ខេត្តស្ទឹងត្រែង ៖ ហ្វូងសត្វដង្កូវបាននិងកំពុងរាតត្បាតស៊ីបំផ្លាញដំណាំស្រូវនិងដំឡូងមីរបស់ប្រជាកសិករយ៉ាងគំហុកនៅស្រុកថាឡាបរិវ៉ាត់ ដោយសារការប្រែប្រួលអាកាសធាតុ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/0bcd3abc6d7051909acf4186a3047b3f.jpg)
ប្រធានការរិយាល័យការពារដំណាំនៃអគ្គនាយកដ្ឋានដំណាំអនាម័យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកកង សារ៉េត បានបញ្ជាក់ថា បញ្ហាដែលកសិករជួបប្រទះនេះស្នើឲ្យបងប្អូនជាម្ចាស់ចម្ការនីមួយៗធ្វើការតាមដានឱ្យបានដិតដល់ ព្រោះថា ធ្វើការងារបង្កបង្កើនផល តែងតែពឹងផ្អែកទៅលើផលដំណាំនេះហើយ ដើម្បីធានានូវសន្តិសុខស្បៀងសំរាប់ការរស់នៅ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/3cbe65f91708deb5a1d0fc2aee993560.jpg)
លោកបន្តទៀតថា បងប្អូនកសិករត្រូវអនុវត្តតាមមន្ត្រីជំនាញបច្ចេកទេសដែលបានណែនាំបើមានលទ្ធភាព អាចជីកប្រឡាយព័ទ្ធជំវិញ ហើយបញ្ចូលទឹកនិងបាចកំបោរ ហើយសំអាតព្រៃដែលនៅជុំវិញផង ដើម្បីកំចាត់សត្វចង្រៃកុំឱ្យមកស៊ីដំណាំ នេះជាវិធីសាស្ត្រធ្វើបែបធម្មជាតិនៅតាមមូលដ្ឋានយើង ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/4727cc7f8726147afa9c59b631f75f56.jpg)
ហើយជម្រើសទី២ គឺប្រើថ្នាំគីមីបាញ់សម្លាប់តែម្តង តែត្រូវអនុវត្តតាមការណែនាំដើម្បីយើងថែរក្សាសុខភាពចៀសវាងពីការពុលដោយសារការប្រើថ្នាំគីមីពុល ។ លោកស្រី មិល ភាន កសិករនៅភូមិពងទឹក បានសម្តែងការព្រួយបារម្ភទៅលើដំណាំស្រូវដែលបច្ចុប្បន្នកសិករយើងដាំដុះបានលូតលាស់ហើយ បែរជាមានហ្វូងសត្វដង្កូវកើតច្រើនមីដេរដាស់មកស៊ីស្រូវ តែមួយយប់២យប់អស់មួយស្រែតែម្តង ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/a948cda2f2e92c1d5007d5e6398c393c.jpg)
លោក គឹមជឿន តំណាងឱ្យកសិករដាំដំឡូងមី នៅភូមិរុន ឃុំកាំងចាម បានអះអាងថា ប៉ុន្មានឆ្នាំកន្លងមក មិនដែលកើតមានហ្វូងសត្វដង្កូវមកស៊ីបំផ្លាញស្រូវ និងដំឡូងនេះទេ តែឆ្នាំ២០២៤នេះកសិករ ជួបប្រទះស្ទើរគ្រប់ទីកន្លែងហើយ ។ លោកសាទរបានមន្ត្រីជំនាញកសិកម្ម ថ្នាក់ក្រសួង និងខេត្តបន្តចុះមកណែនាំផ្តល់ពីបច្ចេកទេសនិងវិធីសាស្ត្រ ដើម្បីកំចាត់សត្វចង្រៃនេះ ហើយលោកនិងបន្តផ្សព្វផ្សាយជូនទៅកសិករផ្សេងៗទៀត ដើម្បីរូមគ្នាសម្លាប់ហ្វូងសត្វដង្កូវនេះ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/1a66cc1cf0b3b6fa4ca1ff0abe6fd19b.jpg)
សូមបញ្ជាក់ថា បញ្ហាប្រឈមនេះមន្ត្រីជំនាញមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រកាសជូនដំណឹង ដល់កសិករគ្រប់មូលដ្ឋាន បើកើតមានសត្វដង្កូវហ្វូងមកស៊ីបំផ្លាញដំណាំអ្វីក៏ដោយ ត្រូវផ្តល់ព័ត៌មានជូន ទៅអាជ្ញាធរ ភូមិ ឃុំ ឬមកមន្ទីរកសិកម្មផ្ទាល់ក៏បាន និងអាចទាក់ទងតាមលេខទូរស័ព្ទ ០៩៧ ២៣៦ ៦១៤ ៥ ដើម្បីមានវិធានការទប់ស្កាត់ឲ្យទាន់ពេល ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/612d68f6ceae5f0dc80c26ffe67b2420.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/591e3726ddaad82df2018320a6c7c310.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/f3eac7429c1ec8dbd65f1b22c49d7d54.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/591e3726ddaad82df2018320a6c7c310-1.jpg)
ចែករំលែកព័តមាននេះ