រាជធានីភ្នំពេញ ៖ តារាចម្រៀងនាងកៅ សុភា ឬ Sophia Kao បានប្រកាសបញ្ចប់កុងត្រាជាមួយផលិតកម្មបរមី បន្ទាប់ពីនាងខកខានមិនបានចេញទៅសម្តែងជាមួយតារាចម្រៀងរ៉េប លោកវណ្ណដា នៅសហរដ្ឋអាមេរិក ក្នុងកម្មវិធីមហោស្រពប្រគំមួយដែលប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ។

ការប្រកាសបញ្ចប់កុងត្រាពីតារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើឡើងស្របគ្នាជាមួយនឹងសេចក្តីប្រកាសរបស់ផលិតបរមី ដែលបានបញ្ជាក់ពីការខកខានមិនបានចេញទៅសម្តែងរបស់កៅ សុភា នៅទឹកដីអាមេរិកដោយឈរលើមូលហេតុផលផ្ទាល់ខ្លួន ។

បើយោងតាមសេចក្តីប្រកាសពីតារាចម្រៀងនាង កៅ សុភា ដែលបានបង្ហោះលើបណ្តាញសង្គមបានឲ្យដឹងថា ក្រោយពីរូបនាងបានចូលម្រើការងារជាសិល្បការិនី នៅក្នុងអតីតផលិតកម្មអស់រយៈពេល៤ឆ្នាំចុងក្រោយនេះ នាងសូមប្រកាសពីការចាកចេញ និងបញ្ចប់កុងត្រាជាមួយអតីតផលិតកម្មចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

នាងបញ្ជាក់ថា បើទោះបីជានាងសោកស្តាយដែលនាង និងអតីតផលិតកម្មបានដើរទីបញ្ចប់យ៉ាងណាក្តី ក៏រូបនាងដឹងថា មុនពេលដែលនាងចាកចេញពីអតីតផលិតកម្មនេះ នាងបានលះបង់អ្វីៗគ្រប់យ៉ាងដែលខ្លួនអាចធ្វើបានដោយការបេ្តជ្ញាចិត្តបំផុតចំពោះបុគ្គលិក អ្នកគ្រប់គ្រងផលិតកម្ម និងម្ចាស់ផលិតកម្ម ។

នាងបន្តថា ភាពជោគជ័យក្នុងអាជីពសិល្បៈរបស់នាង និងផលិតកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមែនឯករាជ្យពីគ្នានោះទេ ពោលគឺយើងបានធ្វើចេញឡើងរួមគ្នាបង្កើតបានជាសមិទ្ធផលដ៏អស្ចារ្យដែលគ្រប់គ្នាបានឃើញអំពីវត្តមានរបស់នាងក្នុងការជម្រុញឲ្យតន្ត្រីប្រភេទរបស់ប្រទេសយើងឲ្យទៅកាន់ជួរមុខ និងបង្កើននូវការទទួលស្គាល់កាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ និងពីទស្សនិកជនអន្តរជាតិ ។

យ៉ាងណា បើតាម កៅ សុភា នាងមិនអាចបង្ហាញអារម្មណ៍ ឬហេតុផលសម្រាប់ការសម្រេចចិត្តមិនបន្តដំណើរលើវិថីមួយនេះជាមួយអតីតផលិតកម្មបានឡើយ ប៉ុន្តែនាងស្នើឲ្យបណ្តាទស្សនិកជនមេត្តាយោគយល់ និងបន្តគាំទ្ររូបនាងក្នុងនាមជាសិល្បការិនីឯករាជ្យ ដោយពុំស្ថិតក្រោមស្ថាប័ន ឬផលិតកម្មណាមួយនោះឡើយ ។


ចែករំលែកព័តមាននេះ