ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​សិង្ហ​បុរី មាន​សក្តានុពល​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​បន្ថែម​ទៀត

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​អតីត​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី ឯកឧត្តម Lee Hsien Loong បាន​លើក​ឡើង​ថា កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​អតីត​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី ឯកឧត្តម Lee Hsien Loong បាន​លើក​ឡើង​ថា កម្ពុជា និង​សិង្ហ​បុរី មាន​សក្តានុពល​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​បន្ថែម​ទៀត សម្រាប់​ជា​ផលប្រយោជន៍ នៃ​ប្រទេស​ទាំង​ពីរ ។

ការ​លើក​ឡើង​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ ខណៈ​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម Lee Hsien Loong អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ទេស​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នា​ឱកាស នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ពី​ថ្ងៃ​ទី​១៨-១៩ ខែមិថុនា ឆ្នាំ​២០២៤ ។

ក្នុង​ជំនួប​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សម្តែង នូវ​កិច្ច​ស្វាគមន៍​ចំពោះ​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ជា​លើក​ទី​១ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្តេច​ធិ​បតី និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ព្រមទាំង​បាន​បង្ហាញ​ក្តី​រីករាយ ដែល​បាន​ជួប​ជាមួយ​សម្តេច​ធិ​បតី ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​បាន​ជំនួប​ពិភាក្សា​គ្នា នា​ពេល​កន្លង​មក ជា​ពិសេស​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ប្រទេស​អូស្ត្រាលី កាលពី​ខែមីនា ឆ្នាំ​២០២៤​។ ទន្ទឹម​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល ប្រកបដោយ​ផ្លែផ្កា នៃ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​របស់​សម្តេច​ធិ​បតី ជាមួយ​ឯកឧត្តម​ប្រធានាធិបតី Tharman Shanmugaratnam និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី Lawrence Wong កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​ធិ​បតី បាន​ថ្លែងអំណរគុណ ចំពោះ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​ពី​សំណាក់​រដ្ឋាភិបាល និង​ប្រជាជន​សិង្ហ​បុរី ព្រមទាំង​បាន​គូស​រំលេច​អំពី​កិច្ច​ពិភាក្សា​លើ​វិស័យ​ផ្សេង​ៗ នៃ​កិច្ច​សហប្រតិបត្តិការ​សំខាន់​ៗ​រវាង​កម្ពុជា និង​សិង្ហ​បុរី ដែល​ជា​ចំណង​ការទូត​ដ៏​យូរអង្វែង ជា​ពិសេស​ចាប់តាំងពី​ប្រទេស​កម្ពុជា បាន​ទទួលស្គាល់​ឯករាជ្យ​ភាព​របស់​សិង្ហ​បុរី នៅ​ឆ្នាំ​១៩៦៥ ហើយ​សម្តេច​ធិ​បតី ក៏​បាន​បញ្ជាក់​ថា ប្រទេស​សិង្ហ​បុរី បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​កន្លង​មក ។

សម្ដេច​ធិ​បតី និង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​គូស​រំលេច​ផង​ដែរ​ថា កម្ពុជា និង​សិង្ហ​បុរី មាន​សក្តានុពល​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​បន្ថែម​ទៀត សម្រាប់​ជា​ផលប្រយោជន៍ នៃ​ប្រទេស​ទាំង​ពីរ ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​សក្តានុពល​មួយ​ចំនួន ដូច​ជា ៖ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​អប់រំ សន្តិសុខ​ថាមពល ការ​ការពារ​បរិស្ថាន ការ​ថែរក្សា​សុខ​សន្តិភាព​នៅ​ក្នុង​តំបន់ និង​ការ​ធានា​បាន​នូវ​វិបុលភាព​ក្នុង​តំបន់ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​ក្រាប​បង្គំ​ថ្វាយព្រះពរ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​ចម្រើន​ជន្មាយុ​របស់​សម្ដេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ គម្រប់​៨៨ ឈាន​ចូល​៨៩ ព្រះ​សិរី​វស្សា ។

មុន​នឹង​បញ្ចប់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ការ​សួរសុខទុក្ខ​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ឯកឧត្តម​សង្ឃឹមថានឹង​បាន​ទទួល​ស្វាគមន៍​ដ៏​កក់ក្តៅ​ចំពោះ​សម្តេច​តេ​ជោ បំពេញ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី នា​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ