ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​ត្រីកោណ នាង​ដឹង​ប្រុស​ស្នេហ៍​មាន​ប្រពន្ធ ទារ​យក​ទូរសព្ទ​វិញ ​បុរស​នោះ​រុញ​ផ្ទប់​របង​ថ្ម​សន្លប់ឈឹង

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ស្នេហា​ត្រីកោណ នារី​ម្នាក់​ជា​មេម៉ាយ​កូន​មួយ បាន​លង់​ស្នេហ៍​ជាមួយ​ប្ដី​គេ នាង​បាន​ចាត់​ទុក​បុរស​នោះ​ជា​ប្ដី និង​បាន​ទិញ​ទូរ​សព្ទ ១​គ្រឿង ឲ្យ​បុរស​នោះ​ប្រើ​ថែម​ទៀត ប៉ុន្តែ​ក្រោយ​ពី​ការ​រស់នៅ​ក្រោម​ដំបូលផ្ទះ​ជួល​ជាមួយ​គ្នា​បាន​រយៈពេល​២ខែ…

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ស្នេហា​ត្រីកោណ នារី​ម្នាក់​ជា​មេម៉ាយ​កូន​មួយ បាន​លង់​ស្នេហ៍​ជាមួយ​ប្ដី​គេ នាង​បាន​ចាត់​ទុក​បុរស​នោះ​ជា​ប្ដី និង​បាន​ទិញ​ទូរ​សព្ទ ១​គ្រឿង ឲ្យ​បុរស​នោះ​ប្រើ​ថែម​ទៀត ប៉ុន្តែ​ក្រោយ​ពី​ការ​រស់នៅ​ក្រោម​ដំបូលផ្ទះ​ជួល​ជាមួយ​គ្នា​បាន​រយៈពេល​២ខែ ទើប​នាង​បានដឹង​ថា បុរស​ដែល​នាង​ស្រលាញ់ និង​ចាត់ទុកជា​ប្ដី​នោះ មាន​ប្រពន្ធ​រួច​ទៅ​ហើយ តែ​លាក់បាំង​នាង​រហូត​មក​។ ពេល​នោះ នាង​ក៏​បាន​សុំ​បុរស​នោះ​បែក​គ្នា និង​បាន​ទាមទារ​យក​ទូរ​សព្ទ​ដែល​នាង​ទិញ​ឲ្យ​នោះ មក​វិញ ប៉ុន្តែ​ប្រុស​ស្នេហ៍​បណ្ដូលចិត្ត មិន​ត្រឹមតែ​មិន​ឲ្យ​វិញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចាប់​នាង​រុញ​និង​បោក​ផ្ទប់​របង​ថ្ម បណ្ដាល​ឲ្យ​នាង​សន្លប់​ស្ដូកស្ដឹង បន្ទាប់​មក បុរស​នោះ​បាន​រត់គេច​ខ្លួន​បាត់ ។

ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវលំ​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​នោះ​ឈ្មោះ ត​.​ម​.​រ អាយុ​២៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ នាង​ជា​ស្ត្រី​មេ​ម៉ា​កូន​១ ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ភ្លាម​ៗ ។ ចំណែក​បុរស​ជា​ប្រុស​ស្នហ៍​ឈ្មោះ ថា​ច់ បិ​ន អាយុប្រមាណ​៣០​ឆ្នាំ អ្នក​ទាំង​២​នាក់​នេះ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​កើតហេតុ​ខាងលើ (​កំពុង​រត់គេច​ខ្លួន​) ។

ប្រជា​ការពារ​ម្នាក់ ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ​អ្នក​ទាំង​២​បាន​ដើរ​តាម​ផ្លូវ​ជាមួយ​គ្នា ហើយ​បុរស ​ដែល​ជា​ប្រុស​ស្នេហ៍ ​ប្រុង​យក​ទូរសព្ទ​១​គ្រឿង​ ដែល​នាង​ទិញ​ឲ្យ​ទៅ​ដាក់បញ្ចាំ។ ប៉ុន្តែ​ពេល​នោះ ​នារី​ខាងលើ​ បាន​រារាំង​មិន​ឲ្យ​យក​ទៅ​បញ្ចាំ​នោះ​ទេ មិនតែប៉ុណ្ណោះ​ នាង​បាន​ទាមទារ​យក​ទូរសព្ទ​នេះ​ពី​បុរស​នោះ​វិញ ទើប​បង្ក​ឲ្យ​មានការ​ទាស់​ពាក្យ​សម្ដី​គ្នា ហើយ​បុរស​នោះ​ ក៏​បាន​ចាប់​នាង​រុញ ​និង​បោក​ផ្ទប់​របង​ថ្ម បណ្ដាល​ឲ្យ​រង​របួស​សន្លប់​ឈឹង​តែ​ម្ដង ។

ប្រជា​ការពារ​ដដែល ​បាន​និ​យា​បន្ត​ថា រវាង​នារី​រង​គ្រោះ​ និង​ជន​ដៃដល់​នោះ​ បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ ដោយ​មុន​ទាក់ទង​នាង​បុរស​នោះ ​មាន​ប្រពន្ធ​រួច​ទៅ​ហើយ តែ​បាន​លាក់បាំង​មិន​ឲ្យ​នាង​ម្នាក់​នោះ​ ដឹង​ឡើយ ចំណែក​នារី​នោះ​វិញ បាន​ស្រលាញ់​បុរស​នោះ​ស្មោះ
និង​បាន​ចាត់​ទុក​បុរស​នោះ​ជា​ប្ដី​តែ​ម្ដង។ ដោយ​ក្ដី​ស្រលាញ់​ នាង​ក៏​បាន​ទិញ​ទូរសព្ទ ​១​គ្រឿង ​ឲ្យ​បុរស​នោះ​ប្រើប្រាស់​ថែម​ទៀត​ផង ហើយ​អ្នក​ទាំង​២​ បាន​រស់នៅ​ក្រោម​ដំបូលផ្ទះ​ជួល ​តែ​មួយ​ជាមួយ​គ្នា​អស់​រយៈពេល​២​ខែ ​មក​ហើយ ។

ប្រជា​ការពារ​ខាងលើ ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ប៉ុន្តែ​នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ ​នាង​បានដឹង​ថា មុន​ពេល​មក​ទាក់ទង​សុំ​ស្នេហ៍​ពី​នាង ប្រុស​កំណាន់ចិត្ត​ មាន​ប្រពន្ធ​រួច​ទៅ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​នាង​ខកចិត្ត​យ៉ាង​ខ្លាំង នាង​ក៏​បាន​សុំ​បែក​គ្នា ​និង​ទាមទារ​យក​ទូរសព្ទ​វិញ។ ប៉ុន្តែ​បុរស​នោះ​មិន​ត្រឹមតែ​មិន​ព្រម​ឲ្យ​វិញ​ប៉ុណ្ណោះ​ទេ ប្រុង​យក​ទៅ​ដាក់បញ្ចាំ​ថែម​ទៀត ទើប​ក្លាយជា​ទំនាស់ពាក្យ​សម្ដី អ្នក​ទាំង​២​ ដើរ​បណ្ដើរ​ឈ្លោះប្រកែក​គ្នា​បណ្ដើរ។ បន្ទាប់​មក ​បុរស​នោះ​ក៏​ចាប់​នាង​រុញច្រាន​ និង​បោក​ផ្ទប់​របង​ថ្ម​ពេញទំហឹង បណ្ដាល​ឲ្យ​នាងរង​របួស​សន្លប់​ស្ដូកស្ដឹង រួច​ហើយ​បុរស​នោះ​បាន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ខណៈនោះ ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ទៅ​ចោមរោម​មើល ព្រមទាំង​ហៅ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​នាង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ដើម្បី​សង្គ្រោះបន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ