ទីក្រុងតូក្យូ៖ បុរសជនជាតិជប៉ុនវ័យ២៤ឆ្នាំម្នាក់ទើបតែបំបែកកំណត់ត្រាពិភពលោកកាលពីថ្ងៃសៅរ៍កន្លងទៅនេះក្នុងនាមជាអ្នកជិះទូកម៉ាស៊ីនជុំវិញពិភពលោកវ័យក្មេងជាងគេបំផុត។ កំណត់ត្រានេះធ្លាប់មានគេធ្វើបានកាលពី៣០ឆ្នាំមុន។ ប៉ុន្តែឥឡូវនេះ តំណែងនេះធ្លាក់មកលើបុរសរូបនេះម្ដង។ លោកគីមូរ៉ា (Hirotsugu Kimura) ជាអតីតទាហានជើងទឹកជប៉ុន។ លោកបានធ្វើដំណើរទៅដល់គោលដៅចុងក្រោយនៅខេត្តវ៉ាកាយ៉ាម៉ា (Wakayama) នៅក្នុងការបំបែកកំណត់ត្រានេះ។
គាត់ចំណាយពេលបើកបរទូកម៉ាស៊ីននេះរយៈពេល២៣១ថ្ងៃ។ ការជិះទូកលើកនេះមិនត្រូវការជំនួយពីឆ្មាំល្បាតនៅតាមមាត់សមុទ្រទេ ហើយក៏មិនត្រូវការជំនួយដទៃទៀតដែរ។ គាត់ធ្លាប់ព្យាយាមបំបែកកំណត់ត្រានេះម្ដងកាលពីឆ្នាំ២០២២។ ប៉ុន្តែត្រូវបរាជ័យដោយសារមានបញ្ហាបច្ចេកទេសគ្រឿងម៉ាស៊ីន។ លោកគីមូរ៉ាថ្លែងថាក្ដីស្រមៃរបស់គាត់បានក្លាយជាការពិតហើយ។ គាត់សប្បាយណាស់ និងធូរស្បើយនៅក្នុងចិត្តបន្ទាប់ពីសម្រេចបានគោលដៅនេះ។ គាត់កាន់តែមានទឹកចិត្តរឹងមាំ។
សូមរំលឹកថាកាលពី៣០ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៩៤ អ្នកផ្សងព្រេងតាមសមុទ្រម្នាក់បានបំបែកកំណត់ត្រាជិះទូកម៉ាស៊ីនជុំវិញពិភពលោកនៅក្នុងវ័យ២៦ឆ្នាំជាវ័យក្មេងជាងគេកាលពីជំនាន់នោះខាងបំបែកកំណត់ត្រានេះ។ ប៉ុន្តែលើកនេះ លោកគីមូរ៉ាមានអាយុ២៤ឆ្នាំ។ មានន័យថាក្មេងជាងនោះ២ឆ្នាំ។ ដូច្នេះ លោកគីមូរ៉ាក៏បំបែកកំណត់ត្រាចាស់នោះបានសម្រេច។
ចំពោះផែនការអនាគតរបស់គាត់ លោកគីមូរ៉ាចង់ធ្វើកិច្ចការជិះទូកបំបែកកំណត់ត្រានៅលើផ្ទៃសមុទ្រនេះជាបន្តទៀត។ ប៉ុន្តែលើកនេះ គាត់មិនមែនខំប្រឹងសម្រាប់តែខ្លួនគាត់ម្នាក់ប៉ុណ្ណោះទេ។ គាត់ចង់ចូលរួមចំណែកជួយអ្នកដទៃទៀតដែលមានបំណងបំបែកកំណត់ត្រានេះ។
ការទទួលបានជោគជ័យរបស់លោកគីមូរ៉ាបានលេចឮដល់លោកខេនីឈី ហូរី (Kenichi Horie) វ័យ៨៥ឆ្នាំដែលជាអ្នកជិះនាវាកាត់សមុទ្រជុំវិញពិភពលោកវ័យចំណាស់ជាងគេ។ កាលនោះឆ្នាំ២០២២ លោកហូរីជិះនាវាតែម្នាក់ឯងកាត់មហាសមុទ្រប៉ាស៊ីហ្វិចនៅក្នុងវ័យ៨៣ឆ្នាំ។ លោកហូរីសូមចូលរួមអបអរសាទរចំពោះលោកគីមូរ៉ា។
លោកហូរីសង្ឃឹមថាទៅថ្ងៃអនាគតនៅពេលអាយុកាន់តែចាស់ខ្លាំង លោកគីមូរ៉ាអាចនឹងព្យាយាមបំបែកកំណត់ត្រាពិភពលោកមួយទៀតក្នុងនាមជាអ្នកជិះទូកម្នាក់ឯងជុំវិញពិភពលោកដែលមានវ័យចំណាត់បំផុត។ លោកគីមូរ៉ាមានស្រុកកំណើតនៅខេត្តអូអ៊ីតាក់ (Oita) និងរស់នៅទីនេះតាំងពីក្មេងមក។ ទីនេះជាសម្បុកអ្នកនិយមចូលចិត្តជិះទូកក្ដោងតាំងពីនៅថ្នាក់វិទ្យាល័យ។ គាត់ធ្លាប់ធ្វើជាទាហានជើងទឹកជប៉ុន។ ក្រោយមកនៅឆ្នាំ២០២០ គាត់ធ្វើការនៅក្រុមហ៊ុនផ្ដល់សេវាបោសសម្អាតកាកសំណល់ឧស្សាហកម្ម។ ការងារនេះហើយដែលជំរុញឱ្យគាត់ស្រឡាញ់ចូលចិត្តការជិះទូកតាមសមុទ្រ៕
ចែករំលែកព័តមាននេះ