ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតអ្នកប្រដាល់ចាស់វស្សា កែវ មនោរា ចង់បើកក្លិបបង្ហាត់ក្មេងៗ ស្នើសុំជំនួយពីសប្បុរសជន

3 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នកប្រដាល់ចាស់វស្សាកែវ មនោ​រា ធ្លាប់ឡើងសង្វៀនប្រកួតប្រដាល់​គុន​ខ្មែរ​

ខេត្តបាត់ដំបង ៖ អ្នកប្រដាល់ចាស់វស្សាកែវ មនោ​រា ធ្លាប់ឡើងសង្វៀនប្រកួតប្រដាល់​គុន​ខ្មែរ​ជាង៣៦០​ប្រកួត បានបង្ហាញពីបំណងរបស់ខ្លួនចង់បើកក្លិបប្រដាល់ដើម្បីបង្ហាត់ក្មេងៗជំនាន់
ក្រោយ ក៏ដូចជាចង់អភិរក្ស និងអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិខ្មែរមួយនេះឱ្យនៅស្ថិតស្ថេរគង់វង្ស ខណៈលោកមើលឃើញទីផ្សារកីឡាប្រដាល់នាពេលបច្ចុប្បន្ន ក៏កំពុងមានសន្ទុះខ្លាំងឯកីឡាករក៏អាចរកប្រាក់ចំណូលបានច្រើនពីការប្រកួតផងដែរ។

លោក កែវ មនោ​រា បានរំលឹកពីប្រវត្តិរបស់ លោក​ធ្លាប់​ប្រកួត​តាម​ទី​វត្ត​អារាម​បាន​​ប្រហែល​ជាង៤០​ដង មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ឬ​ក៏​ស្មើ​នោះ​ទេ ។ ការប្រកួត​នៅ​ក្នុង​អំឡុង​ទសវត្សឆ្នាំ ១៩៩០​ អត់​បាន​លុយ​ច្រើន​ដូចពេលនេះទេ​ គឺបាន​ចាប់ពី៣ពាន់រៀលដល់​១មុឺន​រៀលប៉ុណ្ណោះ ។

ដោយ​ឃើញ​ពី​សមត្ថភាពរបស់​លោក​ លោកគ្រូ​កែវ សូ​រិ​យា(​ហៅ​ប្រុញ​)បាន​នាំ​លោក​មក​ហ្វឹក
ហាត់ និងប្រកួត​នៅ​សង្វៀនរាជធានី​ភ្នំពេញ​ជាមួយលោកគ្រូទ្រឿ​ង សុះសាយ ដែល​បច្ចុប្បន្ន​
នេះ​លោក​បាន​អនិច្ចកម្ម​បាត់​ទៅ​ហើយ ។

ក្នុងអំឡុងពេលហ្វឹកហាត់នៅរាជធានីភ្នំពេញ(ក្លិបកងរាជអាវុធហត្ថលើផ្ទៃប្រទេស)លោក​តែង
ទទួលបានឱកាសប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅសង្វៀនជាយ​ដែន​ខ្មែរ​-ថៃ​។ ប្រកួត​នៅ​រាជធានី​ភ្នំពេញ​ទទួល​បាន​លុយមិន​ច្រើន​ទេ​គឺ​ចន្លោះ​ពី ១៥០០០​រៀល ទៅ ២០០០០ រៀល​ប៉ុណ្ណោះ ។

ជំនាន់​ហ្នឹង​សូ​ម្បី​តែ​លោកគ្រូ​អេ ភូ​ថង​, នួន សូ​រិ​យា​,ជ័យ កុសល​ និង​ឡឹ​ក​ វិបុល ក៏​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ប៉ុនហ្នឹង​ដែរ​ ។ ក្រោយមក​ លោកក៏​បាន​ចាក​ចេញពី​ក្លិបកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មកស្នាក់​នៅ​និងហ្វឹកហាត់ជាមួយលោកគ្រូ​អែម ចាន់​សុផល អស់​រយៈពេល​ជាង​៤​ឆ្នាំ ។ លោ​កក៏​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​​ដែរ​ប៉ុន្តែ​មិន​ជោគជ័យ​ទេ​ដោយសារហាត់​សុខៗ​សិស្ស​រត់​ចោល​គាត់​អស់ ។

លោក​ធ្វើ​ជា​គ្រូបង្វឹក​បានតែ១ឆ្នាំ(ពី​ឆ្នាំ​២០០៤ ដល់ឆ្នាំ​២០០៥​) រហូត​មក​ដល់​ឆ្នាំ ២០០៦ លោក​ក៏​បាន​រៀប​អាពាហ៍ពិពាហ៍ ហើយ​ក៏​បាន​ចាក​ចេញពី​ស្រុក​ប​វេល មក​រស់នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ជាមួយនឹង​ភរិយា​ ។

អតីតអ្នកប្រដាល់ដែលបច្ចុប្បន្នមានអាយុ៤៧ឆ្នាំ និងមានកូន៤នាក់ក្នុងបន្ទុករូបនេះបាន
និយាយថា ដោយសារអាជីពជាគ្រូបង្វឹកមិនទទួលជោគជ័យ លោកធ្លាប់​ទៅ​ធ្វើ​ជា​កម្មករ​
នៅ​ប្រទេស​ថៃ​ ធ្លាប់​ចិញ្ចឹម​គោ​ប​ង្វះ​ និង​ដើរ​ស៊ីឈ្នួល​កាច់​ពោត​ឱ្យ​គេ តែប្រាក់កម្រៃទទួល
បានមិនច្រើនទេ ពេល​ខ្លះ​បានព្រឹក​ខ្វះ​ល្ងាច​ក៏មាន ។

បច្ចុប្បន្ន​ ដោយសារស្រឡាញ់កីឡាប្រដាល់ទោះបីលោកចាប់អាជីពជាជាងផ្សារដែក ក៏លោកនៅតែឆ្លៀតពេលបង្ហាត់​កូន​ខ្លួនឯង​ និងក្មេងៗក្នុងភូមិជា​ច្រើននាក់ដែរ ។ លោកថា លោក​មិន​ខុស​ពី​កីឡាករ ក្រាក់ សម្ផស្ស ទេ ប្រសិនបើ​មាន​សប្បុរសជន​ដែលមានធនធាន ជួយលោក​បើក​ក្លិប​ ឬ​អញ្ជើញ​លោកមក​បើក​ក្លិប​បង្ហាត់​នៅ​រាជធានី​ភ្នំពេញ​ លោក​នឹង​ផ្ទេរ​វិជ្ជា​គុនដែល​លោក​មានទាំង​ប៉ុន្មាន​ឲ្យ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ ដើម្បី​ស្នង​មរតក​គុនខ្មែរ​ពី​ដូនតា​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ