ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីជូនដំណឹង ៖ មានអស់លោកណាចង់ជ.ល់មាន់ទេ សូមអញ្ជើញ​ដោយសេរី ជ្រកក្រោមអំណាច​មន្រ្តី​យោធាម្នាក់នៅស្រុកមោងឫស្សី

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សង្វៀនបញ្ជល់មាន់ដ៏ធំសម្បើមមួយកន្លែង មានចំនួន០៦វង់ ជ្រកក្រោមអំណាច​

ខេត្តបាត់ដំបង ៖ សង្វៀនបញ្ជល់មាន់ដ៏ធំសម្បើមមួយកន្លែង មានចំនួន០៦វង់ ជ្រកក្រោមអំណាច​មន្រ្តីយោធាម្នាក់ កំពុងបើកដំណើរយ៉ាងរលូន ដែលមានមនុស្សរាប់រយនាក់ចូលលេងយ៉ាងគគ្រឹកគគ្រែង ដោយពុំមានការរំខានពីសមត្ថកិច្ច ឬ អាជ្ញាធរមូលដ្ឋានឡើយ។ នេះបើតាមប្រភពព័ត៏មានដែលបានរាយការណ៏ នៅពេលចុះទៅកាន់កន្លែងសង្វៀននោះផ្ទាល់ កាលពីរសៀលថ្ងៃទី ០៨ មិថុនា ដែលស្ថិតក្នុងភូមិចកធំ ឃុំកកោះ ស្រុកមោងឬស្សី។

តាម​ប្រភពបានឲ្យដឹងថា សង្វៀនជល់មាន់ដ៏ធំនេះ ជ្រកក្រោមអំណាចមន្រ្តីយោធាម្នាក់ឈ្មោះ ចែវ និត ហៅ មិត្ត ហើយ​គេសង្ស័យថា អាចមានការឃុមឃិតបើកដៃពីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផងដែរ ជាថ្នូរនឹងផលប្រយោជន៏ ទើបសង្វៀនបញ្ជល់មាន់ដ៏ធំមហិមារបស់លោក មិត្ត នេះដំណើរការបានរាប់ខែកន្លងទៅយ៉ាងរលូនរហូតមកដល់សព្វថ្ងៃនេះ។

បើពិនិត្យលើទីតាំងល្បែងជល់មាន់របស់លោក ចែវ និត ហៅ មិត្ត នេះបើកលេងនៅលើទីទូលមួយ គ្របដណ្ដប់ដោយម្លប់ដើមឈើយ៉ាងត្រជាក់ល្ហិម។ អ្នកដែលធ្លាប់ទៅលេងល្បែងនេះ បានប្រាប់ថា ទីតាំងនោះនៅក្បែរ«វត្តចក» ស្ថិតក្នុងភូមិ ឃុំខាងលើ។ សង្វៀនមាន់ដ៏ធំនេះ បើកលេងថ្ងៃសៅរ៏ និង ថ្ងៃអាទិត្យ។ សង្វៀននេះធំ និង តែមួយកន្លែងទេ តែបើកជល់រហូតដល់០៦វង់ (៦សង្វៀនស្មើនឹង៦គូ)។ មួយថ្ងៃៗមានមនុស្សរាប់រយនាក់ចូលលេង ដោយមិនខ្វល់ខ្វាយពីការបង្រ្កាបរបស់សមត្ថកិច្ចឡើយ។ ព្រោះម្ចាស់សង្វៀននេះធានាសុវត្ថិភាព ដោយអះអាងប្រាប់អ្នកលេងថា «បាន​បង់លុយគ្រប់ស្ថាប័នសមត្ថកិច្ច និង គ្រប់លំដាប់ថ្នាក់» ដូច្នេះហើយទើបអ្នកដែលចូលចិត្តល្បែងជល់មាន់នេះ នាំគ្នាមកពីចម្ងាយ តាមបណ្ដាស្រុកផ្សេង ហើយក៏មានអ្នកខ្លះមកពីខេត្តពោធិសាត់ផងដែរ សម្រុកទៅលេងនៅសង្វៀនមាន់របស់មន្ត្រីយោធាខាងលើ ព្រោះបានសុខ និង មានភាពកក់ក្ដៅ។

បើពិនិត្យលើទិដ្ឋភាពជាក់ស្ដែងទៅលើសកម្មភាពប្រព្រឹត្តល្បែងស៊ីសង នៅក្នុងសង្វៀនមាន់របស់មន្រ្តីយោធា​ឈ្មោះ​ មិត្ត ខាងលើនេះ គេឃើញមានមនុស្សរាប់រយនាក់ ស្រែកកងរំពងនៅក្នុងក្រោមម្លប់ឈើយ៉ាងត្រជាក់។ នៅក្នុងហ្វូងមនុស្សភ្លូកទឹកភ្លូកដីបែបនេះ គេម្នាក់ៗដើរស្វែងរកគ្នា និង ដើរច្រើសរើសសង្វៀនប្រគូតមាន់តាមចិត្តចង់ ព្រោះមានច្រើនវង់។ រីឯអ្នកលក់ដូរនំចំណី បាយទឹក ក៏សប្បាយនិងប្រមូលលុយពីសង្វៀនមាន់នេះដែរ ដែលមើលទៅហាក់មាន«សន្តិភាព» សម្បើមណាស់ ហាក់គ្មានខ្លាចញញើតសមត្ថកិច្ចសូម្បីប៉ុនក្រចកដៃ។

តាមការកត់សម្គាល់ កិច្ចប្រតិបត្តិការបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចតែងមានការភ្ញាក់រលឹកដុតដៃ ដុតជើងតែមួយចម្អិនកំពឹសប៉ុណ្ណោះ នៅពេលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឬ ប្រមុខរាជរដ្ឋាភិបាលស្រែកចេញបញ្ជាឲ្យបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់។ ប៉ុន្តែកិច្ចប្រតិបតិ្តការរបស់សមត្ថកិច្ចនេះ ហាក់កម្រើកត្រិមមួយដង្ហើមចង្រិតក៏រលត់ដង្ហើមផុតទៅ។ ពោល កិច្ចប្រតិបត្តិការនេះហាក់ធ្វើឡើងគ្រាន់តែល្អមើល ដើម្បីរាយការណ៏ជូនថ្នាក់លើតែប៉ុណ្ណោះ។ ហើយការបង្រ្កាបល្បែងស៊ីសងនេះទៀត គេសង្កេតឃើញសមត្ថកិច្ច និង អាជ្ញាធរគ្រប់ថ្នាក់ ប្រឹងប្រែង រុកគួនតែទៅលើទីតាំងល្បែងដែលមាននៅក្នុងក្រុងបាត់ដំបង តែប៉ុណ្ណោះ រីឯនៅតាមបណ្ដាស្រុកនានា សមត្ថកិច្ចមិនប្រើធម៏ក្ដៅទេ បើតឹងតែងខ្លាំង យ៉ាងច្រើនគេស៊ីញ៉ូឲ្យបិទមួយ​ដង្ហើមចង្រិត​ ។​

ជាក់ស្ដែង ដូចជាសង្វៀនជល់មាន់ដ៏ធំមហិមា នៅស្រុកមោងឬស្សី ខាងលើនេះ ដែលជ្រកក្រោមស្លាបសមត្ថកិច្ច និង ក្រោមអំណាចផ្ទាល់របស់មន្រ្តីយោធាឈ្មោះ ចែវ និត ហៅ មិត្ត នេះគឺជាឧទាហរណ៏ស្រាប់។ សង្វៀននេះបើកលេងយ៉ាងគគ្រឹកគគ្រែង ច្រើនខែកន្លងមកហើយ តែពុំដែលមានសមត្ថកិច្ចឬអាជ្ញាធរ ចុះបង្អើលម្ដងណាទេ រហូតមកដល់សព្វថ្ងៃនេះ សកម្មភាពសង្វៀនមាន់នេះពង្រីកមាឌកាន់តែធំ ក្រោមឥទ្ធិពលសំណូក និង សំណែន ខណៈកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋានខេត្ត និង​លោកស្នងការខេត្ត ហាក់មិនអើពើផង ធ្វើឲ្យទីតាំងល្បែងមាន់ជល់របស់លោកមិត្ត កាន់តែបានដៃពង្រីកបទល្នើសកាន់តែខ្លាំង។

បច្ចុប្បន្ន បើតាមប្រភពព័ត៏មាន ល្បែងស៊ីសងខុសច្បាប់ ស្ទើរគ្រប់រូបភាពបានបើកលេងយ៉ាងចំហរ នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ដោយមានសមគំនិតពីមន្រ្តីមូលដ្ឋាន ជាថ្នូរនឹងការចែករំលែងផលប្រយោជន៏ ដើម្បីចែកគ្នារស់។ យ៉ាងណាក្ដី គេរង់ចាំមើលថា តើលោកស្នងការខេត្ត ក៏ដូចជាអាជ្ញាធរឃុំ ស្រុក ខេត្ត មានវិធានការបែបណា ចំពោះសង្វៀនមាន់ដ៏ធំរបស់ដង្វៅមាន់ជល់ ឈ្មោះ និត ហៅ មិត្ត នៅឃុំកកោះ ស្រុកមោងឬស្សី នេះ ? ពីព្រោះបើតាមសេចក្ដីរាយការណ៏ មិនមែនមានតែស្រុកមោងឬស្សីមួយទេ ដែលកំពុងបើកល្បែងស៊ីសង នៅតាមបណ្ដាស្រុកដទៃក៏មានបើកយ៉ាងគគ្លើនដូចគ្នាដែរ មានតែល្បែងយូគី ល្បែងជល់មាន់ និង ល្បែងដទៃៗទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ