ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឆ្មក់ចុះទៅបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង ក្របួចកអ្នកលេងបានម្នាក់ ចាប់មាន់ជល់បាន០២ក្បាល និងដកហូតម៉ូតូបានចំនួន០៥គ្រឿង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ឧសភា នៅចំណុចភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ។

ប្រភពពីសមត្ថកិច្ចបាននិយាយថា គេរកមុខម្ចាស់សង្វៀនជល់មាន់នេះមិនឃើញទេ តែកម្លាំងសមត្ថកិច្ចឃាត់បានអ្នកលេងម្នាក់ឈ្មោះ ធន់ ឈូម ភេទប្រុស អាយុ៦៣ឆ្នាំ ខណៈអ្នកលេងជាច្រើនទៀតបានរត់រួច ។ ប៉ុន្តែរឹបអូសបានវត្តុតាងមួយចំនួន។ ប្រភពដដែលបានបញ្ជាក់ថា បើតាមការពិនិត្យទីតាំងជល់មាន់ជាក់ស្ដែង និងប្រភពប្រជាពលរដ្ឋ គឺសង្វៀននេះត្រូវបានក្រុមអ្នកញៀននឹងល្បែងជល់មាន់់នេះ ណាត់ប្រមូលផ្ដុំគ្នាឆ្មក់ជល់ម្ដងម្កាល (ជល់ចល័ត) ដើម្បីចៀសវាងកុំឲ្យសមត្ថកិច្ចដឹង តែសមត្ថកិច្ចនៅតែដឹងឆ្មក់បង្ក្រាបបានដដែល។

ជាមួយនឹងកិច្ចប្រតិបត្តិការនេះ កម្លាំងអធិការស្រុកឯកភ្នំបានឃាត់ខ្លួនអ្នកលេងម្នាក់ រឹបអូសម៉ូតូ០៥គ្រឿង ចាប់បានជល់០២ក្បាល និងកំទេចសង្វៀនចោល។ កាលពីចុងសប្ដាហ៍មុន កម្លាំងអធិការស្រុកឯកភ្នំដដែលនេះ បានធ្វើការបង្ក្រាបសង្វៀនមាន់មួយលើកផងដែរ នៅកណ្ដាលវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ។ កាលណោះសមត្ថកិច្ចរឹបអូសបានតែវត្ថុតាង តែចាប់មិនបានអ្នកលេងណាម្នាក់ទេ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា សង្វៀនជល់មាន់ និងល្បែងខុសច្បាប់ផ្សេងៗ បាននិងកំពុងកើកឡើងព្រោងព្រាតនៅតាមបណ្ដាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង។ ជាពិសេស នៅស្រុកមោងប្ញស្សី មានសង្វៀនជល់មានច្រើនជាងគេ ដែលអ្នកលេងណាត់ជួបជុំគ្នានៅថ្ងៃសៅរ៏ និង ថ្ងៃអាទិត្យ។

ដោយឡែក នៅស្រុករុក្ខគិរីឯណោះវិញ បើតាមប្រភពសង្វៀនមាន់ក៏មានល្បែងយូគីក៏មាន ហើយមានច្រើនកន្លែងទៀត ដែលទីតាំងខ្លះ បើកលេងចំហរនៅតាមតារាងបាល់ទះតែម្ដង ។ ពាក់ព័ន្ធនឹងការបង្ក្រាបសង្វៀនមាន់ខាងលើនេះ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ចំពោះអ្នកលេងម្នាក់ដែលត្រូវឃាត់ខ្លួន គឺមិនបានដាក់ទោសតន់ទេ តែមន្ត្រីជំនាញធ្វើការអប់រំ និង ធ្វើកិច្ចសន្យា រីឯម៉ូតូរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយយកម៉ូតូទៅវិញ៕
ចែករំលែកព័តមាននេះ