ខេត្តកំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យដល់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលទើបបានទទួលតំណែងថ្មី ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ដើម្បីចូលរួមចំណែកក្នុងការដឹកនាំអង្គភាពឱ្យមានការរីកចម្រើន សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែកជាមួយក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ធ្វើយ៉ាងឱ្យសភាពការណ៍ក្នុងប្រទេស មានភាពស្ងប់ស្ងាត់ទាំងផ្នែកនយោបាយ និងផ្នែកបច្ចេកទេសការងារសន្តិសុខ។ ការណែនាំដូចនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ។

ទន្ទឹមនឹងការណែនាំនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានក្រើនរំឭកឱ្យបន្ដស្មារតីសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពរបស់ខ្លួន និងត្រូវសហការគ្នាធ្វើកិច្ចការងារឱ្យបានសម្រេចតាមទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតប្រគល់ជូន។ ក្រៅពីនេះក៏បានដាក់ចេញនូវការណែនាំដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលទើបទទួលបានការតែងតាំងថ្មីចំនួន៥ចំណុច ៖

ទី១-បទល្មើសព្រហ្មទណ្ឌដែលមានកំណើនគួរឲ្យកត់សម្គាល់មិនមានសញ្ញាថមថយនៅឡើយ ទាំងបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈឹម និងថ្មីៗនេះក៏មានលេចចេញនូវសកម្មភាពក្មេងទំនើង ដែលទាមទារឱ្យអ្នកដែលទទួលខុសត្រូវក្នុងផែននេះ ទាំងស្នងការដ្ឋាន អធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាលត្រូវប្រមូលធាតុផ្សំគិតឡើងវិញ មិនអាចបណ្តែតបណ្តោយឱ្យសកម្មភាពទាំងនេះ បន្តមានទៀតបានទេ។

ទី២-ពង្រឹងបញ្ហាគ្រឿងញៀន ពិសេសនៅតាមក្លឹបកម្សាន្ត ព្រោះគ្រឿងញៀនក៏នៅតែជាក្តីកង្វល់របស់សកលលោក ប្រទេសនៅក្នុងតំបន់ ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ។ ក្រុមក្មេងទំនើងដែលបង្កបញ្ហានៅក្នុងសង្គមក្រោយការចាប់ខ្លួនតែងតែធ្វើតេស្តរកឃើញមានសារធាតុញៀន ដែលនេះជាការបង្កើតបញ្ហាដល់សង្គម ដែលយើងទាំងអស់គ្នា ក្នុងនាមជាអ្នកអនុវត្តច្បាប់ត្រូវតែរួមគ្នាបង្ការ បង្ក្រាបឱ្យដល់ឫសគល់។

ទី៣-គ្រោះថ្នាក់ចរារចណ៍ដែលបង្កើតជាសោដនាដកម្ម បង្កើតជាភាពក្រីក្រក្នុងគ្រួសារ ដែលនេះជាបញ្ហាសំខាន់ដែលត្រូវពិនិត្យពិចារណាឡើងវិញ ដែលកត្តាទាំងនេះក៏ស្របជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តទី៧ ដំណាក់កាលទី១ផងដែរ។ កំឡុងពេលប្រមាណខែចុងក្រោយនេះ បើធ្វើការប្រៀបធៀបជាមួយឆ្នាំកន្លងទៅ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងចំនួនមនុស្សរបួស និងស្លាប់ដែលទាមទារឱ្យមានការផ្តោតសំខាន់ទៅលើចំណុចមួយចំនួនទៀត ដើម្បីធ្វើឱ្យចំនួននៃគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។

ទី៤-បញ្ហាទំនាស់ដីធ្លីនៅតាមបណ្តាស្រុក-ក្រុង ដែលអាជ្ញាធរមិនអាចមើលស្រាលអំពីជម្លោះដ៏រ៉ាំ
រ៉ៃនេះបានទេ ការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ សុទ្ធសឹងតែមានអ្នកនៅពីក្រោយខ្នង ដើម្បីញុះញង់ឱ្យមានចលនា ដើម្បីទំលាក់កំហុសមកលើរាជរដ្ឋាភិបាល ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់នូវជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាល ដែលនេះជាបញ្ហាដែលក្នុងនាមជាអាជ្ញាធរមិនត្រូវមើលស្រាលជាដាច់ខាត។

ទី៥-ពង្រឹងការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ឆ្នោតផ្សងសំណាង ដែលបច្ចុប្បន្នកំពុងកម្រើកឡើងវិញដោយបើកលេងខុសច្បាប់។ ឆ្នោតនេះថ្វីត្បិតមានច្បាប់ ប៉ុន្តែវាបានបង្កប់នូវល្បែងជាច្រើនដែលគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាល ហើយកំពុងពង្វក់ប្រជាពលរដ្ឋឱ្យលេងដោយគ្មានការទទួលខុសត្រូវ។ ល្បែងនេះទៀតសោតវាក៏បានបង្កើតឱ្យមានចោរកម្ម លួច ឆក់ប្លន់ និងកំពុងបង្កអសន្តិសុខក្នុងមូលដ្ឋាន។ស្នងការនគរបាល អធិការ មេប៉ុស្តិរដ្ឋបាល ត្រូវពិនិត្យ និងបង្ក្រាបឱ្យបានចំពោះបទល្មើសមួយនេះឱ្យមានប្រសិទ្ធិភាព។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវពង្រឹងការងារបុគ្គលិក របៀបរបបធ្វើការងារ ពិសេសពាក់ព័ន្ធវិន័យកងកម្លាំងនគរបាលជាតិ ការគ្រប់គ្រងបញ្ជីវត្តមាន និងឯកសណ្ឋានរបស់មន្ត្រីក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃបានម៉ត់ចត់ផងដែរ និងត្រូវណែនាំដល់មន្ត្រីប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ សង្កាត់ត្រូវបើកទ្វារ២៤ម៉ោង លើ២៤ម៉ោង ដើម្បីរង់ចាំទទួលពាក្យបណ្តឹង និងការស្នើសុំអន្តរាគមន៍ សំណូមពរនានាពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ អតីតអនុប្រធានអង្គភាពអន្តរាគមន៍ មកជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍៕

ចែករំលែកព័តមាននេះ