណើរក្រុមហ៊ុន ម៉េង លី មួយគ្រឿងបានបើកបុករះរថយន្តមួយគ្រឿងនិងម៉ូតូចំនួន៥គ្រឿងដែលកំពុងឈប់ស្តុប បណ្តាលអោយស្លាប់ម្នាក់ និងរងបួសចំនួន៤
នាក់ ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចស្តុបតាមផ្លូវជាតិលេខ ៦អាកែងផ្លូវទៅរង្វង់មូលនាងមច្ឆា ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តដែលបង្កគ្រោះថ្នាក់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប៣A-១៥៥២ជារថយន្តក្រុមហ៊ុន ម៉េង លី ដឹកអ្នកដំណើរបើកបរ ដោយបុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ជនរងគ្រោះដែលបានស្លាប់ឈ្មោះ វេង ស្រីស អាយុ២០ឆ្នាំ ជាអ្នករត់តុ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិព្រែករំដេង ឃុំមហាសៀក ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តបង្កដឹកអ្នកដំណើរពីខេត្តបន្ទាយមានជ័យចូលរាជធានីភ្នំពេញ ។ នៅពេលមកដល់កន្លែងកើតហេតុ ក៏បានបុករះរថយន្តម៉ាកព្រូស១គ្រឿង,និងម៉ូតូចំនួន៥គ្រឿង ក្នុងនោះមានរ៉ឺម៉កម៉ូតូ១គ្រឿង បណ្តាលអោយស្លាប់នារីជាអ្នករត់តុម្នាក់និងរងរបួសប្រុសស្រីចំនួន៤នាក់ទៀតហើយម៉ូតូ ត្រូវបានរថយន្តកិនអូសជាប់ក្រោមរថយន្ត ។

បន្ទាប់ពីបង្កគ្រោះថ្នាក់ អ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។បន្ទាប់ពីគ្រោះថ្នាក់នគរបាលមូលដ្ឋាន ក៏បានចុះទៅសម្រួលចរាចរណ៍និងបានទាកទង់នគរបាលចរាចរណ៍ ចុះទៅវាស់វែងនាំយករថយន្ត បង្កនិងអ្នកបើកបរ ព្រមទាំងរថយន្ត ម៉ូតូ ដែលរងការខូចខាតបញ្ចូន ទៅកាន់ការិយាល័យ ដើម្បីចាត់ការតាមច្បាប់ ។




ចែករំលែកព័តមាននេះ