រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីណែនាំស្តីពីការចាត់តាំងអនុវត្តន៍ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ អនុលោមតាមអនុក្រឹត្យលេខ ១៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការកំណត់យកថ្ងៃទី០៥ ខែមិថុនា ជាឱកាសរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ បង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ ឱ្យក្លាយទៅជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងអភិវឌ្ឍមេត្រីបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សូមចូលរួមអនុវត្តដូចខាងក្រោម ៖
១. សូមធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជំរុញការចូលរួមក្នុងការធ្វើអនាម័យ ការដាំដើមឈើ និងការគ្រប់គ្រង ទុកដាក់ និងវេចខ្ចប់ សំណល់រឹង សំរាម ក្នុងធុងសំរាម ឬនៅតាមទីតាំងកំណត់ឱ្យបានត្រឹមត្រូវ ជៀសវាងការដុត ឬបោះចោល មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបង្កការប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងគុណភាពបរិស្ថាន ។
២. សូមចូលរួមធ្វើការផ្សព្វផ្សាយតាមរយៈសកម្មភាពអប់រំផ្សេងៗ មានជាអាទិ៍ ការនិពន្ធអត្ថបទ ការប្រកួតផ្ទាំងរូបភាពនៅតាមសាលារៀន ការដាំដើមឈើ ការកែច្នៃសំណល់នានា យុទ្ធនាការសម្អាត។ល។ និងចាត់ចែងធ្វើអនាម័យ ទាំងក្នុង និងក្រៅបរិវេណគ្រឹះស្ថានសាធារណៈ សាលារៀន វត្តអារាម និងមន្ទីរពេទ្យ ។
៣. សូមយកចិត្តទុកដាក់លើការ គ្រប់គ្រងសំណល់រឹង សំរាម និងសំណល់រាវឱ្យបានត្រឹមត្រូវ ចូលរួមធ្វើអនាម័យ សន្សំសំចៃថាមពល និងការពារថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិ តាមរមណីយដ្ឋានមជ្ឈមណ្ឌលកម្សាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន ។
៤. គ្រប់បណ្តាប្រព័ន្ធផ្សព្វផ្សាយ ត្រូវចូលរួមផ្សព្វផ្សាយអំពីគុណតម្លៃបរិស្ថាន និងគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យបរិស្ថានដល់សាធារណជន ដើម្បីបង្កើនការយល់ដឹង និងបំផុសការចូលរួមរបស់សាធារណជន ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍដោយចីរភាព ៕


ចែករំលែកព័តមាននេះ