ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករវាយកូនហ្គោលឆ្នើមម្នាក់ បញ្ច.ប់ជីវិត ១ថ្ងៃក្រោយដកខ្លួនចេញពីការប្រកួត

3 អាទិត្យ មុន

សហរដ្ឋអាម៉េរិក ៖ កីឡាករវាយកូនហ្គោលឆ្នើមរបស់សហរដ្ឋអាម៉េរិក Grayson Murray ម្ចាស់ជើងឯក

សហរដ្ឋអាម៉េរិក ៖ កីឡាករវាយកូនហ្គោលឆ្នើមរបស់សហរដ្ឋអាម៉េរិក Grayson Murray ម្ចាស់ជើងឯកពានរង្វាន់ PGA Tour ២សម័យកាល ត្រូវបានប្រកាសថា ស្លាប់ដោយអត្តឃាត នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ (ពេលវេលានៅសហរដ្ឋអាម៉េរិក) នៅអាយុ៣០ឆ្នាំ ពោល១ថ្ងៃបន្ទាប់ពីរូបគេដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍ Charles Schwab Cup Challenge ដែលធ្វើឡើងនៅទីក្រុង Fort Worth រដ្ឋតិចសាស់ (Texas) ត្រឹមជុំទី ២ ដោយមូលហេតុបញ្ហាសុខភាព។

ប្រភពសារព័ត៌មានធំៗ នៅជុំវិញពិភពលោក ជាពិសេសកាសែត The New York Times កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មុនទទួលមរណភាព កីឡាករ Grayson Murray កំពុងតស៊ូប្រឆាំងនឹងការញៀនស្រា ក៏ដូចជាជំងឺបាក់ទឹកចិត្ត (Depression)។ ការស្លាប់ដោយធ្វើអត្តឃាតរបស់កីឡាករ Murray ត្រូវបានបញ្ជាក់ដោយឪពុកម្ដាយកីឡាកររូបនេះផ្ទាល់តែម្ដង និងត្រូវបានចេញផ្សាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ស្ថាប័ន PGA Tour។

គួរបញ្ជាក់ថា មុនរលត់ជីវិតពីផែនដីនេះ Grayson Murray បានឈ្នះពានរង្វាន់ព្រឹត្តិការណ៍ PGA Tour ចំនួន ២ គឺ Barbasol Championship ឆ្នាំ ២០១៧ និង Sony Open ឆ្នាំ ២០២៤ ដែលធ្វើឡើងនៅកោះហាវ៉ៃ (Hawaii) ដើមឆ្នាំនេះ។ Murray បានឈរនៅចំណាត់ថ្នាក់លេខ ៤៦ នៃកីឡាវាយកូនហ្គោលពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងអាជីពរបស់ខ្លួន។

ដំបូងឡើយ អ្នកគ្រប់គ្នាសម្ដែងការរីករាយ និងបានកត់សម្គាល់ថា ព្រឹត្តិការណ៍ Sony Open គឺជាការវិលត្រឡប់មកវិញដ៏អស្ចារ្យរបស់កីឡាករ Murray បន្ទាប់ពីតស៊ូយកឈ្នះនឹងជំងឺបាក់ទឹកចិត្ត ក៏ដូចជាការញៀនស្រា។ ប៉ុន្តែជាមួយនឹងដំណឹងមរណភាពភ្លាមៗនេះ អ្នកគ្រប់បង្ហាញអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង។

អ្នករន្ធត់បំផុតម្នាក់ទៀត គឺកញ្ញា Christiana Ritchie ដែលជាគូដណ្ដឹងរបស់កីឡាករ Grayson Murray ដោយអ្នកទាំងពីរត្រូវបានរាយការណ៍ថា កំពុងកំណត់ថ្ងៃល្អ ដើម្បីរៀបចំពិធីមង្កលការថែមទៀតផង។ គូស្នេហ៍១គូនេះ ដែលកំពុងរស់នៅក្នុងរដ្ឋផ្លរីដា(Florida) ជាមួយគ្នា បានបង្កើតទំនាក់ទំនងស្នេហានៅពេលពួកគេបានជួបគ្នាក្នុងឆ្នាំ ២០២១ នៅឯការប្រកួត American Express ធ្វើឡើងនៅទីក្រុង Palm Springs នៃរដ្ឋកាលីហ្វ័រញ៉ា (California)។

កញ្ញា Christiana Ritchie ក៏ដូចជា Grayson Murray ដែរ ជាមួយចំណង់ចំណូលខ្លាំងទៅនឹងកីឡាវាយកូនហ្គោល គ្រាន់តែមិនមែនអាជីព។ Ritchie គឺជាប្រធានក្រុមនៃវិទ្យាល័យរបស់នាងថែមទៀងផង ហើយបានចំណាយពេលលេងកីឡាវាយកូនហ្គោល អំឡុងរៀននៅសាកលវិទ្យាល័យ Southern California មុនពេលទទួលបរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍អចលនទ្រព្យក្នុងឆ្នាំ ២០១៨។ កាលពី២ខែមុន Murray ក៏បានជ្រើសរើស Ritchie ដែលជាគូដណ្ដឹងធ្វើជាជំនួយការកាន់ឧបករណ៍វាយកូនហ្គោលរបស់ខ្លួនផងដែរ៕ (រូបភាព ៖ PGA Tour និង Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ