ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​បញ្ជូន​នាវា​ចម្បាំង​នុយក្លេអ៊ែរ​ទៅ​គុយ​បា​ចំ​ពេល​ស្ថាន​ការណ៍​ពិភព​លោក​កំពុង​តាន​តឹង

4 ខែ មុន

ទី​ក្រុង​ឡាហាវ៉ាន៖ ថ្មី​ៗ​នេះ ប្រទេស​រុស្ស៊ី​បញ្ជូន​នាវាចម្បាំង​៤​​គ្រឿង​ទៅ​ប្រទេស​គុយ​បា​ក្រោម​រូប​ភាព​ជា​ដំណើរ​ទស្ស​ន​កិច្ច​ជា​មិត្ត​ភាព​ និង​ផ្លាស់​ប្ដូរ​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រុស្ស៊ី និង​គុយ​បា។ គេ​កត់​សម្គាល់​ថា​នៅក្នុង​ចំណោម​នោះ​ក៏​មាន​នាវា​មុជ​ទឹក​ដែល​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​១​គ្រឿង​ផង​ដែរ​។ នាវា​ទាំង​នោះ​​កំពុង​ធ្វើ​ដំណើរ​សំដៅ​ទៅ​ប្រទេស​គុយ​បា​​។ ប្រហែល​ជា​អាទិត្យ​ក្រោយ​អាច​ទៅ​ដល់​ហើយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​គុយ​បា។​ មើល​ទៅ​សភាព​ការណ៍​ហាក់​ដូច​ជា​មិន​សូវ​ស្រួល​បន្ទាប់​ពី​លោក​ពូទីន​​​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា​​​​ក្រុម​បស្ចិម​ប្រទេស…

ទី​ក្រុង​ឡាហាវ៉ាន៖ ថ្មី​ៗ​នេះ ប្រទេស​រុស្ស៊ី​បញ្ជូន​នាវាចម្បាំង​៤​​គ្រឿង​ទៅ​ប្រទេស​គុយ​បា​ក្រោម​រូប​ភាព​ជា​ដំណើរ​ទស្ស​ន​កិច្ច​ជា​មិត្ត​ភាព​ និង​ផ្លាស់​ប្ដូរ​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រុស្ស៊ី និង​គុយ​បា។ គេ​កត់​សម្គាល់​ថា​នៅក្នុង​ចំណោម​នោះ​ក៏​មាន​នាវា​មុជ​ទឹក​ដែល​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​១​គ្រឿង​ផង​ដែរ​។ នាវា​ទាំង​នោះ​​កំពុង​ធ្វើ​ដំណើរ​សំដៅ​ទៅ​ប្រទេស​គុយ​បា​​។ ប្រហែល​ជា​អាទិត្យ​ក្រោយ​អាច​ទៅ​ដល់​ហើយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​គុយ​បា។​

មើល​ទៅ​សភាព​ការណ៍​ហាក់​ដូច​ជា​មិន​សូវ​ស្រួល​បន្ទាប់​ពី​លោក​ពូទីន​​​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា​​​​ក្រុម​បស្ចិម​ប្រទេស ​​​​ជា​ពិសេស​អាមេរិក អង់គ្លេស និង​បារាំង​ បើក​ដៃ​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​ជំនួយ​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​។ ដូច្នេះ លោក​​សូម​រក្សា​សិទ្ធិ​​បញ្ជូន​អាវុធ​ទៅ​ឱ្យ​​សម្ព័ន្ធ​មិត្ត​របស់​រុស្ស៊ី​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ប្រទេស​ទាំង​នោះ​​ប៉ុន្មាន​ទេ​ដើម្បី​​បាញ់​ទៅ​​​ប្រទេស​ទាំង​នោះ​វិញ​។

លោក​ពូទីន​ថែម​ទាំង​ព្រមាន​ប្រើ​អាវុធ​នុយ​ក្លេអ៊ែរ​បើ​រុស្ស៊ី​ទទួល​រង​ការ​គំរាម​កំហែង​ផ្នែក​អធិបតេយ្យ​ភាព​ជាតិ​ ឬ​ភាព​រស់​រាន​មាន​ជីវិត​របស់​ជាតិ​ (existence)​។ ទន្ទឹម​នឹង​នោះ សង្គ្រាម​នៅ​តំបន់​ខា​គីវ​កំពុង​តែ​ក្ដៅ​គគុក​។ លោក​បៃដឹន​សច្ចា​ថា​ទោះ​ជា​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ​ លោក​មិន​អាច​បណ្ដោយ​ឱ្យ​​ទី​ក្រុង​ធំ​លំដាប់​ទី​២​របស់​អ៊ុយ​ក្រែន​​១​នេះ​ធ្លាក់​ទៅ​ក្នុ​ង​ដៃ​​របស់​រុស្ស៊ី​ដោយ​ងាយ​ស្រួល​ឡើយ​។ ថ្មី​ៗ​នេះ​ លោក​​​អនុម័ត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​អាវុធ​របស់​អាមេរិក​បាញ់​ប្រហារ​ឥត​បន្ធូរ​ដៃ​ទៅ​លើ​មូល​ដ្ឋាន​របស់​រុស្ស៊ី​ និង​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​ថែម​ទៀត​​នៅ​សមរភូមិ​ខាគីវ​។​ ដូច្នេះ ឃើញ​ថា​សភាព​ការណ៍​ហាក់​ដូច​ជា​មិន​​ស្រួល​។

​ក្រសួង​ការ​បរទេស​គុយ​បា​ប្រកាស​ថា​នាវា​រុស្ស៊ី​​ដែល​នឹង​ចូល​ចត​នៅ​គុយ​បា​នោះ​គ្មាន​មួយ​ណា​​ដឹក​អាវុធ​នុយ​ក្លេអ៊ែរ​ទេ​។ នា​វា​នឹង​ចូល​ចត​នៅ​កំពង់​ផែ​នៃ​រដ្ឋធានី​ឡាហាវ៉ាន​​​ពី​ថ្ងៃ​ទី​១២-​១៧ ខែ​មិថុនា​។ ក្រសួង​​បញ្ជាក់​ថា​​វត្ត​មាន​នៃ​នាវា​ទាំង​នេះ​មិន​មែន​ជា​ការ​​គំរាម​កំហែង​ចំពោះ​សន្តិ​សុខ​នៅ​ក្នុង​តំបន់​ទេ​។ ​​ដំណើរ​ទស្សន​កិច្ច​របស់​នាវា​ទាំង​នោះ​ស្រប​ទៅ​នឹង​ការ​កសាង​ទំនាក់​ទំនង​ល្អ​ជា​មិត្ត​ភាព និង​ជា​ប្រវត្តិ​សាស្ត្រ​រវាង​រុស្ស៊ី និង​គុយ​បា​។ ម៉្យាង​ទៀត​ ប្រទេស​ទាំង២​​ប្រកាន់​ខ្ជាប់​តាមវិធាន​ជា​អន្តរ​ជាតិ​។

ក៏​ប៉ុន្តែ​គេ​គិត​ថារុស្ស៊ី​នៅ​សុខ​​ៗ​បញ្ជូន​នាវា​ចម្បាំង​ទៅ​គុយ​បា​​​នៅ​ក្នុង​ស្ថាន​ភាព​នេះ​ហាក់​ដូច​ជា​ចម្លែក​បន្តិច​។ ជា​ពិសេស ទី​តាំង​​ភូមិ​សាស្ត្រ​​រវាង​អាមេរិក និង​គុយបា​ឃ្លាត​គ្នា​តែ​១៤៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​​​។ គេ​នៅ​ចាំ​បាន​ថា​​កាល​ពី​អំឡុង​ឆ្នាំ​១៩៦២ អាមេរិក និង​អតីត​សហ​ភាព​សូវៀត​សឹង​តែ​ផ្ទុះ​សង្គ្រាម​ជា​មួយ​គ្នា​​នៅ​ពេល​​​សូវៀត​ដាក់​កង​ទ័ព និង​អាវុធ​នៅ​លើ​ទឹក​ដី​គុយ​បា​។​

​​ថ្មី​ៗ​នេះ​លោក​ពូទីន​​ព្រមាន​ថា​បើ​អ៊ុយ​ក្រែន​ប្រើ​​គ្រាប់​មីស៊ីល​​បាញ់​បាន​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី រុស្ស៊ី​ចាត់​ទុក​ថា​​បស្ចិម​ប្រទេស​ចូល​រួម​​នៅ​ក្នុង​​សង្គ្រាម​នេះ​​ដោយ​ផ្ទាល់​ប្រឆាំង​នឹង​រុស្ស៊ី​​។ អាមេរិក និង​សម្ព័ន្ធ​មិត្ត​​​ចង់​សង្កត់​ធ្ងន់​ថា​ខ្លួន​បើក​ដៃ​ឱ្យ​បាញ់​ទៅ​រុស្ស៊ី​​មែន​។ ប៉ុន្តែ​មិន​មែន​បាញ់​ទៅ​ឆ្ងាយ​ៗ​ពេក​ទេ​ បាញ់​ត្រឹម​ជិត​ៗ​ព្រំ​ដែន​បាន​ហើយ​ដើម្បី​រុញ​ច្រាន​កង​ទ័ព​រុស្ស៊ី​ឱ្យ​ដក​​ថយ​វិញ​។ ចំណុច​មួយ​ទៀត​ អាមេរិក​ចង់​សង្កត់​ធ្ងន់​ថា​​បើ​​រុស្ស៊ី​បាញ់​មីស៊ីល​ចេញ​ពី​ទី​តាំង​ណា​ អ៊ុយ​ក្រែន​អាច​បាញ់​​ទៅ​​ទី​តាំង​នោះ​វិញ​។

​កាល​ណោះ អាមេរិក និង​សម្ព័ន្ធ​មិត្ត​ដទៃ​ទៀត​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​សិទ្ធិ​វាយ​ការ​ពារ​ខ្លួន​។​ មន្ត្រី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​រុស្ស៊ី​មាន​ផែន​ការ​បញ្ជូន​នាវា​ចម្បាំង​ដើម្បី​ឈរ​ជើង​នៅ​​​សមុទ្រ​ការីប៊ីន​ដើម្បី​ធ្វើ​សមយុទ្ធយោធា​ជើង​ទឹក​។ ថ្វី​ដ្បិត​វ៉ាស៊ីនតោន​យល់​ថា​វត្ត​មាន​នាវា​នោះ​មិន​មែន​ជា​ការ​គំរាម​កំហែង​ផ្នែក​សន្តិ​សុខ​ជាតិ​ ប៉ុន្តែ​អាមេរិក​នឹង​តាម​ដាន​សមយុទ្ធ​យោធា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ