ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ពេល​តែ​មួយ​អគ្គិភ័យ​កើតឡើង​០២​ករណី​ផ្អើល​សមត្ថកិច្ច​ទាំង​កណ្ដាលថ្ងៃត្រង់

6 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ភ្លើងឆេះព្រៃ និង​ភ្លើង​ឆេះ​រោង​ស្នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​ចំនួន​០២​ករណី ហាក់​បាន​កើតឡើង​ព្រម​ៗ​គ្នា តែ​ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​ខេត្តបាត់ដំបង ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ទាំង​កណ្ដាលថ្ងៃត្រង់ នៅ​ថ្ងៃ​ទី ១៤…

ខេត្តបាត់ដំបង​ ៖ ភ្លើងឆេះព្រៃ និង​ភ្លើង​ឆេះ​រោង​ស្នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​ចំនួន​០២​ករណី ហាក់​បាន​កើតឡើង​ព្រម​ៗ​គ្នា តែ​ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​ខេត្តបាត់ដំបង ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ទាំង​កណ្ដាលថ្ងៃត្រង់ នៅ​ថ្ងៃ​ទី ១៤ មិថុនា​។

យោង​តាម​សេចក្ដី​រាយ​ការ​ណ៏​ពី​សមត្ថកិច្ច​ស្ដី​ពី «​អគ្គិភ័យ​» នេះ​ បាន​ឲ្យ​ដឹង​ថា ដំបូង​អគ្គិ​ភ័យ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី ១៤ មិ​ថុ​នា នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដោយ​បាន​ឆេះ​រោង​ប​គ្គ​លិ​ក​ស្នាក់​នៅ នៅ​ក្នុង​អាហារ​ដ្ឋា​ន «​ម្លប់​ស្លា ៩៩៩»​។ របាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ទៀត​ថា រោង​ស្នាក់​នៅ​នោះ​សាងសង់​ពី​ដែក​ប្រក់​ស្បូវ ជញ្ជាំង​ស្បូវ មាន​ទំហំ ៤​ម៉​x១២​ម៉ ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​យក​អស់ទាំង​ស្រុង​តែ​ម្ដង រាប់​ទាំង​សម្ភារ និងទ្រព្យសម្បត្តិ​នានា​ផង​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា រថយន្ត​ពន្លត់អគ្គិភ័យ​សមត្ថកិច្ច​មិន​បាន​ជួយ​បាញ់​ទឹក​ពន្លត់​ទេ ព្រោះ​កម្លាំង​មូលដ្ឋាន និងប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​នោះ បាន​នាំ​គ្នា​ប្រើប្រាស់ទុយោ​ទឹក​នៅ​តាម​ផ្ទះ ជួយ​បាញ់​ពន្លត់​មុន​ពេល​រថយន្ត​ទឹក​របស់​សមត្ថកិច្ច​ទៅ​ដល់​។ សមត្ថកិច្ច​បាន​ធ្វើការ​សួរនាំ​អំពី​មូលហេតុ ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិ​ភ័យ​នេះ​កើតឡើង ហើយ​បាន​រក​ឃើញ​ថា ជន​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​រោង​ស្នាក់​នៅ​ក្នុង​ហាង​នេះ គឺជា​ក្មួយ​ប្រុស​ម្ចាស់​ហាង ដែល​ទើប​មាន​អាយុ​០៤​ឆ្នាំ​។

កុមា​រា​ដ៏​រពឹសដៃ​នេះ បាន​យក​ដែកកេះ​ទៅ​កេះ​ដុត​ជញ្ជាំង​ស្បូវ​លេង ទើប​បង្ក​ជា​អគ្គិ​ភ័យ​ឆេះ​ខ្ទេច​ឆេះ​ខ្ទី​អស់​គ្មាន​សល់​បែប​នេះ​។ ជុំវិញ​តុល្យការ នៃ​ការ​ខូចខាត បើ​តាម​ម្ចាស់​ហាង​នេះ បាន​ប្រាប់​សមត្ថកិច្ច​ថា សម្ភារ ​ឬ​ទ្រព្យសម្បត្តិ​នានា ដែល​ខូចខាត​រួម​មាន​៖ ធុងបាស់​សម្រាប់​ចាក់​កំដរ​ភ្ញៀវ​ចំនួន​០៤​គ្រាប់ ប្រាក់​ប្រមាណ​២,៥​លាន​រៀល ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង និងសម្លៀក​បំពាក់​ជា​ច្រើន​ទៀត​រប​សៀ់​ជន​រង​គ្រោះ បាន​ក្លាយជា​ផេះ​ទាំងស្រុង​តែ​ម្ដង តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

ដោយឡែក នៅ​ឯ​ក្រុង​បាត់ដំបងឯណេះ​វិញ បើ​តាម​មន្ត្រី​អគ្គី​ភ័យ​បាន​និយាយ​ថា ខណៈ​ដែល​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​កំពុង​តស៊ូ​ប្រយុទ្ធ​ជាមួយនឹង​អគ្គិភ័យ ដែល​កំពុង​លេប​ត្របាក់​រោង​ស្នាក់​នៅ​យ៉ាង​សន្ធោសន្ធៅ ក្នុង​ហាង​«​ម្លប់​ស្លា​៩៩៩» នៅ​ស្រុក​សំពៅ​លូន ស្រាប់តែ​នៅ​ម៉ោង​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ សមត្ថកិច្ច​ក្រុង​បាត់ដំបង បាន​ប្រកាស​អាសន្ន​តាម​វិទ្យុទាក់ទង​ថា មាន​អគ្គិ​ភ័យ​កំពុង​ឆាបឆេះ​ព្រៃ​លើ​ដី​ទុក​ចោល​មួយ​កន្លែង ហើយ​កំពុង​រាលដាល​ខ្លាំង នៅ​ភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​ ។

ក្រោយ​ទ​ទូល​បាន​សេចក្ដី​ប្រកាស​អាសន្ន​នេះ ទាំង​កម្លាំង​អធិការ​ក្រុង​បាត់ដំបង ទាំង​កម្លាំង​ការិ​យាល័យ​ពន្លត់អគ្គិភ័យ​នៃ​ស្នងការ​ខេត្ត បាន​បញ្ចេញ​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញ​អន្តរា​គម​ន៍​ភ្លាម​ៗ ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់ និង​ទប់ស្កាត់​ការ​ឆេះ​រាលដាល​។ បើ​តាម​មន្ត្រី​អគ្គី​ភ័យ​បាន​ប្រាប់​ថា រថយន្ត​ទឹក​ចំនួន​០៥​គ្រឿង បាន​ចេញ​អន្តរា​គម​ន៍​ពន្លត់​ភ្លើងព្រៃ​នេះ​។

អគ្គិភ័យ​បាន​ឆេះ​រាលដាល​ព្រៃ​នៅ​លើ​ដី​ឡូ​ត៍ទុក​ចោល​នោះ តែ​មិន​មាន​ប៉ះពាល់​ផលដំណាំ ឬ ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​ទេ​។ ជុំវិញ​ករណី​កើត​មាន​អគ្គិភ័យ​នេះ បើ​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច រួម​ទាំង​សាក្សី​មួយ​ចំនួន​បាន​បំភ្លឺ​ផង អគ្គិ​ភ័យ​នេះ បាន​កើតឡើង​ដោយសារ​តែ​មាន​ជន​មិន​ស្គាល់​មុខ​«​លួច​ដុត​»​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​ជន​មិន​ស្គាល់​មុខ​ធ្លាប់​លួច​ដុត​ព្រៃ​លើ​ដី​ដែល​ម្ចាស់​ទុក​ចោល​នៅ​តំបន់​នោះ ដែល​ម្ដង​ៗ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ប្រជាពលរដ្ឋ ទាំង​សមត្ថកិច្ច​នាំ​គ្នា​ចេញ​អន្តរា​គម​ន៍​ ៕ ​

អត្ថបទសរសេរ ដោយ