ទីក្រុងសេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងសេអ៊ូលទៅជួប និងសម្ដែងការកើតទុក្ខមិនសុខចិត្តចំពោះការដែលរុស្ស៊ី និងកូរ៉េខាងជើងចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក។ ចំណាត់ការនេះធ្វើឡើងនៅពេលបងប្អូនគូសត្រូវកូរ៉េទាំង២ចាប់ផ្ដើមមានសភាពការណ៍តានតឹងខ្លាំងជាងមុននៅតំបន់ព្រំដែន។ គេឃើញថាទាហានកូរ៉េខាងជើងដើរឆ្លងព្រំដែនកាន់តែញឹកញាប់ជាងមុននៅក្នុងដំណាក់កាលចុងក្រោយនេះ។

កាលពីព្រឹកថ្ងៃសុក្រ ប្អូនស្រីលោកគីមជុងអ៊ុនបានចេញសេចក្ដីព្រមានធ្ងន់ៗថាខ្លួននឹងចាត់វិធានការវាយបកយ៉ាងទាន់ចិត្តចំពោះករណីដែលក្រុមសកម្មជននយោបាយកូរ៉េខាងត្បូងនៅតែបង្ហោះបាឡុងឃោសនានយោបាយប្រឆាំងនឹងរបបទីក្រុងព្យុងយ៉ាង។ បាឡុងទាំងនោះបានហោះហើរឆ្លងពីទឹកដីកូរ៉េខាងត្បូង រួចហើយឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីកូរ៉េខាងជើងដោយពាំនាំទៅជាមួយនូវខិត្តប័ណ្ណ និងសារនយោបាយផ្សេងៗ។

បើខិត្តប័ណ្ណធ្លាក់ទៅប៉ះចំជនជាតិកូរ៉េខាងជើង ហើយពួកគេយកមកអានអាចនឹងធ្វើឱ្យមានអារម្មណ៍ប្រឆាំង ឬស្អប់ខ្ពើមរដ្ឋាភិបាលរបស់ខ្លួនឯង ហើយអាចនឹងរត់ចេញពីទឹកដីកូរ៉េខាងជើងចូលទៅកូរ៉េខាងត្បូង។ ថ្មីៗនេះ យោធាកូរ៉េខាងត្បូងថ្លែងថាខ្លួនបានបាញ់កាំភ្លើងព្រមានជាច្រើនគ្រាប់ដើម្បីបញ្ចេញប្រតិកម្មតបទៅទាហានកូរ៉េខាងជើងដែលដើរឆ្លងព្រំដែន។

បើគិតទាំងលើកក្រោយនេះទៀត ពួកគេដើរឆ្លងព្រំដែនចំនួនបីដងរួចមកហើយគិតតែនៅក្នុងខែមិថុនានេះ១ប៉ុណ្ណោះ។ ពួកគេដើរឆ្លងព្រំដែនលើកក្រោយនេះ២ថ្ងៃបន្ទាប់ពីទីក្រុងម៉ូស្គូ និងព្យុងយ៉ាងចុះហត្ថលេខាលើកតិកាសញ្ញាសេដ្ឋកិច្ច និងសន្តិសុខជាតិដើម្បីឧបត្ថម្ភ-គាំទ្រគ្នាទៅវិញមក។ នៅក្នុងកិច្ចព្រមព្រៀងនោះមានលក្ខខណ្ឌ១ចែងថាបើភាគីហត្ថលេខីណា១រងការវាយប្រហារដោយប្រដាប់អាវុធ ឬជាប់ដៃធ្វើសង្គ្រាម ភាគីដទៃទៀតត្រូវតែចុះធ្វើអន្តរាគមន៍ជួយគ្នា។

មានន័យថាបើនរណាហ៊ានប៉ះកូរ៉េខាងជើងត្រឹមតែ១សរសៃសក់ រុស្ស៊ីនឹងចេញមុខជួយភ្លាម១រំពេច។ លោកពូទីនផ្ដាំតាំងពីទីក្រុងហាណូយថា «កូរ៉េខាងត្បូងមិនចាំបាច់ព្រួយបារម្ភខ្លាំងពេកទេចំពោះកិច្ចព្រមព្រៀងនេះ។ សំខាន់កូរ៉េខាងត្បូងកុំតែទៅរករឿងកូរ៉េខាងជើងទៅបានហើយ»។ កូរ៉េខាងត្បូងហាក់ដូចជាខ្វាយខ្វល់ និងនៅមិនសុខទាល់តែសោះក្រោយការចុះកិច្ចព្រមព្រៀងនេះ។

កូរ៉េខាងត្បូងនិយាយទាំងកំហឹងថាខ្លួនអាចនឹងពិចារណាបញ្ជូនអាវុធទៅអ៊ុយក្រែន។ ក្រោយមក អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងកោះហៅទូតរុស្ស៊ីទៅជួប និងស្នើសុំឱ្យរុស្ស៊ី និងកូរ៉េខាងជើងដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះជាបន្ទាន់នៅពេលដែលមិនទាន់ហួសពេល។ អនុរដ្ឋមន្ត្រីរូបនេះសង្កត់ធ្ងន់ថាបើរុស្ស៊ីជួយជ្រោមជ្រែងកូរ៉េខាងជើង (ទោះបីដោយផ្ទាល់ក្ដី ឬមិនផ្ទាល់ក្ដី) ដើម្បីពង្រីកកម្លាំងយោធា បានសេចក្ដីថារុស្ស៊ីរំលោភសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយ។

មែនទែនទៅ, រុស្ស៊ីខ្លួនឯងក៏ជាអ្នកលើកដៃអនុម័តសេចក្ដីសម្រេចនោះផងដែរ។ ម៉្យាងទៀត អនុរដ្ឋមន្ត្រីរូបនេះយល់ថាទង្វើរបស់រុស្ស៊ីដែលគាំទ្រកូរ៉េខាងជើងនោះនឹងបង្កការគំរាមកំហែងខ្លាំងណាស់ចំពោះសន្តិសុខជាតិរបស់កូរ៉េខាងត្បូង។ លោកសូមព្រមានថាទីក្រុងសេអ៊ូលនឹងចាត់វិធានការវាយបកវិញ ហើយនឹងធ្វើឱ្យទីក្រុងម៉ូស្គូទទួលរងផលវិបាកជាមិនខាន៕
ចែករំលែកព័តមាននេះ