រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន និងដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន១៥កញ្ចប់, ម៉ូតូម៉ាកហុង (សង់ប៊ិច) ពណ៌ខ្មៅ ស្លាកលេខ កណ្តាល-៥០៨៦ ចំនួន០១គ្រឿង និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង ។
ការចុះបង្ក្រាបគ្រឿងញៀន បានធ្វើឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវរថភ្លើង ស្ថិតនៅក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យ ដែលត្រូវឃាត់ឈ្មោះ ម៉ុច ដារី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមនគរបាលអោយដឹងថា សមត្ថកិច្ចបានបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ ខណៈពេលដែលកំពុងតែជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ឆែកឆេរ ដកហូតបានគ្រឿងញៀន រួមមាន ៖
១. ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់
២. ម៉ូតូម៉ាកហុង (សង់ប៊ិច) ពណ៌ខ្មៅ ស្លាកលេខ កណ្តាល-៥០៨៦ ចំនួន០១គ្រឿង
និង៣. ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ