ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើកអាស៊ីអាគ្នេយ៍យប់មិញ! ការប្រកួតជម្រុះ World Cup 2026 ប្រចាំទ្វីបអាស៊ី

2 អាទិត្យ មុន

បរទេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី គឺជាក្រុមអាស៊ីអាគ្នេយ៍តែមួយគត់ ដែលបន្តឡើង

បរទេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី គឺជាក្រុមអាស៊ីអាគ្នេយ៍តែមួយគត់ ដែលបន្តឡើងទៅជុំទី ៣ ការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2026 ប្រចាំទ្វីបអាស៊ី ខណៈកីឡាករក្រុមជម្រើសជាតិថៃ រួមទាំងប្រធានសហព័ន្ធបាល់ទាត់ថៃ លោកស្រី Nualphan Lamsam ឬ Madame Pang ឯណោះវិញ បានសម្រក់ទឹកភ្នែក និងលើកដៃសំពះសុំទោសអ្នកគាំទ្រ នៅក្នុងការប្រកួតចុងក្រោយ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

ឥណ្ឌូណេស៊ី ធ្វើបានយ៉ាងល្អដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ ២ ក្នុងពូល F មាន ១០ពិន្ទុ ក្លាយជាក្រុមអាស៊ីអាគ្នេយ៍តែមួយគត់ បន្តឡើងទៅជុំទី ៣ រួមជាមួយអ៊ីរ៉ាក់ ដែលនៅកំពូលតារាងមាន១៨​ពិន្ទុពេញ។ ស្របពេលដែលវៀតណាម នៅលេខ ៣ និងហ្វីលីពីន បាតតារាងនៅក្នុងពូលមួយនេះ មកពីអាស៊ីអាគ្នេយ៍ ត្រូវហាលអាវត្រឹមការប្រកួតជុំទី ២ រួមជាមួយ មីយ៉ាន់ម៉ា ដែលបញ្ចប់នៅបាតតារាងពូល B ខណៈពូល C ថៃ នៅលេខ ៣ និងសិង្ហបុរី នៅបាតតារាង និង ម៉ាឡេស៊ី នៅលេខ ៣ ពូល D។

ក្រុមដំរីសឹកថៃ ធ្លាក់ចេញពីទាំងមិនអស់ចិត្ត បើទោះបីជាពួកគេបានយកឈ្នះការប្រកួតចុងក្រោយលើសិង្ហបុរី លទ្ធផល ៣-១ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ហើយមានពិន្ទុ និងសំណល់គ្រាប់បាល់ស្មើគ្នាជាមួយនឹងចិន ដែលនៅលេខ ២ យ៉ាងណាក៏ដោយ។

កូរ៉េខាងត្បូង បន្តឡើងទៅជុំទី ៣ ក្រោយបញ្ចប់នៅកំពូលតារាងមាន ១៦ពិន្ទុ ដោយដំណើរជាមួយចិនដែលនៅលេខ ២ មាន ៨ពិន្ទុ ខណៈថៃ និងសិង្ហបុរី ត្រូវហាលអាវ។ ថៃ នៅលេខ ៣ មានពិន្ទុ និងសំណល់គ្រាប់បាល់ស្មើគ្នាជាមួយចិន ប៉ុន្តែចិនដែលចាញ់ប្រកួតចុងក្រោយក្រោមថ្វីជើងម្ចាស់ផ្ទះកូរ៉េខាងត្បូង ១-០ មានប្រៀបជាងថៃ ដោយសារពួកគេបានឈ្នះម្ចាស់ផ្ទះថៃ នៅជើងទី១ និងស្មើគ្នា នៅជើងទី២។

ក្រុមទាំង ១៨ បន្តឡើងទៅជុំទី ៣ វគ្គជម្រុះ World Cup 2026 និងកៅអីលេងពានរង្វាន់ Asian Cup 2027 រួមមាន ៖ កាតា គុយវ៉ែត ជប៉ុន កូរ៉េខាងជើង កូរ៉េខាងត្បូង ចិន អូម៉ង់ កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ង់ អ៊ូសបេគីស្ថាន អ៊ីរ៉ាក់ ឥណ្ឌូណេស៊ី ហ្សកដានី អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម បារ៉ែន អូស្ត្រាលី និង ប៉ាឡេស្ទីន។

ដោយឡែក មីយ៉ាន់ម៉ា ថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និង ហ្វីលីពីន មកពីតំបន់អាស៊ីអាគ្នេយ៍ ដែលអស់ភារកិច្ចពីការប្រកួតជម្រុះ World Cup 2026 នឹងត្រូវធ្វើការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2027 ជុំទី៣ រួមជាមួយ ឥណ្ឌា អាហ្វហ្គានីស្ថាន ស៊ីរី ចិន-តៃប៉ិ តួកម៉េនីស្ថាន ហុងកុង តាហ្ស៊ីគីស្ថាន ប៉ាគីស្ថាន យេម៉ែន នេប៉ាល់ លីបង់ និង បង់ក្លាដែស ដែលអស់ភារកិច្ចពីការប្រកួតជម្រុះ World Cup 2026 ដូចគ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ