ទីក្រុងហាណូយ៖ នៅទីបញ្ចប់ លោកពូទីនបានដាក់ជើងជាន់នៅលើទឹកដីវៀតណាមហើយកាលពីយប់មិញនៅក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមិថុនានេះ។ ទោះបីប្រទេសលោកខាងលិច ជាពិសេសប្រទេសអាមេរិក រិះគន់ខ្លាំងៗយ៉ាងណាក៏ដោយ, ក៏វៀតណាមនៅតែទទួលស្វាគមន៍វត្តមានរបស់លោកពូទីនដៃ២។ មែនទែនទៅ, វៀតណាមជាអ្នកអញ្ជើញលោកពូទីនជាច្រើនលើកច្រើនសារួចមកហើយដើម្បីបំពេញទស្សនកិច្ចនៅហាណូយ។

ឥឡូវនេះ លោកពូទីនដូរពេលវេលាហោះហើរវិញម្ដង។ ផ្ទុយពីទស្សនកិច្ចរបស់ថ្នាក់ដឹកនាំដទៃដែលច្រើនបំពេញទស្សនកិច្ចនៅពេលថ្ងៃ លោកពូទីនច្រើនធ្វើដំណើរនៅពេលយប់។ យន្តហោះរបស់លោកបានធ្វើដំណើរទៅដល់អាកាសយានដ្ឋានទីក្រុងហាណូយតាំងពីពេលរំលងអធ្រាត្រឆ្លងចូលព្រឹកថ្ងៃព្រហស្បតិ៍។ វៀតណាមជាទីកន្លែងចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ទ្វីបអាស៊ីដើម្បីប្រាស្រ័យទាក់ទងជាមួយសម្ព័ន្ធមិត្តកុម្មុយនិស្ត និងចាស់វស្សារបស់ខ្លួន។

តាំងពីមុនទៅដល់ទីក្រុងហាណូយ លោកពូទីនបានផ្ញើលិខិតជូនថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាម។ លោកថាវៀតណាមប្រកាន់គោលជំហរអព្យាក្រឹត្យបានល្អនៅក្នុងបញ្ហាអ៊ុយក្រែន។ លោកបានរំលេចឱ្យឃើញនូវវឌ្ឍនភាពនៅក្នុងផ្នែកទូទាត់សាច់ប្រាក់, ថាមពល និងពាណិជ្ជកម្មផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបក្សកុម្មុយនិស្តវៀតណាម។ លោកពូទីនកោតសរសើរវៀតណាមចំពោះការគាំទ្រឱ្យដោះស្រាយវិបត្តិអ៊ុយក្រែនផ្អែកតាម «គោលការណ៍ប្រតិបត្តិនិយម»។

នៅថ្ងៃព្រហស្បតិ៍នេះ លោកពូទីនគ្រោងជួបថ្នាក់ដឹកនាំធំៗរបស់វៀតណាម។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីរុស្ស៊ី និងកូរ៉េខាងជើងទើបតែចុះហត្ថលេខាលើកតិកាសញ្ញាចងសម្ព័ន្ធភាពគ្រប់ជ្រុងជ្រោយ និងការពារគ្នាទៅវិញទៅមក។ ក្នុងនោះ រុស្ស៊ីប្ដេជ្ញាឧបត្ថម្ភ-គាំទ្រកូរ៉េខាងជើងនៅក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងសន្តិសុខជាតិ។ មានន័យថាជួយទិញទំនិញរបស់កូរ៉េខាងជើង ឬផ្ដល់ជំនួយសេដ្ឋកិច្ចដើម្បីកុំឱ្យប្រទេសនេះរងសម្ពាធខ្លាំងពេកពីទណ្ឌកម្ម និងចំណុច១ទៀតជួយការពារសន្តិសុខជាតិគ្នាទៅវិញទៅមកនៅក្នុងករណីដែលភាគីហត្ថលេខីណា១ទទួលរងការវាយប្រហារ។

នៅកូរ៉េខាងជើង លោកពូទីនទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោកគីមជុងអ៊ុននៅក្នុងបញ្ហាអ៊ុយក្រែន។ ដូច្នេះ គេរង់ចាំអ៊ុតមើលជំហររបស់វៀតណាមថាតើវៀតណាមនឹងប្រកាសច្បាស់ៗជាផ្លូវការគាំទ្ររុស្ស៊ីនៅក្នុងបញ្ហាអ៊ុយក្រែនដែរឬទេ? សារព័ត៌មានរុស្ស៊ីចាត់ទុកថា «នយោបាយការទូតរបស់លោកពូទីនលើកនេះធ្វើឱ្យកក្រើកពិភពលោកតែម្ដង។ សូម្បីតែប្រទេសមហាអំណាចដូចជាអាមេរិក និងអឺរ៉ុបក៏តាមដានដំណើរទស្សនកិច្ចនេះដោយឥតប៉ប្រិចភ្នែកផងដែរ។ ស្រួលមិនស្រួល ល្បែងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងពិភពលោកអាចនឹងប្រែប្រួលនៅក្នុងពេលនេះហើយ»។

លោកពូទីនកំពុងអន្ទងចិត្ត ឬអូសទាញវៀតណាមឱ្យងាកទៅខាងគាត់។ លោកបានរំលេចឱ្យឃើញពីប្រវត្តិតស៊ូជាមួយគ្នាកាលពីអតីតកាល និងមានទស្សនវិស័យស្រដៀងគ្នាពាក់ព័ន្ធនឹងសភាពការណ៍នៅឥណ្ឌូ-ប៉ាស៊ីហ្វិច។ ឥឡូវនេះ វៀតណាម និងចិនកំពុងមានទំនាស់គ្នានៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ ប្រទេសចិនដោយនិយាយយោងទៅលើផ្ទៃដីប្រទេសរបស់ខ្លួន គួបផ្សំនឹងភស្តុតាងពីប្រវត្តិសាស្ត្រផងនោះ ចិនបានគូសផែនទីខ្វៀលយកសមុទ្រចិនខាងត្បូងជាង៩០% ហើយទុកឱ្យប្រទេសដទៃទៀតមានផ្ទៃសមុទ្រចម្ងាយត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះពីមាត់ច្រាំង។ ដូច្នេះ ធ្វើឱ្យមានតំបន់ត្រួតស៊ីគ្នានៅកន្លែងដែលមានឧស្ម័ន និងប្រេងឆៅ។ នេះជាបញ្ហាដ៏រសើបនៅពេលក្រុមហ៊ុនរបស់រុស្ស៊ីកំពុងចម្រាញ់យកឧស្ម័ន និងប្រេងឆៅ។

ចំណុចសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី-វៀតណាម
លោកពូទីនថ្លែងថាថាមពលជាវិស័យសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី និងវៀតណាម។ លោកបាននិយាយយោងទៅលើគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុនរុស្ស៊ី និងវៀតណាមនៅក្នុងវិស័យឥន្ធនៈនៅសមុទ្រចិនខាងត្បូង និងនៅប្រទេសរុស្ស៊ីភាគខាងជើង។ ក្រុមហ៊ុនហ្កាស់ប្រំ (Gazprom) កំពុងបើកប្រតិបត្តិការនៅវៀតណាមដើម្បីរុករកឧស្ម័ន។ រីឯក្រុមហ៊ុន១ទៀតរបស់រុស្ស៊ីឈ្មោះណូវ៉ាតិច (Novatek) ក៏មានគម្រោងបើករោងចក្រចម្រាញ់ឧស្ម័ននៅវៀតណាមផងដែរ។ នេះជាអ្វីដែលលោកពូទីនគ្រាន់តែបង្ហើបឱ្យដឹងត្រួសៗអំពីមូលហេតុអ្វីបានជាកិច្ចសហការរវាងរុស្ស៊ី និងវៀតណាមជារឿងសំខាន់។

មិនតែប៉ុណ្ណោះ លោកក៏បានរំលេចឱ្យឃើញពីគំនិតផ្ដួចផ្ដើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរនៅវៀតណាមផងដែរ។ ក្រុមហ៊ុននុយក្លេអ៊ែរខ្នាតយក្សរបស់រុស្ស៊ីឈ្មោះរ៉ូសាទុំ (Rosatom) នឹងរ៉ាប់រងធ្វើកិច្ចការនេះ។ នៅពេលដែលទម្លាយអាថ៌កំបាំងទាំងនេះចេញមកខាងក្រៅទើបគេដឹងថាវៀតណាមអាចសម្លឹងឃើញផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់កម្រិតនេះទើបវៀតណាមចង់ខិតទៅរករុស្ស៊ីវិញម្ដង ហើយអាចនឹងរយាលដៃពីទំនាក់ទំនងជាមួយប្រទេសអាមេរិកផងក៏មិនដឹង។

នៅក្នុងបញ្ហានុយក្លេអ៊ែរនេះ វៀតណាមធ្លាប់មានផែនការសាងសង់រោងចក្រនុយក្លេអ៊ែរតាំងពីយូរមកហើយដើម្បីផលិតអគ្គិសនីឱ្យបានច្រើនបម្រើឱ្យវិស័យរោងចក្រ-ឧស្សាហកម្មរបស់ខ្លួន។ រោងចក្រនុយក្លេអ៊ែរអាចផលិតអគ្គិសនីបានច្រើនដល់រាប់ពាន់ រាប់ម៉ឺនមេហ្កាវ៉ាត់ឯណោះ ហើយចំណាយថ្លៃដើមទាបបំផុត។ ដូច្នេះ ឃើញថាចំណេញច្រើនណាស់។ ប៉ុន្តែកាលពី១ទសវត្សមុននេះ, វៀតណាមក៏សម្រេចចិត្តផ្អាកគម្រោងនេះវិញ។ ឥឡូវនេះ វៀតណាមអាចនឹងពិចារណាឡើងវិញបន្ទាប់ពីកូរ៉េខាងត្បូង និងកាណាដាបំផុសគំនិតឱ្យវៀតណាមងាកទៅប្រើប្រាស់វិធីផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរវិញ។

ឥឡូវនេះ ងាកមកលោកពូទីនវិញម្ដង លោកពូទីនក៏ថ្លែងការកោតសរសើរមិនដាច់ពីមាត់ចំពោះវៀតណាមដែលងាកមកប្រើប្រាស់វិធីទូទាត់សាច់ប្រាក់ និងពាណិជ្ជកម្មតាមវិធីផ្សេងពីការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារ។ ដោយសាររុស្ស៊ីកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីបស្ចិមប្រទេស ដូច្នេះ វិស័យទូទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគាររាងពិបាកខ្លាំង។ ចំណុចនេះក៏ជាអ្វីដែលលោកពូទីនចង់ពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាមដើម្បីរកវិធីដោះដូរពាណិជ្ជកម្មគ្នាប្រកបដោយភាពងាយស្រួល៕

ចែករំលែកព័តមាននេះ