ទីក្រុងវ៉ាស៊ីនតោន៖ តើជោគវាសនានយោបាយរបស់លោកបៃដិននឹងទៅជាយ៉ាងណាក្រោយរឿងអាស្រូវកូនប្រុសប្រើប្រាស់គ្រឿងញៀន ហើយសុទ្ធតែគ្រឿងញៀនល្អៗកម្រិតកំពូលដូចជាកូកាអ៊ីនម្សៅថែមទៀត (crack cocaine)? លោកបៃដិនបញ្ជាក់ថាលោកគោរពយ៉ាងខ្ជាប់ខ្ជួនតាមការសម្រេចរបស់តុលាការ។ លោកថ្លែងដូច្នេះបន្ទាប់ពីក្រុមប្រឹក្សាតុលាការនៃរដ្ឋដឺឡាវែរកឃើញថាកូនប្រុសឈ្មោះហាន់ថឺ បៃដិន មានទោសព្រហ្មទណ្ឌពាក់ព័ន្ធនឹងការប្រើប្រាស់កាំភ្លើង និងភូតកុហក។

ក្រុមប្រឹក្សាតុលាការរកឃើញថាលោកហាន់ថឺមានទោសពីបទភូតកុហកថាខ្លួនមិនស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនទេនៅពេលគាត់ទិញកាំភ្លើងកាលពីឆ្នាំ២០១៨។ លោកហាន់ថឺកូនប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវតុលាការរកឃើញពិរុទ្ធភាព។ ការរកឃើញទោសកំហុសដូចការចោទប្រកាន់ទាំងបីករណីនោះកើតមានឡើងនៅពេលលោកបៃដិនកំពុងឃោសនាបោះឆ្នោតដើម្បីត្រៀមប្រកួតប្រជែងនៅចុងឆ្នាំ២០២៤។

លោកបៃដិនបានធ្វើដំណើរទៅរដ្ឋដឺឡាវែបន្ទាប់ពីក្រុមប្រឹក្សាតុលាការចេញសេចក្ដីសម្រេចនោះ។ លោកថ្លែងថាលោកជាប្រធានាធិបតីម្នាក់ ហើយក៏ជាឪពុកម្នាក់ផងដែរ។ ទោះបីស្រឡាញ់កូនប៉ុណ្ណាក៏ដោយ ក៏លោកត្រូវតែទទួលយកសេចក្ដីសម្រេចនេះ និងបន្តអនុវត្តទៅតាមនីតិវិធីរបស់តុលាការ។ លោកប្រកាសទុកជាមុននៅក្នុងបទសម្ភាសថាលោកនឹងមិនលើកលែងទោសឲ្យកូនប្រុសរូបនេះទេ។

រដ្ឋអាជ្ញាចោទប្រកាន់ថាលោកហាន់ថឺប្រើប្រាស់គ្រឿងញៀនប្រភេទកូកាអ៊ីនម្សៅ។ នៅពេលកំពុងប្រើប្រាស់គ្រឿងញៀននោះ គាត់ទៅទិញកាំភ្លើងនៅក្នុងហាង។ គាត់ក៏ធ្លាប់មានប្រវត្តិកាន់កាប់កាំភ្លើងខុសច្បាប់រយៈពេល១១ថ្ងៃផងដែរ។ គាត់កំពុងជាប់បណ្ដឹង១ទៀតពាក់ព័ន្ធនឹងការបន្លំពន្ធ។ បើតុលាការរកឃើញពិរុទ្ធភាពដូចការចោទប្រកាន់មែន, គាត់អាចនឹងជាប់ពន្ធនាគារ១៧ឆ្នាំ។ ចំពោះការទិញកាំភ្លើងនៅពេលប្រើគ្រឿងញៀន និងការនិយាយភូតកុហកនោះ គាត់អាចនឹងជាប់ពន្ធនាគារ២៥ឆ្នាំ។

លោកបៃដិនប្រកាសទុកមុនថាមិនលើកលែងទោសឱ្យកូនប្រុសរបស់គាត់ទេ ទោះបីគាត់ស្រឡាញ់ស្មើថ្លើមប្រមាត់ក៏ដោយ។ ការរកឃើញទោសកំហុសនេះកើតឡើងចំពេលសំខាន់។ មានន័យថាស្រួលមិនស្រួលលោកអាចនឹងចាញ់ឆ្នោតដោយសារតែកូនប្រុសសំណព្វចិត្តរូបនេះបំពេញមុខឱ្យលោកខ្លាំងពេក។ គូប្រជែងរបស់លោកបៃដិនគឺលោកដូណាល់ត្រាំក៏កំពុងមានក្ដីក្ដាំយ៉ាងចាក់ស្រេសនៅក្នុងតុលាការផងដែរពីបទសូកលុយតួវីឌីអូអាសអាភាសឈ្មោះស្ទ័មមី ដានីញែល (Stormy Daniel)។

មុននឹងឈានដល់ការសម្រេចថាលោកហានថឺមានទោសព្រហ្មទណ្ឌនេះ ក្រុមប្រឹក្សាតុលាការបានស្ដាប់ការផ្ដល់សក្ខីកម្មពីសំណាក់អតីតភរិយា និងអតីតសង្សាររបស់គាត់។ ពួកគេប្រាប់ថាលោកហាន់ថឺប្រើគ្រឿងញៀនបំពុលគ្រួសារ និងមិត្តភក្តិរបស់គាត់។ រូបថត និងការផ្ញើសារឆ្លើយឆ្លងគ្នាទៅវិញទៅមកបង្ហាញថាលោកហាន់ថឺស្ថិតនៅក្នុងឥទ្ធិពលគ្រឿងញៀន។ រូបថតខ្លះបង្ហាញរូបលោកហាន់ថឺអាក្រាតកាយពាក់កណ្ដាលខ្លួន។ សំណុំរឿងនេះធ្វើឱ្យក្រុមអ្នកសាធារណរដ្ឋនិយមឆ្លៀតកេងចំណេញផ្នែកនយោបាយ។ ជាពិសេស ក្រុមអ្នកតំណាងរាស្ត្រដែលតាមដានប្រវត្តិរបស់កូនប្រុសលោកបៃដិន និងមុខជំនួញរបស់គាត់ជាច្រើនឆ្នាំមកហើយ៕



ចែករំលែកព័តមាននេះ