(ថៃ) ៖ ទុរេនវៀតណាមតម្លៃថោក បានវាយលុយចូលទីផ្សារថៃ នាំឱ្យថៃជាប់ឈ្មោះប្រទេសទិញទុរេនពីវៀតណាមលំដាប់លេខ២ ។ ដោយសារតែទុរេនវៀតណាមតម្លៃថោកបានបន្តចែកចាយយ៉ាងគំហុកចូលអុកឡុកទីផ្សារប្រទេសថៃ អ្នកជំនាញបានជំរុញឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការឆ្លើយតបបន្ទាន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៨ ខែ
មិថុនា ឆ្នាំ២០២៤ ។

ព័ត៌មានដែលបានក្លាយជាអត្ថបទដែលមានអ្នកអានច្រើនបំផុតលំដាប់លេខ៤នេះរៀបរាប់ថា អ្នកវិភាគសេដ្ឋកិច្ច និងអ្នកជំនាញពាណិជ្ជកម្មអន្តរជាតិដ៏ល្បីមួយរូបប្រចាំប្រទេសថៃ បាននិយាយកាលពីថ្ងៃសុក្រថា ទីផ្សារទុរេនដ៏កាក់កបរបស់ប្រទេសថៃ នាពេលបច្ចុប្បន្នកំពុងត្រូវបានអុកឡុកដោយការកើនឡើងនៃការនាំចូលពីប្រទេសវៀតណាមដែលមានតម្លៃថោកជាងជិត១០០បាតក្នុងមួយគីឡូក្រាម។ អ្នកជំនាញរូបនេះ បានជំរុញឱ្យរដ្ឋាភិបាលថៃ ត្រូវតែចាត់វិធានការបន្ទាន់ ដើម្បីគាំទ្រជ្រោមជ្រែងទៅដល់ប្រជាកសិករដាំទុរេនក្នុងប្រទេសថៃ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនាពេលអនាគត។

គួរកត់សម្គាល់ផងដែថា ប្រធានបទទុរេនវៀតណាមអុកឡុកទីផ្សារថៃ កាន់តែល្បីក្នុងស្រទាប់ប្រជាជនថៃ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ស្ថិតិនាំចេញទុរេនវៀតណាមក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០១២៤ មានចំនួនសរុប ៤៧០លានដុល្លារអាមេរិក។ដែលចំនួននេះកើនឡើងដល់ទៅ១៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តែអ្វីដែលកាន់តែចាក់ដោត សម្រាប់ថៃនោះ គឺបន្ទាប់ពីប្រទេសចិនដែលឈរនៅលំដាប់លេខ១ ទិញទុរេនវៀតណាមនោះ វៀតណាមអះអាងថា ប្រទេសថៃ គឺជាអ្នកនាំចូលទុរេនវៀតណាម លំដាប់លេខ២ ដែលមានតម្លៃសរុប ២២លាន ៥សែនដុល្លារ ឬ ស្មើនឹង ៧៨០លានបាត ដែលចំនួននេះបានកើនឡើងរហូតដល់ទៅ ៨២% សឹងតែគុណនឹងពីរបើធៀបនឹងឆ្នាំ២០២៣។

បន្ថែមលើនេះ បើតាមការអះអាងពីប្រធានសមាគមន៍បន្លែ និងផ្លែឈើវៀតណាម (Vinafruit) សង្កត់ធ្ងន់ថា បច្ចុប្បន្នទុរេនកកពីប្រទេសវៀតណាមត្រូវបាននាំចេញទៅប្រទេសថៃ ដោយមានតម្លៃខ្ពស់ជាងគេ។ ដោយមើលឃើញពីស្ថានភាពមិនស្រួល លោកសាស្ត្រាចារ្យ Aat Pisanwanich អ្នកវិភាគសេដ្ឋកិច្ច និងអ្នកជំនាញពាណិជ្ជកម្មអន្តរជាតិ និងជាទីប្រឹក្សា ក្រុមហ៊ុន Intelligence Research Consultant Co Ltd ហៅកាត់ថា IRC ប្រចាំនៅប្រទេសថៃ បានព្រមានថា ផ្លែឈើដែលនាំចូលពីប្រទេសវៀតណាម មានតម្លៃទាបក្នុងការដឹកជញ្ជូនតាមប្រទេសកម្ពុជាទៅកាន់ព្រំដែនភាគខាងកើតប្រទេសថៃ ហើយផ្លែទុរេនវៀតណាមអាចវាយលុកទីផ្សារប្រទេសថៃក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ទីប្រឹក្សាក្រុមហ៊ុន IRC បន្តថា មូលហេតុដែលធ្វើឲ្យទុរេនវៀតណាមទទួលបានការពេញនិយមភ្លាមៗនោះ គឺដោយសារតែមានតម្លៃថោកជាងទុរេនថៃ។ ទុរេន Ri6 ឬគេហៅថា«ម៉ាន់ថវៀតណាម» លក់រាយក្នុងតម្លៃ ១០៧-១១២បាតក្នុងមួយគីឡូក្រាម ខណៈម៉ាន់ថង ថៃមានតម្លៃប្រហែល ១៥០-២០០ បាតក្នុង ១គីឡូក្រាម។ លោកសាស្ត្រាចារ្យ Aat បានពន្យល់ពីការធ្លាក់ចុះ ៤០% នៃទិន្នផលក្នុងស្រុកនៅឆ្នាំនេះដោយសារតែគ្រោះរាំងស្ងួត ចំពេលនៃការកើនឡើងនៃតម្រូវការទុរេននៅក្នុងទីផ្សារប្រទេសថៃ បានបន្តជំរុញឱ្យអ្នកផ្គត់ផ្គង់ទុរេនងាកទៅរកការនាំចូលពីវៀតណាមនិងកម្ពុជាដើម្បីបំពេញកង្វះខាត។

អ្នកវិភាគសេដ្ឋកិច្ចដដែលនេះបានមានប្រសាសន៍ថា «ប្រសិនបើស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តកើតមាន ឬកាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលពីរឆ្នាំខាងមុខ យើងនឹងឃើញផ្លែទុរេនកាន់តែច្រើនពីប្រទេសវៀតណាមត្រូវបានលក់នៅក្នុងទីផ្សារថៃ ហើយកាត់បន្ថយចំណែកទីផ្សាររបស់កសិករថៃ» ។

អ្នកជំនាញរូបនេះ បានជំរុញឱ្យរដ្ឋាភិបាលទប់ស្កាត់ស្ថានភាពបែបនេះជាមុន ដោយធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងធនធាននិងផ្គត់ផ្គង់ទឹក ដើម្បីធានាថា កសិករទុរេនថៃមានទឹកគ្រប់គ្រាន់សម្រាប់ការដាំដុះ។លោកសាស្ត្រាចារ្យ បានព្រមានថា៖ «ប្រសិនបើគ្មានចំណាត់ការទេ អតិថិជនថៃនឹងប្តូរទៅទិញទុរេនតម្លៃថោកពីប្រទេសវៀតណាម ដូចស្ថានភាពបច្ចុប្បន្នដែលផលិតផលចិនតម្លៃថោកកំពុងគ្របដណ្ដប់ទីផ្សារថៃ»។

សូមជម្រាបថា ប្រទេសថៃ ធ្លាប់តែជាប្រទេសនាំចេញផ្លែធុរេនធំជាងគេលើពិភពលោក ជាមួយនឹងចំណូលនៃការនាំចេញសរុបចំនួន ៧ពាន់លានដុល្លារក្នុងមួយឆ្នាំនោះ បែជាមកឈ្មោះជាប្រទេសនាំចូលទុរេនច្រើនជាងគេទីពីររបស់វៀតណាម និងជាប់ជាអ្នកនាំចូលទុរេនកកកំពូលរបស់វៀតណាម ក្នុងងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៤ ដោយប្រទេសថៃបានចំណាយប្រាក់រហូតដល់ទៅ ២២,៥លានដុល្លារក្នុងការនាំចូលទុរេនវៀតណាម។

ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ បណ្តាលឱ្យទុរេនថៃ មានការថយចុះគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព ហេតុនេះហើយ ប្រទេសថៃ ត្រូវបង្ខំចិត្តទិញទុរេនពីប្រទេសផ្សេងៗ ដើម្បីបម្រើតម្រូវការក្នុងស្រុក និងទេសចរណ៍។ ទង្វើបែបនេះ បង្ហាញថា ថៃ បានផ្ទេរដំណែងឱ្យវៀតណាម ក្លាយជាជាប្រទេសតែមួយគត់ ដែលផ្គត់ផ្គង់ផ្លែទុរេនឈានមុខនៅក្នុងពិភពលោកប្រចាំឆ្នាំ២០២៤៕
ចែករំលែកព័តមាននេះ