ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីកំពប់ប្រេងនៅសិង្ហបុរី! អាជ្ញាធរធានាសុវត្ថិភាពលើការបរិភោគត្រីលក់តាមទីផ្សារ

1 អាទិត្យ មុន

ប្រទេសសិង្ហបុរី ៖ យោងតាមប្រភពពីសារព័ត៌មាន AsiaOne របស់ប្រទេសសិង្ហបុរី នៅថ្ងៃទី១៧ ខែ

ប្រទេសសិង្ហបុរី ៖ យោងតាមប្រភពពីសារព័ត៌មាន AsiaOne របស់ប្រទេសសិង្ហបុរី នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានរាយការណ៍ថា ទីភ្នាក់ងារអាហាររបស់សិង្ហបុរី បានប្រកាសថា កសិដ្ឋានចិញ្ចឹមត្រីក្នុងតំបន់ពុំរងផលប៉ះពាល់ ដោយសារឧប្បត្តិហេតុកំពប់ប្រេង ដែលកើតឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ នោះទេ ហើយត្រីលក់តាមទីផ្សារក្នុងស្រុក នៅតែមានសុវត្ថិភាពក្នុងការបរិភោគ។

នៅក្នុងការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅ ទីភ្នាក់ងារអាហារសិង្ហបុរី បានអះអាងថា មានហានិភ័យទាបនៃការលេចធ្លាយប្រេងរាលដាលដល់ច្រកសមុទ្រចូហូ (Johor) ប្រទេសម៉ាឡេស៊ី ដែលជាបណ្តុំកន្លែងកសិដ្ឋានចិញ្ចឹមត្រីរបស់ប្រទេសសិង្ហបុរី។ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានកសិដ្ឋានចិញ្ចឹមត្រីណាមួយរងផលប៉ះពាល់ដោយសារតែការកំពប់ប្រេងនោះទេ ហើយត្រីក្នុងស្រុកនៅតែមានសុវត្ថិភាពសម្រាប់ការបរិភោគ។ អាជ្ញាធរជំនាញនៅតែបន្តទាក់ទងជាប្រចាំជាមួយនឹងបណ្តាកសិដ្ឋានចិញ្ចឹម ក៏ដូចជាបន្តតាមដានស្ថានភាពយ៉ាងដិតដល់ជាទីបំផុត។

គួរបញ្ជាក់ថា ករណីកំពប់ប្រេងកើតចេញពីឧប្បត្តិហេតុ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីកាប៉ាល់បូមខ្សាច់ដែលមានទង់ជាតិហូឡង់ Vox Maxima ១គ្រឿង បានទៅបុកកប៉ាល់លេនដ្ឋាន ដែលមានទង់ជាតិសិង្ហបុរី Marine Honour ១គ្រឿងកំពុងចតនៅស្ថានីយ Pasir Panjang ដែលបណ្តាលឱ្យឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសសិង្ហបុរីប្រែទៅជាពណ៌ខ្មៅ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយ កាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅ បានឱ្យដឹងថា អាជ្ញាធរសិង្ហបុរី កំពុងបន្តសកម្មភាពសម្អាតទីតាំងដែលមានការលេចធ្លាយប្រេង ខ្លះរបាយការណ៍ក្នុងស្រុកអះអាងថា ពុំមានការស្លាប់សត្វព្រៃ នៅក្នុងតំបន់ដែលមានការលេចធ្លាយប្រេងនៃកោះ Pulau Sekijang Bendera ឬ St John’s Island និងកោះ Lazarus នោះទេ ប៉ុន្តែអ្នកអភិរក្សអះអាងថា ពួកគេកំពុងប្រុងប្រយ័ត្នចំពោះផលប៉ះពាល់រយៈពេលវែងសម្រាប់ធម្មជាតិ៕ (ប្រភព ៖ AsiaOne និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ