ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​អ្នកកាសែត​កម្ពុជា ចែក​អាវ​ក្រោះ និង​មួក​សុវត្ថិភាពដល់​អ្នក​សារព័ត៌មាន​សម្រាប់បំពេញការងារ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែលងាយរងគ្រោះ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) នៅ​ថ្ងៃ​ទី​ ២៦ ខែធ្នូ ឆ្នាំ ​២០២៥ នេះបាន​ចែក​អាវ​ក្រោះ…

រាជធានីភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) នៅ​ថ្ងៃ​ទី​ ២៦ ខែធ្នូ ឆ្នាំ ​២០២៥ នេះបាន​ចែក​អាវ​ក្រោះ និង​មួក​សុវត្ថិភាពដល់​អ្នក​សារព័ត៌មាន​ចំនួន​ ៥៧​រូប មក​ពី​ ៣៦​ស្ថាប័ន ដើម្បី​ជួយ​ការពារ​សុវត្ថិភាព​ដល់​អ្នក​សារព័ត៌មាន​ដែលកំពុង​បំពេញការងារ​ព័ត៌មាន​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ទីកន្លែង​ងាយ​រង​គ្រោះ​ដទៃ​ទៀត​ក្នុង​អំឡុងពេល​ដែល​ទាហាន​ថៃ​បាន​វាយប្រហារ​មក​លើ​កម្ពុជា ​។ អាវ​ក្រោះ និង​មួក​សុវត្ថិភាព​ដោយ​មាន​ស្លាកស​ញ្ញអ្នក​សារព័ត៌មាន ឬ PRESS ជា​សញ្ញា​ដ៏​ចាំបាច់​បំផុត​សម្រាប់​អ្នក​សារព័ត៌​មាននៅ​ពេល​កំពុង​បំពេញការងារ​ ។

ក​.​អ​.​ក មើលឃើញ​ថា ការ​ចែក​អាវ​ក្រោះ និង​មួក​សុវត្ថិភាព​នា​ពេល​នេះ​មិន​បាន​គ្រប់​ចំនួន​អ្នក​សារ ព័ត៌មាន​ដែល​បាន និង​កំពុង​បំពេញបេសកកម្ម​យក​ព័ត៌មាន​នៅ​តាម​បណ្ដោយ​ព្រំដែន​ដែល​មាន​ជម្លោះ ឬ​ទីកន្លែងងាយ​រង​គ្រោះ​នោះ​ឡើយ​ ។ ប៉ុន្តែ ក​.​អ​.​ក នឹង​ខិតខំ​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​បន្ថែម​ទៀត​ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​របស់​អ្នក​សារព័ត៌​មាននៅ​កាលៈទេសៈ​នេះ​ ។ ក​.​អ​.​ក សូម​ថ្លែងអំណរគុណ​ដល់​សប្បុរសជន ដែល​បាន​គាំទ្រ​ដល់​សកម្មភាព​របស់​អ្នក​សារព័ត៌មាន កម្ពុជា​នៅ​ក្នុង​បេសកកម្ម​យក​ព័ត៌មាន​នៅ​តាម​ទីកន្លែង​ដូច​បាន​រៀបរាប់​ខាងលើ ​។

អ្នក​សារព័ត៌មាន​ដែល​ចុះ​យក​សារព័ត៌មាន​ក្នុងអំឡុងពេល​មាន​សង្គ្រាម ត្រូវ​បានការ​ពារ​ដោយ​ច្បាប់
អន្តរជាតិ​ថា ជា​ជន​ស៊ី​វិល ព្រោះ​ពួក​គាត់​ដើរតួ​នាទី​ជា​អ្នក​ផ្ដល់​ព័ត៌មាន​ដល់​ពិភពលោក​ឱ្យ​ដឹង​ពី​ហេតុការណ៍ ដែល​បាន​កើតឡើង​ និង​កំពុង​កើតឡើង ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​តួនាទី​ជា​កងទ័ព ឬ​កាន់​អាវុធ​ឡើយ ហើយក៏​ត្រូវ​បាន​ហាម​មិន​ឱ្យ​ផ្ដល់​ព័ត៌មាន​ទាក់ទង​នឹង​លេណដ្ឋាន ការ​ចល័ត​ទ័ព ផ្ដល់​ព័ត៌មាន​បែប​ជា​យុទ្ធសាស្ត្រ​ទ័ព ឬ​បែប​ចារកម្ម និង​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ជន​ស៊ី​វិល​។ ល​។

ក្នុងពិធីចែក​អាវ​ក្រោះ និង​មួក​សុវត្ថិភាពដល់​អ្នក​សារព័ត៌មាន​នេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា រហូតមកដល់ពេលនេះយោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ ចាប់តាំងពីថ្ងៃទី ៧ មកដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ មានជនស៊ីវិល ៣០រូបបានបាត់បង់ជីវិត និងចំនួនជិត ១០០នាក់ផ្សេងទៀតបានរងរបួស ដែលក្នុងនោះក៏មានបងប្អូនអ្នកសារព័ត៌មាន ១រូបដែរដែលរងគ្រោះដោយសារតែអំបែងគ្រាប់ផ្លោងរបស់ទាហានថៃ ។

លោក ពុយ គា បញ្ជាក់ទៀតថា យើងដឹងហើយថា អ្នកសារព័ត៌មានជាអ្នកប្រឈមគ្រោះថ្នាក់ខ្លាំងខ្លាណាស់ដែរបន្ទាបើពីកងទ័ពនៅជួរមុខ ដោយសារអ្នកសារព័ត៌មានបានដើរតួនាទីទៅទីតាំងប៉ះទង្គិច ទីតាំងជនរងគ្រោះ និងទីតាំងកងទ័ពថៃផ្លោងដាក់ និងយន្តហោះរបស់ថៃទម្លាក់គ្រាប់ ។ ដូច្នេះហើយបានជាក្លិបអ្នកកាសែតកម្ពុជា ព្យាយាមប្រឹងប្រែងធ្វើយ៉ាងណាជួយគិតគូរទៅដល់សុវត្ថិភាពរបស់បងប្អូនអ្នកសារព័ត៌មាន ។

លោកប្រធានក្លិបអ្នកកាសែតកម្ពុជា ក៏បានបញ្ជាក់ផងដែរថា អ្នកសារព័ត៌មាននៅក្នុងសម័យសង្គ្រាមត្រូវបានគេចាត់ទុកថា ជាជនស៊ីវិលមួយរូបដែរដែលតួនាទីរបស់គាត់គ្រាន់តែទៅសមរភូមិ ហើយនិងទីកន្លែងដទៃទៀតដែលងាយរងគ្រោះ ដើម្បីយកព័ត៌មានមកផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមិនត្រឹមនៅតែកម្ពុជាទេ គឺនៅទូទាំងពិភពលោក ។ ដូច្នេះតួនាទីរបស់អ្នកសារព័ត៌មានសំខាន់ណាស់ ប៉ុន្តែទន្ទឹមនឹងនេះសុវត្ថិភាពរបស់ពួកគាត់ក៏សំខាន់ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com