ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុមានគម្រោងវិនិយោគថ្មីស្នើសុំវិនិយោគចំនួន ៨៥គម្រោង

4 ខែ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​លើកទឹកចិត្ត​អ្នក​វិនិយោគ​ឲ្យ​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ពិសេស​នោះ​ខេត្ត​ព្រះ​សីហ​នុម​ក​ដល់​ពេល​នេះ​មាន​គម្រោង​វិនិយោគ​ចំនួន​៨៥​គម្រោង បាន​ធ្វើការ​ស្នើ​សុំ​វិនិយោគ​ថ្មី នៅ​ខេត្ត​នេះ ។ នេះ​បើ​តាម​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ។ លោក​ឡុ​ង…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​លើកទឹកចិត្ត​អ្នក​វិនិយោគ​ឲ្យ​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ពិសេស​នោះ​ខេត្ត​ព្រះ​សីហ​នុម​ក​ដល់​ពេល​នេះ​មាន​គម្រោង​វិនិយោគ​ចំនួន​៨៥​គម្រោង បាន​ធ្វើការ​ស្នើ​សុំ​វិនិយោគ​ថ្មី នៅ​ខេត្ត​នេះ ។ នេះ​បើ​តាម​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឡុ​ង ឌី ម៉​ង់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤​ថា តាម​ការ​ធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ ទទួល​បាន​សំណើរ​សុំ​លើកទឹកចិត្ត​ចំនួន​៨៥​គម្រោង ក្នុង​នោះ គម្រោង​ដែល​ទទួល​បាន​«​លិខិត​ឆ្លើយ​តប​ជា​ផ្លូវការ​» ចំនួន​៤១​គម្រោង ។

គម្រោង​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ និង​កំពុង​ពិនិត្យ​លទ្ធភាព​ចំនួន​០៥​គម្រោង (​បាន​ប្រជុំ​ពិនិត្យ​ហើយ តែ​មិន​ទាន់​បាន​គោលការណ៍​ឯកភាព​) ។ គម្រោង​ដែល​បាន​ចុះ​ពិនិត្យ​(​ថ្ងៃ​ទី​០៣-០៤ ខែមិថុនា ឆ្នាំ​២០២៤) ចំនួន​២៤​គម្រោង ។ គម្រោង​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​តែ​មិន​ទាន់​បាន​ចុះ​ពិនិត្យ​មាន​ចំនួន​១៥ គម្រោង ។

លោក​អភិបាលរង​បាន​ឲ្យ​ដឹង​ថា សម្រាប់​គម្រោង​ដែល​បាន​ស្នើ​សុំ ហើយ​ភាគច្រើន ត្រូវ​បាន​សម្រេច​អនុញ្ញាត​នោះ មាន​អ្នក​វិនិយោគ​ជា​ជនជាតិ​ចិន អ្នក​វិនិយោគ​ជា​ជនជាតិ​ខ្មែរ និង​អ្នក​វិនិយោគ​មក​ជា​ពី​ជាតិ​សាសន៍​ផ្សេង​ទៀត ។

សូម​ជម្រាប​ថា នៅ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៩ កាលពី​ឆ្នាំ ២០២៣ ស​មេ្ត​ច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​របស់​ខេត្ត​ព្រះ​សីហ​នុ និង​បាន​ដាក់​ចេញ​នូវ​វិធានការ​គាំទ្រ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ ព្រមទាំង​បាន​ផ្តល់​ការ​ណែនាំ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត យកចិត្តទុកដាក់​បង្កើន​ការ​ខិតខំ​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​ក្នុង​ខេត្ត​ផង​ដែរ ។

ដើម្បី​ដោះស្រាយ​បញ្ហា​អគារ​ជាប់​គាំង នៅ​ខេត្ត​ព្រះ​សីហ​នុ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ផ្តល់​នូវ «​អត្ថប្រយោជន៍​ពិសេស​» ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ «​កម្មវិធី​ពិសេស​» សម្រាប់​គម្រោង​វិនិយោគ​ពាក់ព័ន្ធ​នឹង​អគារ​ជាប់​គាំង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ជា​៖ ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​, ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល និង​ពន្ធ​អប្បបរមា រយៈពេល​៣​ឆ្នាំ​បន្ថែម ។

ការ​លើកលែង​អាករ​លើ​តម្លៃបន្ថែម តាម​អត្រា​សូន្យ​ភាគរយ​ចំពោះ​ការ​សាងសង់​បញ្ចប់ និង​ការ​ជួសជុល​កែ​លម្អ​លើ​អគារ​ដែល​ជាប់​គាំង ។ ការ​លើកលែង​ពន្ធ​កាត់​ទុក លើ​ការ​ជួល​អចលនទ្រព្យ​រយៈពេល​៥​ឆ្នាំ​, ការ​លើកលែង​ពន្ធ​អចលនទ្រព្យ និង​ការ​លើកលែង​ទណ្ឌកម្ម​រដ្ឋបាល ។ ការ​លើកលែង​ការ​បង់ថ្លៃ​សេវា​សាធារណៈ និង​ថ្លៃ​លើស​ស​ន្ទ​ស្សន៍​ប្រើប្រាស់​ដី ចំពោះ​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​ពាក់ព័ន្ធ​នឹង​ការ​សាងសង់ ។

ការ​សម្រួល​នីតិវិធី និង​បែបបទ​នៃ​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ការងារ​សំណង់ ។ ការ​ផ្តល់​ការ​អនុគ្រោះ​លើ​ថ្លៃ​ត្រួតពិនិត្យ និង​ការ​បញ្ជាក់​ផ្សេង​ៗ​ពាក់ព័ន្ធ​សំណង់​, ការ​សម្រួល​បែបបទ និង​នីតិវិធី​វិនិយោគ និង​ធុរកិច្ច រួម​ទាំង​ការ​ស្នើ​សុំ​អាជ្ញា​បណ្ណ វិញ្ញាបនបត្រ និង​លិខិតអនុញ្ញាត​នានា ។

ការ​រៀបចំ​គោលការណ៍ និង​ការ​សម្របសម្រួល​បង្កើត​ទីផ្សារ​លក់​ឡៃ​ឡុ​ង​អចលនទ្រព្យ ព្រមទាំង​ការ​ផ្តល់​សេវា​ផ្គូរ​ផ្គង​វិនិយោគិន រួម​ទាំង​ការ​កំណត់​តម្លៃ​យោង (Reference Price) សម្រាប់​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ការ​ជំរុញ​ការ​ប្រើប្រាស់​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ស្រប​តាម​បទ​ប្បញ្ញតិ​ច្បាប់ ចំពោះ​វិវាទ​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ