រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី រួចមក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតកម្រិតពិភពលោក ក្នុងកម្មវិធីពានរង្វាន់ “ការរៀបចំសេវាឌីជីថល” ដែលរៀបចំនៅក្នុងព្រឹត្តិការណ៍ជាន់ខ្ពស់ នៃវេទិកា WSIS+20 នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអោយដឹងថា ៖ “ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ. ត្រូវបានដាក់ឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់ “ការរៀបចំសេវាឌីជីថល” WSIS Digital Service Design 2024 ក្នុងព្រឹត្តិការណ៍ជាន់ខ្ពស់នៃវេទិកា WSIS+20 (WSIS+20 Forum High-Level Event 2024) រៀបចំឡើងនៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ហើយមានប្រព័ន្ធឌីជីថលពីបណ្តាប្រទេសនានា ជុំវិញពិភពលោកមកចូលរួមប្រកួត សរុបចំនួន ៥០ ប្រទេស ។
ជាលទ្ធផល ថ្នាល verify.gov.kh ត្រូវបានជ្រើសរើសចូលទៅប្រកួតប្រជែង នៅវគ្គផ្តាច់ព្រ័ត្រ ជាមួយប្រព័ន្ធឌីជីថលចំនួន ៨ទៀត ហើយទទួលបានពិន្ទុនៅលំដាប់ទី២ បន្ទាប់ពីថ្នាល UgPass របស់ប្រទេសអ៊ូហ្កង់ដា ដែលជាថ្នាលអត្តសញ្ញាណឌីជីថល និងហត្ថលេខាអេឡិចត្រូនិក ។
នេះជាលើកទី២ ហើយដែលថ្នាល verify.gov.kh ត្រូវបានដាក់ឱ្យចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីពានរង្វាន់កម្រិតអន្តរជាតិ ដោយថ្នាលនេះ បានឈ្នះ មេដាយមាស ក្នុងពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ ដែលជាពានរង្វាន់សម្រាប់សេវាសាធារណៈ ដែលល្អជាងគេ ក្នុងតំបន់ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ។
វេទិកា WSIS+20 ត្រូវបានរៀបចំរួមគ្នា ដោយស្ថាប័នជំនាញ ៤ របស់អង្គការសហប្រជាជាតិ គឺសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) អង្គការយូណេស្កូ (UNESCO) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ក្រោមភាពជាម្ចាស់ផ្ទះរួមគ្នារវាង ITU និងសហព័ន្ធស្វ៊ីស ដើម្បីពិនិត្យលើវឌ្ឍនភាព នៃកិច្ចសហការឌីជីថលរបស់សកលលោក ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ។
វេទិកានេះ មានការចូលរួមពីប្រតិភូជាន់ខ្ពស់ប្រមាណ ៥០០រូប មកពីអង្គការជាដៃគូរបស់អង្គការសហប្រជាជាតិប្រមាណ ៤០ និងប្រទេសប្រមាណ ១៦០ប្រទេស ក្នុងនោះ មានអ្នកចូលរួមប្រមាណ ៨០រូប ជារដ្ឋមន្ត្រី និងជាប្រធាននិយ័តករនៃវិស័យឌីជីថល ។
ពានរង្វាន់ WSIS Digital Service Design 2024 ត្រូវបានរៀបចំឡើងជាពិសេសដោយ ITU និងអង្គការដៃគូ ដើម្បីទទួលស្គាល់សេវារដ្ឋាភិបាលឌីជីថលលំដាប់ខ្ពស់ក្នុងពិភពលោក ដែលត្រូវបានរៀបចំឡើងដោយគិតគូរអំពីតម្រូវការរបស់ប្រជាជន ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្អែកលើអភិក្រមហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល ។
ប្រព័ន្ធទាំង៩ ដែលត្រូវបានជ្រើសរើសទៅវគ្គផ្ដាច់ព្រ័ត្រ ពីក្នុងចំណោមប្រព័ន្ធ ៥០ ជុំវិញពិភពលោក រួមទាំងថ្នាល verify.gov.kh របស់កម្ពុជា គឺសុទ្ធតែបានគោរពតាមគោលការណ៍សំខាន់ៗ ៧ ក្នុងការអភិវឌ្ឍ គឺ ៖ (១) ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ (២) ធន់នឹងការវាយប្រហារពីចោរបច្ចេកវិទ្យា (៣) ងាយស្រួលប្រើប្រាស់ (៤) មានភាពបត់បែនតាមតម្រូវការ នៃការប្រើប្រាស់ (៥) អាចដំណើរការបានដោយពុំមានលក្ខខណ្ឌតម្រូវស្មុគស្មាញផ្នែកបច្ចេកទេស (៦) ងាយស្រួលទំនាក់ទំនងជាមួយប្រព័ន្ធផ្សេងៗ និង(៧) មានចីរភាព ។
នៅក្នុងចំណោមប្រព័ន្ធទាំង៩ ដែលបានជាប់ទៅវគ្គផ្ដាច់ព្រ័ត្រ កម្ពុជាក៏បានឈ្នះ លើប្រព័ន្ធធំៗលើពិភពលោក ដូចជា DigiLocker របស់ប្រទេសឥណ្ឌា ដែលជាទូឯកសារឌីជីថល សម្រាប់ប្រជាជនផ្ទុកឯកសារឌីជីថលសំខាន់ៗ ហើយមានអ្នកប្រើប្រាស់រហូតដល់ ២៣៦ លាននាក់ និងប្រព័ន្ធ SATUSEHAT របស់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យក្នុងវិស័យសុខាភិបាល ដែលមានការដោនឡូតកម្មវិធីទូរសព្ទចំនួន ៥៥ លានដង ។
បន្ថែមលើលក្ខខណ្ឌទាំងអស់នេះ ថ្នាល verify.gov.kh របស់កម្ពុជា អាចទទួលបានពិន្ទុលំដាប់ទី២ ក្នុងការប្រកួតកម្រិតពិភពលោកនេះបាន ដោយសារលក្ខណៈពិសេសបន្ថែម ដូចខាងក្រោម ៖ -អាចផ្សារភ្ជាប់រវាងឯកសារក្នុងទម្រង់ជាក្រដាស និងពិភពឌីជីថលដោយសុវត្ថិភាព ដែលធ្វើឱ្យឯកសារ ដែលមានដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដារបស់ថ្នាល verify.gov.kh មានតម្លៃប្រើប្រាស់ជាផ្លូវការបានទាំងក្នុងប្រទេស និងឆ្លងប្រទេសជាមួយស្ថាប័នដៃគូ។ -អាចរៀបចំប្រព័ន្ធដូចគ្នា នៅប្រទេសផ្សេងបាន ដោយងាយស្រួល និងឆាប់រហ័ស។ -ប្រព័ន្ធ verify.gov របស់ប្រទេសនានា អាចទំនាក់ទំនងគ្នាឆ្លងប្រទេសបាន។ -អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារពីប្រទេសមួយទៅប្រទេសមួយទៀត កាន់តែងាយស្រួល តាមរយៈការដាក់ឱ្យប្រើប្រាស់បន្ថែមនូវកម្មវិធី Universal Verify App នៅក្នុងពេលអនាគត។
ថ្នាល verify.gov.kh នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញល្បឿន នៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈ និងបង្កើនជំនឿទុកចិត្ត និងផ្តល់ភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវទទួលសេវាសាធារណៈពីរាជរដ្ឋាភិបាល ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមខែឧសភា ឆ្នាំ២០២៤នេះ មានក្រសួង ស្ថាប័ន ចំនួន ១៤ និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនចំនួន ៤៣ បានចុះអនុស្សរណៈ នៃការយោគយល់ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ (ក.ប.ទ.) ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារក្នុងវិស័យរបស់ក្រសួង និងសញ្ញាបត្រកម្រិតឧត្តមសិក្សាចេញដោយគ្រឹះស្ថានឧត្តមសិក្សាទាំងនោះ។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពសម្រាប់ផ្ទៀតផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ។
សញ្ញាបត្រដែលមានដាក់បញ្ចូលឃ្យូ.អ.កូដ ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺអាចយកទៅប្រើប្រាស់បាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ ។
ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ មានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយ ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាស្របតាមការវិវត្ត នៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល ។
គួររម្លឹកដែរថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting) ដោយមានការចូលរួមពីរដ្ឋមន្ត្រីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌាសហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ ។
ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នោះ ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ល្អៗ ចំនួន១២៥ មកដាក់ពាក្យប្រកួតប្រជែង។ ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ជាបេក្ខភាពតំណាងរបស់កម្ពុជា ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ។ បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថល ក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ