ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាឡេស្ទីនបើកទំព័រប្រវត្តិសាស្ត្រថ្មី ឈានដល់ការប្រកួតជុំទី ៣ វគ្គជម្រុះ World Cup

2 អាទិត្យ មុន

ប្រទេសកាតា ៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីន បានបង្កើតប្រវត្តិសាស្ត្រថ្មី ក្រោយកក់កៅអី

ប្រទេសកាតា ៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីន បានបង្កើតប្រវត្តិសាស្ត្រថ្មី ក្រោយកក់កៅអីឡើងទៅការប្រកួតជុំទី ៣ វគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ប្រចាំទ្វីបអាស៊ី ជាលើកដំបូង បន្ទាប់ពីបញ្ចប់ការប្រកួតជុំទី ២ ក្នុងពូល I ដោយលទ្ធផលគ្មានគ្រាប់ស៊ុតបញ្ចូលទីជាមួយនឹងលីបង់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដែលធ្វើឡើងនៅកីឡដ្ឋាន Jassim bin Hamad មានមូលដ្ឋានក្នុងទីក្រុងដូហា ប្រទេសកាតា។

ថ្វីដ្បិតតែសង្គ្រាមរាំងជល់បានកើតឡើងនៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីដើមខែតុលា ឆ្នាំមុន និងបានអូសបន្លាយរហូតមកដល់សព្វថ្ងៃក៏ពិតមែន ប៉ុន្តែក្រុមជម្រើសជាតិប៉ាឡេស្ទីន បានបង្កើតប្រវត្តិសាស្ត្រថ្មី កាលពីដើមឆ្នាំនេះ ដោយឡើងទៅដល់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ឬ Knockout Stage នៃពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៣ ជាលើកដំបូងរបស់ខ្លួនរួចមកហើយ។

ដោយឡែក កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ប៉ាឡេស្ទីន បានបន្តបង្កើតប្រវត្តិសាស្ត្រថ្មីមួយថែមទៀត ដោយបានកក់កៅអីការប្រកួតជុំទី ៣ វគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ប្រចាំទ្វីបអាស៊ី ជាលើកដំបូង។ ប៉ាឡេស្ទីន កំពុងឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងពូល I មាន៨ពិន្ទុ រួមដំណើរឡើងទៅកាន់ការប្រកួតជុំទី ៣ ជាមួយនឹងអូស្ត្រាលី ដែលឈរកំពូលតារាងមាន ១៥ពិន្ទុ ដ្បិតនៅសល់១ប្រកួតទៀតយ៉ាងណាក៏ដោយ ដោយសារតែលីបង់ ឈរនៅលេខ ៣ មានត្រឹម៣ពិន្ទុ និងបង់ក្លាដែស នៅបាតតារាងមាន១ពិន្ទុ។

ការប្រកួតបន្ទាប់របស់ប៉ាឡេស្ទីន ក្រោមការដឹកនាំរបស់លោក Makram Daboub គ្រូបង្វឹក ជន​ជាតិ​ទុយនេស៊ី ដែលជាការប្រកួតបង្គ្រប់កិច្ចទល់នឹងម្ចាស់ផ្ទះអូស្ត្រាលី ដែលធ្វើឡើងនៅកីឡដ្ឋាន Perth Rectangular នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ