ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្កាត់តាំងពីខេត្តស្វាយរៀង មកធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី ១៤ មិថុនា តែត្រូវម្ចាស់ម៉ូតូនិងអ្នកភូមិឃើញក៏ដេញក្របួចកបានភ្លាមៗ ក៏ប្រគល់ឲ្យសមត្ថកិច្ចចាត់វិធានការតែម្ដង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ សុខ ហេង អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ជននេះ ត្រូវបានម្ចាស់ម៉ូតូឈ្មោះ សង ពៅ ភេទប្រុស អាយុ៣០ឆ្នាំ និងអ្នកភូមិក្រឡេកឃើញទាន់ពេលព្យាយាមកាច់សោរម៉ូតូទាញជិះចេញពីផ្ទះជនរងគ្រោះ ហើយក៏នាគ្នាស្រែកផ្អើលឆោឡោដេញចាប់បានភ្លាមៗ ហើយក៏បានរាយការណ៏ប្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៏ទទូលយកជនសង្ស័យ។

ម៉ូតូដែលជនសង្ស័យព្យាយាមលួចយកមិនបានសម្រេចខាងលើនេះ ម៉ាកហុងដាឌ្រីម សេ១២៥
ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខបាត់ដំបង 1AP-3513។ បើតាមអ្នកភូមិបានបញ្ជាក់ថា ម៉ូតូនេះម្ចាស់ទុកនៅខាងមុខផ្ទះ ហើយជនដៃដល់បានដើរចូលទៅកាច់សោរអូសចេញ ឡើងជិះចេញផុតបន្តិច ក៏ត្រូវម្ចាស់ក្រឡេកឃើញស្រែកផ្អើលអ្នកភូមិតាមចាប់ប្រផាប់ប្រភីងក្របួចជាប់តែម្ដង។

គេមិនទាន់ទទូលបានចម្លើយសារភាពជាក់លាក់ពីលោកចោរ ដែលស្កាត់មកពីខេត្តស្វាយរៀងនេះបែបណានៅឡើយទេ ពាក់ព័ន្ធនឹងសកម្មភាពប្រព្រឹត្តអំពើចោរកម្មនេះ។ ប៉ុន្តែបើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចបានលើកឡើងថា ជនសង្ស័យម្នាក់នេះ អាចមានបក្ខពួកមកជាមួយ។ ជននេះអាចត្រូវបក្ខពួកដឹកយកមកទម្លាក់នៅទីនោះ រួចដើរចូលទៅលួចយកម៉ូតូតែម្ដង លុះធ្វើសកម្មភាពលួចបានហើយ ពេលព្យាយាមជិះចេញ ក៏ត្រូវម្ចាស់ឃើញទាន់ដេញក្របួចកអាវជាប់ល្មម។ ពេលនេះមន្ត្រីជំនាញ នៃអធិការស្រុកសង្កែ កំពុងសួរនាំនិងចាត់ការតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ