ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ចាត់​ទុក​ជំនួយ​របស់​ចិន​ជួយ​អភិ​វ​ឌុ្ឍ​សង្គម​-​សេដ្ឋកិច្ច​និង​ជួយ​ពង្រឹង​ឯករាជ្យ​ភាព​ខាង​នយោបាយ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា ជំនួយ​របស់​ប្រទេស​ចិន មិន​ត្រឹមតែ​ជួយ​អភិ​វ​ឌុ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំងជួយ​ពង្រឹង​ឯករាជ្យភាព​ខាង​នយោបាយ…

រាជធានី​ភ្នំពេញ ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន
​លើក​ឡើង​ថា ជំនួយ​របស់​ប្រទេស​ចិន មិន​ត្រឹមតែ​ជួយ​អភិ​វ​ឌុ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំងជួយ​ពង្រឹង​ឯករាជ្យភាព​ខាង​នយោបាយ ។

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​សម្ដេច​អនុញ្ញាតឱ្យលោក វ៉ាង វិ​ន​ធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ព្រះរាជា ណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ ២០២៤​នៅ​វិមាន​ព្រឹទ្ធសភា ។

ក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ក្ដី​រីករាយ​ដែល​បាន​ជួប​លោក ឯកអគ្គរដ្ឋទូត ប៉ុន្តែ​ក៏​មាន​អារម្មណ៍​សោកស្តាយ ដោយ លោក​ចប់​បេសកកម្ម និង​ត្រូវ​ចាក​ចេញពី​កម្ពុជា ។ សម្តេច​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់ លោក​ឯកអគ្គរដ្ឋទូត ដែល​បាន​ចូលរួម​ចំណែក​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង កម្ពុជា​-​ចិន ក្នុង​ពេល លោក​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា ជិត​៦ ឆ្នាំ ដែល​ជា​អំឡុង​ពេល​រវល់​ខ្លាំង និង​បាន​ធ្វើ​កិច្ចការ​រួម​គ្នា​ជា​ច្រើន ប្រកបដោយ​ជោគជ័យ​ដ៏​ត្រចះត្រចង់ ជា​ពិសេស នៅ​ក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូ​វី​ដ ដែល​សម្តេច​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លោក ក្នុង​ការ​ខិតខំ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លង​នេះ ។

សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់​ថា «​ទំនាក់ទំនង​កម្ពុជា​-​ចិន ដែល​ជា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​យូរអង្វែង បាន​រីក​ចម្រើន​រហូត​ដល់​កម្រិត ដែល​មិន​អាច​បំបែក​បាន​។ ទំនាក់ទំនង​នេះ ស័ក្តិសម​នឹង​គុណ​តម្លៃ នៃ​ការ​ជឿ​ទុកចិត្ត​គ្នា ជា​ពិសេស​ទំនុកចិត្ត​ខាង​នយោបាយ ។ ជំនួយ​របស់​ប្រទេស​ចិន ដល់​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​ជួយ​អភិ​វ​ឌុ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង ជួយ​ពង្រឹង​ឯករាជ្យ​ភាព​ខាង​នយោបាយ របស់​កម្ពុជា​ទៀត​ផង​»​។

សម្ដេច បាន​បញ្ជាក់​សា​ជា​ថ្មី​ថា ទោះ​មានការ​ផ្លាស់​ប្ដូរ​នាយក​រដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី​នៅ​កម្ពុជា​ក៏​ដោយ ក៏​ពុំ​មានការ​ផ្លាស់​ប្ដូរ​គោល​ជំហរ​ក្នុង​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ចិន​នោះ​ឡើយ និង ជូនពរ​មិត្តភាព កម្ពុជា​-​ចិន ស្ថិតស្ថេរ​ជា​អមតៈ ។

ទាក់ទង​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ សម្ដេច​តេ​ជោ បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​មិត្ត​ចិន ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​ទប់ទល់​នឹង​ជំងឺ​នេះ​បាន​ប្រកបដោយ​ភាព​ជោគជ័យ​។ សម្ដេច​តេ​ជោ ក៏​បាន​កោតសរសើរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែល​បាន​ជួយ​ដល់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩ កន្លង​ទៅ​នេះ​។

ជា​ចុង​ក្រោយ សម្ដេច​តេ​ជោ​ប្រធាន​ព្រឹទ្ធសភា បាន​សុំ​ឱ្យលោក​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច ទៅ​កាន់ ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង នាយក​រដ្ឋមន្ត្រី លី ឈាង និង​ថ្នាក់ដឹកនាំ​ចិន​ដទៃ​ទៀត និង​សូម​ជូនពរ​លោក វ៉ាង វិ​ន​ធាន ឱ្យ​មាន​សុខភាព​ល្អបន្ត​នូវ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត និង​សង្ឃឹមថា លោក​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា និង​មាន​វត្ត​មាននៅ​កម្ពុជា នា​ពេល​ខាង​មុខ ៕​

អត្ថបទសរសេរ ដោយ