រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀន រហូតដល់លើសកម្រិតបែកថ្នាំ ហើយត្រូវបានមហាជនប្រទះឃើញឈរនិយាយដោយទឹកមុខក្រៀមផង និងសើចផង បែបរវើរវាយតែម្នាក់ឯង លុះក្រោយមកបានដើរឆ្លងផ្លូវជាតិលេខ៤ ខណៈពេលទៅដល់កណ្ដាលទ្រូងផ្លូវ ពេលឃើញរថយន្តកុងតឺន័រ ១គ្រឿង បើកទៅដល់ ស្រាប់តែបុរសនេះ បានលោតចូល ហើយត្រូវរថយន្តនោះបុកបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ប៉ុន្តែក៏អាចចាត់ទុកថា ជាសំណាង១ ក្នុងចំណោម១ពាន់គ្រោះថ្នាក់ ឬបុរសនេះអាយុមិនទាន់អស់ផងដែរ ព្រោះគាត់បានខ្ទាចចេញផុតពីក្រោមកង់រថយន្ត ទើបមិនត្រូវបានរថយន្តកិនស្លា.ប់ គ្រាន់តែរងរបួសប៉ុណ្ណោះ ។
ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤ នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសខាងលើនោះឈ្មោះ ស៊ុយ អូច ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកុក ឃុំអង្គភាស ស្រុកអង្គរជុំ ខេត្តសៀមរាប គាត់រងរបួសដៃ បែកមុខ និងបែកមាត់ធ្ងន់ធ្ងរ ។ ចំណែករថយន្តម៉ាកនីស្សាន់ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេភ្នំពេញ 3G-2856 ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។
អ្នករស់នៅជិតកន្លែងកើតហេតុនោះ បានប្រាប់ឲ្យដឹងថា ពួកគាត់សង្ស័យថា បុរសរងគ្រោះរូបនេះប្រើប្រាស់គ្រឿងញៀន រហូតដល់កម្រិតបែកថ្នាំទៅហើយ ព្រោះអី នៅវេលាព្រឹកនោះគាត់បានឃើញបុរសនេះដើរតាមបណ្ដោយផ្លូវជាតិលេខ៤ ហើយបានទៅឈប់នៅត្រង់ចំណុចខាងលើ រួចនិយាយដោយម្ដង មានទឹកមុខក្រៀមក្រំផង និងម្ដងទៀត សើចសប្បាយផងបែបរវើរវាយតែម្នាក់ឯង ។ រហូតដល់ពេលកើតហេតុបុរសនេះបានដើរឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីត្បូងទៅជើង ហើយពេលដើរទៅដល់កណ្ដាលទ្រូងផ្លូវ ឃើញរថយន្តកុងតឺន័រ១គ្រឿងខាងលើកំពុងបើកបរក្នុងទិសដៅពីកើតទៅលិចនៅឆ្ងាយ ក៏បានឈប់ស្ងៀមបន្តិចរង់ចាំរហូតរថយន្តនោះទៅដល់ ក៏ធ្វើអត្តឃាតលោតចូលក៏ត្រូវរថយន្តនោះបុកបណ្ដាលឲ្យដួលរងរបួសធ្ងន់តែម្ដង ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់នេះអាចចាត់ទុកថា ជាសំណាង១ក្នុងចំណោម១ពាន់គ្រោះថ្នាក់ ឬ អាយុបុរសនេះមិនទាន់អស់ផងដែរ ព្រោះនៅពេលត្រូវរថយន្តបុកគាត់បានខ្ទាចចេញផុតពីក្រោមកង់រថយន្ត ទើបមិនត្រូវបានរថយន្តកិនស្លាប់ ហើយគ្រាន់តែរងរបួសបែបនេះ ។ ចំណែកឯរថយន្តក្រោយបុករួចបានជ្រុលទៅមុខឆ្ងាយបន្តិចទើបជាន់ហ្វ្រាំងឈប់ទាន់ បន្ទាប់មកអ្នកបើបរបានចុះរត់បាត់ស្រមោល ហើយត្រូវបាននគរបាលនាំយកទៅរក្សាទុក ។ បន្ទាប់មកក្រុមសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០បានទៅដឹកយកជនរងគ្រោះរូបនេះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ៕

ចែករំលែកព័តមាននេះ