ទីក្រុងវ៉ាស៊ីនតោន៖ បន្ទាប់ពីនាវាមុជទឹកនុយក្លេអ៊ែររុស្ស៊ីចូលចតនៅគុយបាមិនបានប៉ុន្មានផង ប្រទេសអាមេរិកក៏បញ្ជូននាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួនទៅឆកសមុទ្រក្វាន់តាណាម៉ូ (Guantanamo Bay) ភ្លាម១រំពេច។ ទីនេះជាទឹកដីរបស់គុយបា ប៉ុន្តែត្រូវអាមេរិកជួលធ្វើជាមូលដ្ឋានកងទ័ព។ ថ្វីដ្បិតនាវាចម្បាំងរុស្ស៊ីទៅគុយបាលើកនេះគ្រាន់តែជាទស្សនកិច្ចធម្មតាក៏ដោយ។ ប៉ុន្តែអាមេរិកមិនចង់មើលស្រាលសភាពការណ៍នេះទេ ហើយក៏មិនចង់ឱ្យរុស្ស៊ីឡើងចាងខ្លាំងពេកនៅក្បែរទីតាំងរបស់ខ្លួន។
បញ្ជាការដ្ឋានកងទ័ពអាមេរិកប្រចាំតំបន់ប្រតិបត្តិការសឹកខាងត្បូងចេញសេចក្ដីប្រកាសរបស់ខ្លួនថានាវាមុជទឹកនុយក្លេអ៊ែរឈ្មោះយូអែសអែស ហេឡេណា (USS Helena) នឹងចូលចតនៅឆកសមុទ្រក្វានតាណាម៉ូតាមទម្លាប់ធម្មតា។ ទីនេះជាច្រកចេញចូលនៃបញ្ជាការដ្ឋានកងទ័ពអាមេរិកភាគខាងត្បូង។ សេចក្ដីថ្លែងការណ៍បញ្ជាក់ថាគម្រោងចូលចតនេះមានជាយូរមកហើយ។ គ្រាន់តែថាវាគាប់ជួននឹងការមកដល់នៃនាវាមុជទឹកនុយក្លេអ៊ែរ និងនាវាចម្បាំងរបស់រុស្ស៊ីនៅទីក្រុងឡាហាវ៉ាន។
កងនាវាចម្បាំងរុស្ស៊ី មុននឹងបើកទៅដល់ប្រទេសគុយបា ក៏ឆ្លៀតឱកាសបើកលយទៅកៀកនឹងឆ្នេរសមុទ្ររដ្ឋផ្លរីដារបស់ប្រទេសអាមេរិកសម្បើមណាស់ដែរ។ នាវាទាំងនេះ ក្រោយពេលចាកចេញពីគុយបា នឹងឆៀងចូលទៅឈប់សំចតនៅប្រទេសវេណេហ្ស៊ូអេឡាជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ហើយត្រៀមចូលរួមធ្វើសមយុទ្ធយោធានៅសមុទ្រការីប៊ីន (Caribbean)។
ទូរទស្សន៍ស៊ីអឹនអឹន (CNN) ផ្សាយថាប្រទេសអាមេរិក និងកាណាដាតាមដានដោយឥតប៉ប្រិចភ្នែកចំពោះនាវាចម្បាំងរបស់រុស្ស៊ី។ ប្រទេសទាំង២ថែមទាំងបញ្ជូននាវា និងយន្តហោះឃ្លាំមើលយ៉ាងប្រកិត។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកជេក ស៊ូលីវេន (Jake Sullivan)ថ្លែងថាយើងត្រូវតែតាមដានយ៉ាងស្អិត និងដោយប្រុងប្រយ័ត្នចំពោះនាវារុស្ស៊ីទាំងនោះ។ លោកយល់ថាគ្មានសញ្ញាណា១បង្ហាញថាការចូលចតរបស់នាវារុស្ស៊ីអាចនឹងពាក់ព័ន្ធនឹងការផ្ទេរអាវុធរវាងប្រទេសរុស្ស៊ី និងគុយបាទេ។
ក្រុមបក្សសាធារណរដ្ឋឆ្លៀតកេងចំណេញផ្នែកនយោបាយពីព្រឹត្តិការណ៍នេះ។ ពួកគេថ្លែងថាការដែលរុស្ស៊ីហ៊ានចូលដល់កណ្ដាលបេះដូងរបស់អាមេរិកបែបនេះដោយសារភាពកម្សោយនៃនយោបាយការបរទេសរបស់លោកបៃដិន។ លោកពូទីនប្រកាសថ្មីៗនេះថាបើអាមេរិកនិងបស្ចិមប្រទេសធ្វើដាក់រុស្ស៊ីបែបណារុស្ស៊ីនឹងធ្វើដាក់ពួកគេវិញបែបនោះ។ លោកថ្លែងដូច្នេះបន្ទាប់ពីអាមេរិក អង់គ្លេស បារាំង និងប្រទេសដទៃទៀតបើកដៃឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធជំនួយបាញ់ចូលទឹកដីរុស្ស៊ី។
តាមពិត លោកបៃដិនមិនបានបើកដៃឱ្យអ៊ុយក្រែនបាញ់ទៅរុស្ស៊ីដោយសេរីនោះទេ។ លោកគ្រាន់តែចង់ផ្ដោតសំខាន់ទៅលើសង្គ្រាមនៅតំបន់ខាគីវដែលទទួលរងការវាយប្រហារយ៉ាងខ្លាំងពីកងទ័ពរុស្ស៊ី។ លោកមិនចង់ឃើញទីក្រុងធំលំដាប់ទី២មួយនេះធ្លាក់ទៅក្នុងដៃរបស់រុស្ស៊ីដោយងាយស្រួលពេកទេ។ ដូច្នេះ លោកយល់ថាអ៊ុយក្រែនអាចប្រើអាវុធជំនួយដើម្បីវាយរុញច្រានកងទ័ពរុស្ស៊ីឱ្យថយក្រោយវិញ។ ពេលខ្លះ បើអ៊ុយក្រែនត្រូវបាញ់ចូលទឹកដីរុស្ស៊ីជិតៗព្រំដែនក៏គួរពិចារណាតាមនោះចុះ។
លោកបៃដិននៅតែមិនគាំទ្រឱ្យបាញ់ជ្រៅៗចូលទឹកដីរុស្ស៊ីទេ។ លោកប្រកាសថាអាវុធអាមេរិកមិនត្រូវបាញ់តម្រង់ទៅទីក្រុងម៉ូស្គូជាដាច់ខាត។ មូលហេតុដោយសារលោកបារម្ភថាបើរុស្ស៊ីសងសឹកវិញមិនមែនបាញ់ទៅលើអ៊ុយក្រែនទេ ប៉ុន្តែអាចនឹងបាញ់ទៅប្រទេសម្ចាស់ជំនួយអាវុធទាំងនោះតែម្ដង។ លោកពូទីនទើបតែប្រកាសថ្មីៗនេះថាលោកអាចនឹងបញ្ជូនអាវុធទៅប្រទេសសម្ព័ន្ធមិត្តរបស់រុស្ស៊ីដើម្បីឱ្យពួកគេជួយបាញ់ចូលទឹកដីអាមេរិក អង់គ្លេស និងបារាំង។
សមាជិកព្រឹទ្ធសភាម្នាក់ឈ្មោះថេតគ្រូស (Ted Cruz) ថ្លែងប្រាប់ទូរទស្សន៍ហ្វក់ថា (Fox) នៅពេលយើងមានប្រធានាធិបតីទន់ខ្សោយ (ចង់សំដៅលើលោកបៃដិន) ពេលនោះមនុស្សអាក្រក់ៗនៅក្នុងលោកនេះនឹងឡើងចាងជាមិនខានឡើយ។ ដូចយើងឃើញស្រាប់ហើយ នៅពេលនេះ រុស្ស៊ីបញ្ជូននាវាចម្បាំងទៅដល់គុយបាដែលបំពាក់សុទ្ធតែគ្រាប់មីស៊ីលលឿនជាងសំឡេង ឬហាយពើសូនិច (hypersonic)។ ទីតាំងនោះស្ថិតនៅចម្ងាយតែ១៤៥គីឡូម៉ែត្រប៉ុណ្ណោះពីរដ្ឋផ្លរីដារបស់ប្រទេសអាមេរិក៕
ចែករំលែកព័តមាននេះ