ទីក្រុងបាងកក៖ អាជ្ញាធរថៃថ្លែងថាថ្មីៗនេះខ្លួនរឹបអូសបានម្សៅទឹកដោះគោកូនង៉ែតក្លែងក្លាយរបស់វៀតណាមដែលគិតជាទឹកប្រាក់ជាង៤,៨សែនដុល្លារ។ ម្សៅទឹកដោះគោទាំងនេះត្រូវពួកឈ្មួញរត់ពន្ធដោយលួចលាក់ពីប្រទេសវៀតណាមចូលទៅប្រទេសថៃ។ សមត្ថកិច្ចថៃចូលឆែកឆេរឃ្លាំងស្តុកទំនិញមួយកន្លែងនៅខេត្តសមុទ្រប្រាកាន និងរកឃើញម្សៅទឹកដោះគោទាំងនេះ។ បុគ្គលិកបម្រើការចំនួន៦នាក់ជាពលករចំណាកស្រុកដែលទៅធ្វើការនៅប្រទេសថៃក៏ត្រូវចាប់ខ្លួនផងដែរ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរឹបអូសទំនិញ៤១ប្រភេទ, ម្សៅទឹកគោ២ម៉ឺនកំប៉ុង និងអាហារបំប៉នជាច្រើនប្រភេទ។ មុននឹងឈានដល់ការការចុះឆែកឆេរនេះ, គណៈកម្មការគ្រប់គ្រងចំណីអាហារ និងឱសថ(អែហ្វឌីអេ -FDA)រកឃើញគេហទំព័រផ្សព្វផ្សាយលក់ម្សៅទឹកដោះគោកូនង៉ែត។ ពួកគេផ្សាយអួតអាងអំពីគុណភាព និងអត្ថប្រយោជន៍នៃផលិតផលរបស់ខ្លួន។
ម្សៅទឹកដោះគោក្លែងក្លាយរបស់វៀតណាមដែលសមត្ថកិច្ចថៃរឹបអូសជាវត្ថុតាង។ ម៉ាកយីហោទាំងនេះជាម៉ាកត្រឹមត្រូវហើយ។ ប៉ុន្តែពួកឈ្មួញវៀតណាមយកផ្លាករបស់គេមកបិទពីក្រៅកំប៉ុងទឹកដោះគោក្លែងក្លាយរបស់ខ្លួន។ពួកគេផ្សាយថាផលិតផលម្សៅទឹកដោះគោនេះទទួលបានការអនុញ្ញាត និងលិខិតបញ្ជាក់គុណភាពពីអែហ្វឌីអេ (FDA) របស់ប្រទេសអាមេរិក ហើយជាម្សៅទឹកដោះគោដែលលក់ដាច់បំផុតនៅប្រទេសនូវែលហ្សេឡង់។ ប៉ុន្តែដល់ពេលឆែកមើលឱ្យមែនទែនទៅទើបដឹងថាជាផលិតផលក្លែងក្លាយរបស់វៀតណាមសោះ។ ពួកគេផ្សព្វផ្សាយតាមបណ្ដាញសង្គមជាច្រើន។

សមត្ថកិច្ចរកឃើញថាផលិតផលទាំងនេះត្រូវពួកឈ្មួញរក្សាទុកនៅក្នុងដេប៉ូស្តុកទំនិញមួយកន្លែងដែលមានម្សៅទឹកដោះគោផ្សេងៗគ្នាចំនួន៨ម៉ាកយីហោសរុបស្មើនឹងជាង១ម៉ឺន ២ពាន់កំប៉ុង។ ក្រៅពីនេះរកឃើញអាហារបំប៉នជាង៣ពាន់មុខសុទ្ធតែគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលទេ។ ចំណែកថ្នាំពេទ្យ និងផលិតផលវីតាមីនរកឃើញ៩៥ប្រភេទ។

នៅពេលចុះទៅដល់ដេប៉ូនោះ សមត្ថកិច្ចឃើញបុគ្គលិកចំណាកស្រុកទាំង៦នាក់ដែលជនជាតិឡាវ និងភូមាកំពុងវេចខ្ចប់ផលិតផលទៅតាមការកុម្ម៉ង់ទិញរបស់អតិថិជន។ អ្នកទាំងនេះត្រូវសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ទី១-ពីបទស៊ុមគ្រលុំជាមួយឈ្មួញដើម្បីលក់ផលិតផលគ្មានការអនុញ្ញាត និងទី២-ពីបទចូលធ្វើការនៅប្រទេសថៃដោយគ្មានលិខិតស្នាមត្រឹមត្រូវ។

សមត្ថកិច្ចថៃថ្លែងថាជនជាតិវៀតណាមរត់ពន្ធទំនិញទាំងនេះពីប្រទេសរបស់ខ្លួនចូលទៅក្នុងប្រទេសថៃ។ បន្ទាប់មក ពួកគេជួលដេប៉ូដើម្បីស្តុកទុកផលិតផលសម្រាប់ពពាយនាយលក់តាមអនឡាញ។ អ្នកដែលមើលការផ្សព្វផ្សាយផលិតផលក្លែងក្លាយទាំងនេះតាមបណ្ដាញសង្គម បើពួកគេចាប់អារម្មណ៍អាចបំពេញឈ្មោះ, អាសយដ្ឋាន និងលេខទូរស័ព្ទនៅលើគេហទំព័រលក់ផលិតផល។ បន្ទាប់មក ពួកឈ្មួញនឹងទាក់ទងត្រឡប់ទៅវិញតាមលេខទូរស័ព្ទដើម្បីបញ្ចុះបញ្ចូលឱ្យពួកគេទិញ។

បន្ទាប់ពីពួកគេបញ្ជូនទំនិញទៅដល់ដៃអតិថិជនបានពីរបីអាទិត្យ ភ្នាក់ងារផ្នែកលក់នឹងទាក់ទងតាមលេខទូរស័ព្ទម្ដងទៀតដើម្បីសួរនាំចង់ដឹងថាតើក្រោយពេលប្រើប្រាស់ផលិតផលហើយមានអារម្មណ៍យ៉ាងណា? ពួកគេឆ្លៀតណែនាំផលិតផលដទៃទៀតដើម្បីជំរុញការលក់ចេញ។ ក្នុងមួយខែៗពួកឈ្មួញទាំងនេះទទួលការកុម្ម៉ង់ទិញពីអតិថិចនពីបីពាន់ទៅ៦ពាន់ដង។

ម្សៅទឹកដោះគោក្លែងក្លាយដែលផលិតនៅវៀតណាមនោះក្នុងមួយកំប៉ុងលក់ចេញចន្លោះពី២៩ទៅ៣២ដុល្លារ។ សមត្ថកិច្ចស៊ើបដឹងថាពួកឈ្មួញជនជាតិវៀតណាមទាំងនោះធ្វើដំណើរពីវៀតណាមទៅថៃមួយខែម្ដងដើម្បីឆែកមើលស្តុក និងប្រតិបត្តិអាជីវកម្មរបស់ខ្លួន។ ពួកគេក៏ឧស្សាហ៍តាមដានជាប្រចាំនូវផលិតផលណាខ្លះដែលមិនត្រូវបានអនុញ្ញាតដោយអែហ្វឌីអេ (FDA) របស់ថៃ។ ធ្វើបែបនេះដើម្បីងាយស្រួលបណ្ដោះផលិតផលហាមឃាត់ទៅលាក់ទុកនៅក្នុងដេប៉ូដទៃទៀត៕
ចែករំលែកព័តមាននេះ