ក្រៅពីស្រូវ និងអង្ករ កសិផលដែលជាអាហារ ហើយកម្ពុជាអាចមានសមត្ថភាពនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសមាន ប្រមាណជា៧មុខដែរ ហើយនៅពេលនេះ ដោយមួយមុខៗទំហំនៃការនាំចេញ គឺលើសពី៧លានដុល្លារឡើងទៅ ។

ស្ថិតិនៃការនាំចេញដែលសារព័ត៌មានកោះសន្តិភាព បានទទួលនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះបានបង្ហាញថា គិតពីខែមករា ដល់ខែឧសភា ផលិតផលកសិកម្មដែលជាដំណាំសម្រាប់បម្រើការហូបចុក អាចនាំចេញផលិតផលមួយចំនួន ដែលរួមមាន ដូចជា ចេក គ្រាប់ស្វាយចន្ទី ស្វាយ មៀន ម្រេច ដំឡូងមី និង ពោតជាដើម ។
តាមសិ្ថតិដែលបានកត់ត្រា បានបង្ហាញថា ៥ខែដើមឆ្នាំ២០២៤ កម្ពុជាអាចមានសមត្ថភាពនាំចេញចេកនៅក្នុងទឹកប្រាក់សរុប ៦២,៥៨លានដុល្លារ គ្រាប់ស្វាយចន្ទីមានទំហំទឹកប្រាក់ប្រមាណជា៤៦៦,១៩ លានដុល្លារ ស្វាយមានតម្លៃសរុបមាណជា ៩៦,៨៨ លានដុល្លារ ។

ប្រភពដដែលបានបន្ថែមថា ដោយឡែកសម្រាប់ផលិតផលមៀនវិញ គឺមានទឹកប្រាក់សរុប ២២,១៣ លានដុល្លារ ម្រេចគឺជិត ២៣ លានដុល្លារ ស្របពេលដែលពោតគឺមានទំហំប្រមាណជា ៧,៥១ លានដុល្លារ ។ រាល់ការនាំចេញកសិផលដែលបម្រើការហូបចុករបស់មនុស្សជាតិទាំងអស់នេះ សុទ្ធតែឡើងទាំងអស់លើកលែងតែ ចេកមួយទេដែលធ្លាក់ចុះ ។ ស្ថិតិបានបង្ហាញថា ការនាំចេញចេកនៅក្នុងរយៈពេលនេះធៀបនឹងរយៈពេលដដែល កាលពីឆ្នាំ២០២៣ គឺធ្លាក់ចុះ ៣៣,៨៦ ភាគរយឯណោះ ។

សម្រាប់គ្រាប់ស្វាយចន្ទីវិញមានកំណើនប្រមាណជា ៣៦,៨៨ ភាគរយ ស្វាយមានកំណើន៤២,៤១ ភាគរយ ដំឡូងមីមានកំណើនប្រមាណជា ៤៨,៧៤ភាគរយ ផ្លែមៀនមានកំណើនប្រមាណជា ១៣២,១៣លានដុល្លារ ហើយម្រេចមានកំណើនប្រមាណជា ២៤០,៥២ភាគរយ ដោយឡែកពោត គឺមានកំណើនដល់ទៅ ១.៤៦៣,៦២ ភាគរយឯណោះ ៕

ចែករំលែកព័តមាននេះ