ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​អូស្ត្រាលី​ប៊ិះ​អាសន្ន​ធំ, ​​ពេល​កំពុង​ហោះ​ហើរ​សុខ​ៗ​ស្រាប់​តែ​ឆេះ​ម៉ាស៊ីនកណ្ដាល​អាកាស

3 ខែ មុន

​ទី​ក្រុង​វេលីងតុន៖ នេះ​អាច​ចាត់​ទុក​ថា​ជា​សំណាង​១​នៅ​ក្នុង​ចំណោម​​១​ពាន់​គ្រោះ​ថ្នាក់។ ​​​​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​​១​​គ្រឿង​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​អូស្ត្រាលី​នៅ​ពេល​ហោះ​ហើរ​ចេញ​ពី​ប្រទេស​នូវែល​ហ្សេ​ឡង់​សុខ​ៗ​ស្រាប់​តែ​ឆេះ​ម៉ាស៊ីន​ម្ខាង​ដោយ​ឥត​ដឹង​មូល​ហេតុ​​​ច្បាស់​លាស់​​។ ​អ្នក​បើក​យន្ត​ហោះ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ ដោយ​បិទ​ម៉ាស៊ីន​ដែល​ឆេះ​ ហើយ​រក​មើល​ព្រលាន​យន្ត​ហោះ​ណា​ដែល​នៅ​ជិត​បំផុត​ដើម្បី​ចុះ​ចត​​​នៅ​ក្នុង​គ្រា​អាសន្ន​។ នៅ​អំឡុង​ពេល​ប្រថុច​ញ៉ុច​នោះ អាកាស​យានិក​ប្រញាប់​ទាក់​ទង​ទៅ​​ព្រលាន​យន្ត​ហោះ​ដែល​គាត់​ចង់​​​ចុះ​ចតដើម្បី​ឱ្យ​គេ​ត្រៀម​ទី​កន្លែង​​ និង​ត្រៀម​ឡាន​បាញ់​ទឹក​ទុក​ឱ្យ​ហើយ​។​ ​សាក្សី​និយាយ​​ថា​នៅ​ពេល​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ…

​ទី​ក្រុង​វេលីងតុន៖ នេះ​អាច​ចាត់​ទុក​ថា​ជា​សំណាង​១​នៅ​ក្នុង​ចំណោម​​១​ពាន់​គ្រោះ​ថ្នាក់។ ​​​​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​​១​​គ្រឿង​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​អូស្ត្រាលី​នៅ​ពេល​ហោះ​ហើរ​ចេញ​ពី​ប្រទេស​នូវែល​ហ្សេ​ឡង់​សុខ​ៗ​ស្រាប់​តែ​ឆេះ​ម៉ាស៊ីន​ម្ខាង​ដោយ​ឥត​ដឹង​មូល​ហេតុ​​​ច្បាស់​លាស់​​។ ​អ្នក​បើក​យន្ត​ហោះ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ ដោយ​បិទ​ម៉ាស៊ីន​ដែល​ឆេះ​ ហើយ​រក​មើល​ព្រលាន​យន្ត​ហោះ​ណា​ដែល​នៅ​ជិត​បំផុត​ដើម្បី​ចុះ​ចត​​​នៅ​ក្នុង​គ្រា​អាសន្ន​។

នៅ​អំឡុង​ពេល​ប្រថុច​ញ៉ុច​នោះ អាកាស​យានិក​ប្រញាប់​ទាក់​ទង​ទៅ​​ព្រលាន​យន្ត​ហោះ​ដែល​គាត់​ចង់​​​ចុះ​ចតដើម្បី​ឱ្យ​គេ​ត្រៀម​ទី​កន្លែង​​ និង​ត្រៀម​ឡាន​បាញ់​ទឹក​ទុក​ឱ្យ​ហើយ​។​ ​សាក្សី​និយាយ​​ថា​នៅ​ពេល​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ គេ​ឃើញ​ម៉ាស៊ីន​យន្ត​ហោះ​ម្ខាង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​។​ ជា​ធម្ម​តា ​យន្ត​ហោះ​​ដឹក​អ្នក​ដំណើរ​ខ្នាត​ធំ​​ច្រើន​មាន​ម៉ាស៊ីន​​​២​គ្រឿង​​។ ដូច្នេះ បើ​យន្ត​ហោះ​​​ឆេះ​ម៉ាស៊ីន​ម្ខាង​ គេ​អាច​បិទ​កុង​តាក់ដើម្បី​ពន្លត់​ម៉ាស៊ីន​ដែល​ឆេះ​​ ហើយ​អាច​​​ប្រើ​ម៉ាស៊ីន​តែ​ម្ខាង​​ក៏​បានដែរ​​។​​

តាម​រយៈ​រូប​ថត​ដែល​គេ​ផ្ដិត​យក​ពី​វីឌីអូ​ឃ្លីប​ដែល​សាក្សី​ថត​បាន​ បាន​បង្ហាញ​ថា​ភ្លើង​ចាប់​ផ្ដើម​ឆាប​​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ អ្នក​បើក​យន្ត​ហោះ​ខិត​ខំ​​បញ្ជា​ដៃ​ចង្កូត​​ដើម្បី​ចុះ​​ចត​ជា​បន្ទាន់​នៅ​ព្រលាន​យន្ត​ហោះ​ដែល​នៅ​ជិត​បំផុត​។ ពេល​នោះ យន្ត​ហោះ​ពោរ​ពេញ​ដោយ​ភាព​ក្រឡាប់​ចាក់​ ម្ដង​ផ្អៀង​ទៅ​ឆ្វេង ម្ដង​ផ្អៀង​ទៅ​ស្ដាំ។ សារ​ព័ត៌​មាន​ផ្សាយ​ថា​អ្នក​ដំណើរ​នៅ​ក្នុង​យន្ត​ហោះ​នោះក៏​មាន​អ្នក​រង​របួស​ជា​ច្រើន​នាក់​ផង​ដែរ​ដោយ​សារ​ការ​ប៉ះ​ទង្គិច​ក្បាល​គ្នា ឬ​ប៉ះ​ទង្គិច​នឹង​របស់​របរ​នៅ​ក្នុង​យន្ត​ហោះ ។ ប៉ុន្តែ​របួស​បន្តិច​បន្តួច​មិន​​ថ្វី​ទេ​។ ធ្វើ​ម៉េច​ឱ្យ​តែ​អាច​រក្សា​ជីវិត​ឱ្យ​នៅ​គង់​​វង្ស។​

​​​យន្ត​ហោះ​ម៉ាក​បូអ៊ីង​៧៣៧​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​វើជីន អូស្ត្រាលី  (Virgin Australia) ​កំពុង​ហោះ​ហើរ​នៅ​លើ​ផ្ទៃ​អាកាស​នូវែល​ហ្សេឡង់​សំដៅ​ទៅ​​​ទី​ក្រុង​​​មែល​ប៊ន​ ប្រទេស​អូស្ត្រាលី​សុខ​ៗ​មិន​ទាន់​ដល់​គោល​ដៅ​ផង​ស្រាប់​តែ​​​ចុះ​ចត​​ជា​បន្ទាន់​​នៅ​ទី​ក្រុង​អ៊ីវើ​ខា​​ហ្គីល (Invercargill) ប្រទេស​នូវែល​ហ្សេឡង់​។ នៅ​ពេល​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​​ឃើញ​ឡាន​ទឹក​រង់​ចាំ​យ៉ាង​​ត្រៀប​ត្រា​ដើម្បី​ពន្លត់​ភ្លើង​​​​។ ​​​យន្ត​ហោះ​​​នេះ​ចាក​​ចេញ​ដំណើរ​ពី​​ទី​ក្រុង​​​ឃ្លីនថោន (Queenstown) បាន​ប្រហែល​៥០​នាទី​ក៏​ជួប​នឹង​ហេតុ​ការណ៍​នេះ​តែ​ម្ដង​​។ នេះ​បើ​តាម​​ការ​ឱ្យ​ដឹង​ពី​​លោក​លីន ក្រូសុន (Lynn Crosson) ជា​អ្នកគ្រប់​គ្រង​ក្រុម​អ្នក​ពន្លត់​អគ្គិ​ភ័យ និង​សង្គ្រោះ​បន្ទាន់​​នៃ​ប្រទេស​នូវែល​ហ្សេឡង់​។​

គេ​មិន​ទាន់​ដឹង​​ថា​មូល​ហេតុ​អ្វី​បាន​ជា​​យន្ត​ហោះ​នេះ​ឆេះ​ម៉ាស៊ីន​ម្ខាង​ ហើយ​ក៏​មិន​ដឹង​ថា​មាន​អ្នក​ដំណើរ​ប៉ុន្មាន​នាក់​នៅ​លើ​យន្ត​ហោះ​នោះ​ដែរ​។ ​​​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​អាកាស​យាន​ដ្ឋាន​ឃ្វីន​ថោន។ ប៉ុន្តែ​ប្រភព​ខ្លះ​ថា​មាន​អ្នក​ដំណើរ​៧៣​នាក់។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​វើជីន អូស្ត្រាលី យល់​ថា​ឧបទ្ទវហេតុ​ឆេះ​ម៉ាស៊ីន​យន្ត​ហោះ​​លើក​នេះ​អាច​​​បណ្ដាល​មក​ពី​សត្វ​បក្សី​ហើរ​​​ទៅ​បុក​យន្ត​ហោះ​ ឬ​ហោះ​ចូល​​កង្ហារ​យន្ត​ហោះ​។​​​

ករណី​សត្វ​បក្សី​ហើរ​ចូល​ក្នុង​កង្ហារ​យន្ត​ហោះ ឬ​ហើរ​ទៅ​បុក​យន្តហោះ​មាន​កម្រិត​​០,០៤% មាន​ន័យ​ថា​នៅ​ក្នុង​ចំណោម​ជើង​ហោះ​ហើរ​ទៅ​មក​​​១​ម៉ឺន​ដង​មាន​​៤​ដង​ដែល​ជួប​នឹង​ហេតុ​ការណ៍​នេះ​។ នេះ​បើ​តាម​ការ​រៀប​រាប់​​របស់​​អាកាស​ចរណ៍​ស៊ីវិល​នូវែល​ហ្សេ​ឡង់​​​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន​។ ​យន្ត​ហោះ​អាច​នឹង​រង​គ្រោះ​កម្រិត​ណា​អាស្រ័យ​ទៅ​លើ​​​កត្តា​ជា​ច្រើន​ដូច​ជា​៖ ​សត្វ​បក្សី​ហើរ​ទៅ​ប៉ះ​ចំ​កន្លែង​ណា​នៃ​យន្ត​ហោះ​? សត្វ​បក្សី​ទំហំ​ប៉ុណ្ណា? និង​​អ្នក​បើក​យន្ត​ហោះ​ចេះ​គ្រប់​គ្រង​​សភាព​ការណ៍​នៅ​ក្នុង​គ្រា​អាសន្ន​បែប​នេះ​បាន​​ល្អ​កម្រិត​ណា។ មាន​ន័យ​ថា​បើ​មើល​ស្ថាន​ភាព​មិន​ស្រួល​ទេ អាកាស​យានិក​ប្រញាប់​រក​កន្លែង​ចុះ​ចត​ទាន់​ពេល​វេលា​ប្រហែល​ជា​អាច​ជួយ​ស្រោច​ស្រង់​ស្ថាន​ការណ៍​បាន​។

​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ទៀត​ កាល​ពី​ថ្ងៃ​អាទិត្យ​ នូវែល​ហ្សេឡង់​ក៏​ជួប​ប្រទះ​នឹង​បញ្ហា​យន្ត​ហោះ​ផង​ដែរ​។ លើក​នេះ​កើត​ឡើង​ចំពោះ​យន្ត​ហោះ​យោធា​ដែល​ដឹក​នាយក​រដ្ឋ​មន្ត្រី​នូវែល​ហ្សេឡង់​​ផ្ទាល់​តែ​ម្ដង​។ យន្ត​ហោះ​​នោះ​​ត្រូវ​ដឹក​លោក​​គ្រីស​ស្តូហ្វឺ ឡាក់​សុន (Christopher Luxon) ទៅ​ប្រទេស​ជប៉ុន​ដើម្បី​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​​។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​, នៅ​ពេល​​ចូល​ចាក់​សាំង​នៅ​ប្រទេស​ប៉ាពួ​ញូហ្គីណេ​ យន្ត​ហោះ​នេះ​ក៏​ខូច​ម៉ាស៊ីន​តែ​ម្ដង​​។ ​តាម​គម្រោង, លោក​​ឡាក់សុន​ត្រូវ​ស្នាក់​នៅ​ប្រទេស​ជប៉ុន​​​បួន​ថ្ងៃ​ដើម្បី​​ផ្សព្វ​ផ្សាយ​វិស័យ​ធុរ​កិច្ច​។ នៅ​ពេល​ជួប​នឹង​ឧបទ្ទវហេតុ​នេះ លោក​ត្រូវ​​បង្ខំ​ចិត្ត​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ឯក​ជន​វិញ​ម្ដង​​។ ដំណឹង​នេះ​ទើប​តែ​ត្រូវ​ខុទ្ទ​កាល័យ​របស់​លោក​បង្ហើប​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​។ ​

សារ​ព័ត៌​មាន​នូវែល​ហ្សេឡង់​ចុះ​ផ្សាយ​ថា​យន្ត​ហោះ​បូអ៊ីង​៧៥៧​នោះ​នៅ​ពេល​ចូល​ចាក់​សាំង​នៅ​ប្រទេស​ប៉ាពួ​ញូហ្គីណេ​សុខ​ៗ​ស្រាប់​តែ​គាំង​ម៉ាស៊ីន​​ប្រើ​ការ​លែង​កើត​តែ​ម្ដង​។ ដូច្នេះ ក្រុម​អ្នក​វិនិយោគ​ និង​អ្នក​សារ​ព័ត៌​មាន​ដែល​ត្រូវ​រួម​​​ដំណើរ​ជា​មួ​យលោក​​ឡាក់​សុន​ទៅ​ប្រទេស​ជប៉ុន​​​ត្រូវ​ជាប់​ផុង​ទៅ​ណា​មិន​រួច​។ គេ​ដឹង​ថា​យន្ត​ហោះយោធា​ដែល​ប្រុង​ដឹក​លោក​ឡាក់​សុន​ទៅ​​ប្រទេស​ជប៉ុន​នោះ​ចាស់​ហួស​សម័យ​ណាស់​ទៅ​ហើយ​។ ពោល​គឺ​វា​មាន​អាយុ​កាល​តាំង​ពី​ជាង​៣០​ឆ្នាំ​មុន​មក​ម៉្លេះ​។

នេះ​ចេះ​យន្ត​ហោះ​ខូច​ម៉ាស៊ីន​​​មុន​ពេល​ចាក​ចេញ​ដំណើរ​។ ចុះ​បើ​កំពុង​ហោះ​ហើរ​កណ្ដាល​អាកាស​សុខ​ៗ​ស្រាប់​តែ​រលត់​ម៉ាស៊ីន​កណ្ដាល​ទី​មិន​វីរ​វរ​ធំ​ទៅ​ហើយ? នៅ​ពេល​និយាយ​ដល់​ចំណុច​នេះ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ព្រឺ​សម្បុរ​ខ្ញាក​ៗ​។ គេ​​នៅ​ចាំ​បាន​ថា​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ថ្នាក់​ដឹក​នាំ​កំពូលៗ​​​របស់​ប្រទេស​ខ្លះ​កម្រិត​ប្រធានា​ធិបតី ឬ​​អនុ​ប្រធានា​ធិបតី​បាន​ស្លាប់​ជា​ហូរ​ហែ​ដោយ​សារ​ការ​ធ្លាក់​យន្ត​ហោះ ​​ឬ​ឧទ្ធ​ម្ភា​គ​ចក្រ​។ ឧទាហរណ៍​​​ករណី​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​ស្លាប់​ប្រធានា​ធិបតី​អ៊ីរ៉ង់កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា​​, ករណី​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​ស្លាប់​អនុ​ប្រធានា​ធិបតី​​​ប្រទេស​ម៉ាឡាវី​ (Malawi) កាល​ពី​​ថ្ងៃ​ទី​១១ ខែ​មិថុ​នា និង​ករណី​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​ស្លាប់​អគ្គ​បញ្ជា​ការ​កង​ទ័ព​ប្រទេស​កេន​យ៉ា​ (Kenya) កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា​ ឆ្នាំ​២០២៤​។​

ងាក​មក​ករណី​ប្រទេស​នូវែល​ហ្សេឡង់​វិញ​ម្ដង, រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​នូវែលហ្សេឡង់​សារ​ភាព​ថា​ករណី​ខូច​ម៉ាស៊ីន​យន្ត​ហោះនេះ​​​ជា​ក្ដី​អាម៉ាស់​របស់​ប្រទេស​ជាតិ​។ ចាប់​ពី​ពេល​នេះ​ត​ទៅ​, នៅ​ពេល​លោក​ឡាក់​សុន និង​គណៈ​ប្រតិ​ភូ​អម​នាយក​រដ្ឋ​មន្ត្រី​ធ្វើ​ដំណើរ​ទៅ​ណា​ម្ដង​ៗ នូវែល​ហ្សឺឡង់​ត្រូវ​​ប្រើ​ប្រាស់​យន្ត​ហោះ​​ឯក​ជន​​វិញ​ម្ដង​។ ក្រសួង​ការ​ពារ​ជាតិ​​នូវែល​ហ្សេឡង់​មិន​សូវ​មាន​របស់​ទាន់​សម័យ​សម្រាប់​ប្រើ​ប្រាស់​ប៉ុន្មាន​ទេ​។ ដូច្នេះ​ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ប្រាស់​របស់​ហួស​ដឺឡេ​​។ រដ្ឋាភិបាល​​ចង់​ចំណាយ​ថវិកា​បន្ថែម​ទៀត​ទៅ​លើ​វិស័យ​ការ​ពារ​ជាតិ​ដែរ​​។ ប៉ុន្តែ​ជាក់​ស្ដែង​ រដ្ឋ​ព្យាយាម​ចាយ​លុយ​យ៉ាង​ត្បិត​ត្រៀត​ជា​ទី​បំផុត​​នៅ​ពេល​​សេដ្ឋ​កិច្ច​ជាតិ​កំពុង​ធ្លាក់​ចុះ​៕​

វីឌីអូ
https://www.youtube.com/watch?v=BFVivoLsvxo&ab_channel=Newshub
https://cdn.jwplayer.com/previews/3xjMkWF2

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ