ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ កែសម្រួល​៤​ចំណុច ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ នៅ​រង្វង់​មូល​កួច​កាណុង

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​ដំឡើង​ភ្លើង​សញ្ញា​ចរាចរ នៅ​ចំណុចប្រសព្វ​រវាងផ្លូវ​លេខ​៧០ និង​មហាវិថី​ព្រះ​មុនី​វង្ស ដាក់​ខឿន​បែងចែក​ទ្រូងផ្លូវ​លើ​មហាវិថី​ព្រះ​មុនី​វង្ស រៀបចំ​ផ្លូវ​លេខ​៤៧ ជា​ផ្លូវ​ឯកទិស និង​រៀបចំ​ផ្លូវ​ទ្វេ​ទិស…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​ដំឡើង​ភ្លើង​សញ្ញា​ចរាចរ នៅ​ចំណុចប្រសព្វ​រវាងផ្លូវ​លេខ​៧០ និង​មហាវិថី​ព្រះ​មុនី​វង្ស ដាក់​ខឿន​បែងចែក​ទ្រូងផ្លូវ​លើ​មហាវិថី​ព្រះ​មុនី​វង្ស រៀបចំ​ផ្លូវ​លេខ​៤៧ ជា​ផ្លូវ​ឯកទិស និង​រៀបចំ​ផ្លូវ​ទ្វេ​ទិស មាន​ទិស​ដៅ​ទៅ​មក ចាប់ពី​ផ្លូវ​លេខ​៨០ ដល់​រង្វង់​មូល​វត្ត​ភ្នំ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ នៅ​តំបន់​រង្វង់​មូល​កួច​កាណុង ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សង្កេត​ឃើញ​ពី​ស្ថានភាព​ចរាចរ​នៅ​ចំណុច​រង្វង់​មូល​កួច​កាណុង មានការ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ ជា​ពិសេស​ម៉ោង​មមាញឹក (​ចន្លោះ​ពី​ម៉ោង​៧:០០​នាទី​ព្រឹក ដល់​ម៉ោង​៨:៣០​នាទី​ព្រឹក និង​ពី​ម៉ោង​១៦:៣០​នាទី​រសៀល ដល់​ម៉ោង​១៩:០០​នាទី​យប់​) ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ និង​សណ្ដាប់ធ្នាប់​សាធារណៈ ។

ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ងាយស្រួល និង​សម​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​គម្រោង​រៀបចំ​កែសម្រួល​ប្រព័ន្ធ​ចរាចរ នៅ​តំបន់​ជុំវិញ​ចំណុច​រង្វង់​មូល​កួច​កាណុង ដូច​ខាងក្រោម ៖

១-​ដំឡើង​ភ្លើង​សញ្ញា​ចរាចរ​នៅ​ចំណុចប្រសព្វ​រវាងផ្លូវ​លេខ​៧០ និង​មហាវិថី​ព្រះ​មុនី​វង្ស
២-​ដាក់​ខឿន​បែងចែក​ទ្រូងផ្លូវ​លើ​មហាវិថី​ព្រះ​មុនី​វង្ស​ចាប់ពី​ច្រមុះជ្រូក​រង្វង់​មូល​កួច​កាណុង ដល់​ផ្លូវ​លេខ​៨០
៣-​រៀបចំ​ផ្លូវ​ឯកទិស​លើ​ផ្លូវ​លេខ​៤៧ ទិស​ដៅ​ឆ្ពោះទៅ​វត្ត​ភ្នំ ចាប់ពី​រង្វង់​មូល​កួច​កាណុង ដល់​ផ្លូវ​លេខ​៨០
៤-​រៀបចំ​ផ្លូវ​ទ្វេ​ទិស មាន​ទិស​ដៅ​ទៅ​មក ចាប់ពី​ផ្លូវ​លេខ​៨០ ដល់​រង្វង់​មូល​វត្ត​ភ្នំ​។

គម្រោង​ខាងលើ​នេះ នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ចាប់ពី​ថ្ងៃ​សុក្រ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៤ តទៅ​អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ទាំងអស់ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ចរាចរ​ឆ្លងកាត់​ភូមិសាស្ត្រ​ខាងលើ​មេត្តា​យោគយល់ និង​ចូលរួម​សហការ​តាម​ខ្លឹមសារ​ខាងលើ​នេះ ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ពាក់ព័ន្ធ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​អនុវត្ត និង​សម្របសម្រួល​សណ្តាប់ធ្នាប់​ចរាចរ​ត្រង់​ចំណុច​ភូមិសាស្ត្រ​ខាងលើ​នេះ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ