ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ក់ក្តោ.ងចម្រុះយប់មិញ! ប្រធានក្រុម Mbappe អាចអវត្តមានប្រកួតក្រោយ

1 អាទិត្យ មុន

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង យកបាន៣ពិន្ទុពីការប្រកួតបើកឆាកពូល D

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង យកបាន៣ពិន្ទុពីការប្រកួតបើកឆាកពូល D របស់ខ្លួន នៃព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ ក្រោយយកឈ្នះអូទ្រីសទាំងលំបាកលទ្ធផល ១-០ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Esprit Arena មានមូលដ្ឋាននៅទីក្រុង ឌឹសសែលដូហ្វ (Düsseldorf)។ ហើយ១គ្រាប់នេះទៀតសោត គឺជាធ្វើឱ្យចូលទីខ្លួនឯងដោយខ្សែការពារអូទ្រីស Maximilian Wöber នៅនាទី ៣៨។នៅក្នុងជ័យជម្នះរបស់មាន់គកបារាំង ខ្សែប្រយុទ្ធ Kylian Mbappe រងរបួសបាក់ក្តោងចម្រុះបែកឈាម បន្ទាប់ពីប្រជែងបាល់បុកជាមួយនឹងស្មាខ្សែការពារអូទ្រីស Kevin Danso។

ទោះយ៉ាងណា ការប្រកួតត្រូវបានអនុញ្ញាតឱ្យលេងបន្ត ដោយគ្មានការប្តូរកីឡាករបារាំង ស្រាប់តែប្រធានក្រុមមាន់គកបារាំងវ័យ២៥ឆ្នាំរូបនេះ ដើរចេញពីទីលានដោយគ្មានការអនុញ្ញាត ក៏ទទួលបានកាតលឿងពីលោកអាជ្ញាកណ្តាល Jesús Gil Manzano មុនពេលខ្សែប្រយុទ្ធ Olivier Giroud ប្តូរជំនួសនៅនាទី ៩០។

ក្រៅពី Mbappe ដែលរងរបួសបាក់ក្តោងចម្រុះនោះ ខ្សែប្រយុទ្ធបារាំងម្នាក់ទៀត Antoine Griezmann ក៏រងរបួសបែកក្បាលហូរឈាមផងដែរក្នុងម៉ោងបន្ថែមវគ្គទី១ ក្រោយប្រជែងជាមួយខ្សែការពារអូទ្រីស Maximilian Wöber ហើយជ្រុលទៅបុកផ្ទាំងផ្សាយពាណិជ្ជកម្មនៅជិតទីលានប្រកួត។

ទោះយ៉ាងណា របួសខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះពុំធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យរុំបង់ក្បាល និងបន្តលេងរហូតដល់នាទី ៩០+១ មុនពេលប្តូរជំនួសដោយខ្សែបម្រើ Youssouf Fofana។អ្នកគាំទ្របង្ហាញក្តីបារម្ភយ៉ាងខ្លាំង ជុំវិញបញ្ហារបួសប្រធានក្រុម Mbappe ដែលអាចនឹងអវត្តមានសម្រាប់ការប្រកួតក្រោយ។

ទោះយ៉ាងណាក៏ដោយ ក្រោយចប់ការប្រកួតគ្រូបង្វឹកបារាំង លោក Didier Deschamps បានថែ្លងប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថា «ស្ថានភាព Mbappe ពុំសូវល្អទេ។ គេកំពុងនៅជាប់ជាមួយបុគ្គលិកពេទ្យ។ ដូច្នេះខ្ញុំមិនអាចប្រាប់អ្នកទាំងអស់គ្នាពីអ្វីផ្សេងទៀតបានទេ ព្រោះដូចជាស្មុគស្មាញណាស់ ហើយក៏ជារឿងអាក្រក់សម្រាប់ពួកយើង»។

ចំណែក លោក Philippe Diallo ប្រធានសហព័ន្ធបាល់ទាត់បារាំង ក៏បានប្រាប់អ្នកយកព័ត៌មានក្រោយចប់ការប្រកួតភ្លាមៗថា «របួស Mbappe មិនតម្រូវទទួលការវះកាត់នោះទេ ប៉ុន្តែស្ថានភាព និងទំហំរបួសនៅមិនទាន់ដឹងនៅឡើយ»។លទ្ធផលការប្រកួតវគ្គចែកពូល កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ៖ពូល D ៖-អូទ្រីស ០-១ បារាំងពូល E ៖-រូម៉ានី ៣-០ អ៊ុយក្រែន-បែលហ្ស៊ិក ០-១ ស្លូវ៉ាគី៕ (ប្រភព ៖ BBC, The Guardian និង The Mirror)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ