ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរជាតិ​កំពុង​ចាប់អារម្មណ៍​កម្ពុជា​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការ​បំពាន​របស់​ថៃ

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ថា សហគមន៍​អន្តរជាតិ​កំពុង​ចាប់អារម្មណ៍​មក​លើ​កម្ពុជា​ ដែល​បាន​និង​កំពុង​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការ​រំលោភ​បំពាន​ដ៏​កំរោល​របស់​យោធា​ថៃ ដោយ​ពួក​គេ​បាន​ស្វះស្វែង​ជួយ​រក​ដំណោះស្រាយ​ចំពោះ​ការ​រំលោភ​បំពាន​នេះ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ ស្តី​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ថា សហគមន៍​អន្តរជាតិ​កំពុង​ចាប់អារម្មណ៍​មក​លើ​កម្ពុជា​ ដែល​បាន​និង​កំពុង​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការ​រំលោភ​បំពាន​ដ៏​កំរោល​របស់​យោធា​ថៃ ដោយ​ពួក​គេ​បាន​ស្វះស្វែង​ជួយ​រក​ដំណោះស្រាយ​ចំពោះ​ការ​រំលោភ​បំពាន​នេះ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ ស្តី​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥​នេះ ឯកឧត្តម ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​កិច្ច​ខិតខំ​របស់​បណ្តា​ប្រទេស​ជា​មិត្ត ដើម្បី​ជួយ​រក​ដំណោះស្រាយ​ឲ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពិភពលោក​មិន​ឱបដៃ​មើល​ការ​រំលោភ​ឈ្លានពាន​យ៉ាង​កំរោល​របស់​ថៃ​ មក​លើ​កម្ពុជា ​នោះ​ទេ ។

ឯកឧត្តម ​គូសបញ្ជាក់​ថា “​សហគមន៍​អន្តរជាតិ​ បាន​និង​កំពុង​បន្ត​ចាប់អារម្មណ៍​ទៅ​លើ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ មក​លើ​ជន​ស៊ី​វិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​កម្ពុជា ​ដែល​បណ្តាល​មក​ពី​ការ​វាយប្រហារ​មិន​រើសមុខ មិន​រើស​ទីតាំង​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា​ពី​សំណាក់​ទាហាន​ថៃ​” ​។

ទន្ទឹម​នឹង​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​បំផុត ​ចំពោះ​ការ​វាយប្រហារ​យ៉ាងសាហាវ​ព្រៃផ្សៃ និង​អមនុស្សធម៌​របស់​កងទ័ព​ឈ្លានពាន​ថៃ ​មក​លើ​ជន​ស៊ី​វិល​ស្លូតត្រង់ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​កម្ពុជា និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ថៃ ​ឱ្យ​បញ្ឈប់​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម បំពាន​ច្បាប់​អន្តរជាតិ និង​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​របស់​ខ្លួន​ជា​បន្ទាន់ និង​បង្ខំ​ឲ្យ​ប្រទេស​នេះ​ងាក​មក​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​វិញ​ជា​ចាំបាច់ ​។

សូម​បញ្ជាក់​ថា រហូត​មក​ទល់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ មាន​ជន​ស៊ី​វិល​ស្លូតត្រង់​ខ្មែរ ​បាន​ស្លាប់​ចំនួន​៣០​នាក់ និង​រង​របួស​កើន​ដល់​៨៨​នាក់​ហើយ ។ ក្នុង​នោះ​មាន​ស្ត្រី កុមារ និង​មនុស្ស​ចាស់ ។ ចំណែក​ប្រជាពលរដ្ឋ​ភៀស​សឹក​ចេញពីផ្ទះ​សម្បែង​បាន​កើន​ដល់​ជាង​៦៣​ម៉ឺន​នាក់​។ ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ជា​ច្រើន​ដូច​ជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ផ្សារ អគារ​អាជីវកម្ម​ឯកជន វត្ត​អារាម រូប​បដិមា​ព្រះ​វិ​ណ្ណុ រហូត​ដល់​ប្រាសាទបុរាណ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ ដ៏​មាន​តម្លៃ​របស់​មនុស្សជាតិ បាន​រង​ការ​បំផ្លិចបំផ្លាញ​ជា​រៀងរាល់ថ្ងៃ​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​ទាហាន​ឈ្លានពាន​ថៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com