ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងច្រានចោលរបាយការណ៍របស់ក្រុមអ្នកវិភាគអាមេរិកដែលថារុស្ស៊ីបាត់បង់កម្លាំងប្រយុទ្ធ (ស្លាប់ របួស និងបាត់ខ្លួន) ១,២លាននាក់នៅក្នុងសង្គ្រាមអ៊ុយក្រែនរយៈពេលជិត៤ឆ្នាំកន្លងទៅនេះ។ ក្រឹមឡាំងថាការវិភាគរបៀបនេះមិនអាចយកជាបានការទាល់តែសោះ។ ការថ្លែងដូច្នេះដើម្បីឆ្លើយតបទៅមជ្ឈមណ្ឌលស្រាវជ្រាវជ្រាវអំពីយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) មានទីស្នាក់ការធំនៅទីក្រុងវ៉ាស៊ីនតោន។

វិទ្យាស្ថានខាងលើនេះអះអាងថាគ្រាន់តែយុទ្ធជនរុស្ស៊ីដែលបានពលីនៅក្នុងសមរភូមិមានប្រមាណជាងបីសែននាក់ (៣២៥០០០នាក់) គិតចាប់ពីខែកុម្ភៈទៅទល់នឹងខែធ្នូ ឆ្នាំ២០២៥។ ក្រៅពីនេះ យុទ្ធជនរុស្ស៊ីជាង៨សែននាក់ (៨៧៥០០០) រងរបួស ឬបាត់ខ្លួនរហូតមកដល់សព្វថ្ងៃ។ វិទ្យាស្ថាននេះដាក់ជាការសន្និដ្ឋានថាចាប់តាំងពីសង្គ្រាមលោកលើកទី២រហូតមកដល់បច្ចុប្បន្ន គ្មានប្រទេសមហាអំណាចណាបាត់បង់កម្លាំងប្រយុទ្ធច្រើនដល់ថ្នាក់នេះឡើយនៅក្នុងសង្គ្រាមមួយលើកៗ។

ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស បដិសេធរបាយការណ៍នេះ។ លោកថ្លែងថារបាយការណ៍ដែលអាចជឿទុកចិត្តបានគឺមានតែតួលេខចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីតែប៉ុណ្ណោះ។ លោកយល់ថារបាយការណ៍នេះមិនគួរចាត់ទុកថាជាព័ត៌មានដែលអាចយកជាបានការទាល់តែសោះ។ សូមរំលឹកថាកាលពីខែកញ្ញា ឆ្នាំ២០២២ រុស្ស៊ីធ្លាប់អះអាងអំពីចំនួនយុទ្ធជនដែលបានពលីនៅលើសមរភូមិគឺ៥៩៣៧នាក់។ រុស្ស៊ីបញ្ចេញតួលេខតែមួយដងនេះគត់។

ចំនួនយុទ្ធជនពលីរបស់រុស្ស៊ីដែលគេផ្ទៀងផ្ទាត់អាចយកជាការបាន និងដែលចងក្រងដោយទស្សនាវដ្ដីមេឌីយ៉ាហ្សូណា (Mediazona) សហការជាមួយទូរទស្សន៍ប៊ីប៊ីស៊ី (BBC) របស់អង់គ្លេសគឺ១៦៣៦០៦នាក់គិតចាប់តាំងពីពេលផ្ទុះសង្គ្រាមដំបូងរហូតដល់ពាក់កណ្ដាលខែមករា ឆ្នាំ២០២៦។ វិទ្យាស្ថាន CSIS ក៏បានដកស្រង់ប្រភពនេះយកទៅធ្វើវិភាគនៅក្នុងរបាយការណ៍របស់ខ្លួនផងដែរ។

ដោយឡែកសម្រាប់អ៊ុយក្រែនវិញ វិទ្យាស្ថានខាងលើសន្និដ្ឋានថាអ៊ុយក្រែនពលីជីវិតយុទ្ធជនចន្លោះពី១សែនទៅ១,៤សែននាក់ ខណៈដែលយុទ្ធជន៤,៦សែនទៅ៥សែននាក់រងរបួស ឬបាត់ខ្លួន។ និយាយម៉្យាងទៀតថាខាងរុស្ស៊ីបាត់បង់កម្លាំងប្រយុទ្ធច្រើនជាងអ៊ុយក្រែនជាង២ដង។ ចំណែកឯជនស៊ីវិលវិញ អង្គការសហប្រជាជាតិបានផ្ទៀងផ្ទាត់ឃើញថាជនស៊ីវិលអ៊ុយក្រែនជិត១៥០០០នាក់បានស្លាប់គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២រហូតមកដល់ពេលបច្ចុប្បន្ន។ ជនស៊ីវិលរុស្ស៊ីក៏មានស្លាប់ខ្លះដែរ ប៉ុន្តែស្លាប់ត្រឹមខ្ទង់រាប់រយនាក់តែប៉ុណ្ណោះ៕ ប្រភព៖ ម៉ូស្គូថាមស៍ (Moscow Times) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ